ក្រសួងធនធានទឹកប្រាប់​កងទ័ពនៅតាមព្រំដែនប្រុងប្រយ័ត្ននឹងអាកាសធាតុត្រជាក់

ក្រសួងធនធានទឹកបានជូនដំណឹង​បន្ថែមទៅវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) ឲ្យ​បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ដោយថា អាកាសធាតុ នឹង​ចុះ​ត្រជាក់​​ខ្លាំងរហូតដល់កម្រិត១០-១២អង្សាសេ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈនេះ។

​ក្នុង​ជូនដំណឹង​បន្ថែមរបស់​ ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លំាង ចុះនៅថ្ងៃនេះ បានឲ្យដឹងថា អាកាសធាតុ ដែលនឹង​ចុះត្រជាក់​ខ្លាំង​រហូត​ដល់​កម្រិត១០-១២អង្សាសេ នាតំបន់ជួរភ្នំដងរែក និង​តំបន់ខ្ពង់រាប សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុណ្ហ​ភាពនឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់១៥-១៩,៥ អង្សាសេ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកុម្ភៈនេះ។ ករណីនេះ ក្រសួងអំពាវ​នាវដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះសុខភាព។

ក្នុងហ្វេសប៊ុក​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះកាលពី​ថ្ងៃទី២ ខែកុម្ភៈនេះ បានប្រាប់ប្រជាពលរដ្ឋនៅតាមតំបន់សមុទ្រ និងព្រៃភ្នំ ​ត្រូវ​ប្រុងប្រយ័ត្ន និង​ថែរក្សាសុខភាពឲ្យ​បានល្អ ដោយថាកម្ពុជានឹងរង​​ចំហាយត្រជាក់ខ្លាំងធ្លាក់មក ធ្វើឲ្យ​អាកាសធាតុមានការ​ប្រែប្រួលខុសពីធម្មតា នៅដើមខែកុម្ភៈនេះ​។

ចំណែក ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ចេញផ្សាយ កាលពីថ្ងៃ១ ខែកុម្ភៈនេះ បានឲ្យដឹងដែរថា កម្ពុជារងឥទ្ធិពលជ្រលងសម្ភាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន។ ករណីនេះក្រសួង​ថា ឥទ្ធិពលនៃបាតុភូតទាំងពីរនេះ នឹងបង្កឲ្យកម្រិតសីតុណ្ហភាពនៅកម្ពុជាចុះត្រជាក់ជាថ្មីម្តងទៀតចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៩ ខែកុម្ភៈ​នេះ។

ក្រសួងបានបញ្ជាក់បន្ថែមថា នៅចន្លោះពេលនោះ នៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅតំបន់ជួរភ្នំដងរែកសីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៣ ទៅ ១៤អង្សា និងនៅឧត្តរមានជ័យ ព្រះវិ​ហារ ប៉ៃលិន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៥ ទៅ ១៦អង្សា ខណៈនៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កោះកុង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៧ ទៅ ១៨អង្សា។

ចំណែក​នៅភ្នំពេញ កំពុងឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៩ ទៅ ២០ ​និង​ខេត្តកែប កំពត និងព្រះសីហនុ សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ២៣ ទៅ ២៤អង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ