លោក ហ៊ុន សែន៖ ខ្ញុំផ្ទាល់មិននឹកស្មានថា ទីក្រុងភ្នំពេញយើងរីកចម្រើនលឿនបែបនេះឡើយ

ទិដ្ឋភាពទីក្រុងភ្នំពេញ (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ការ​រីក​ចម្រើន​របស់​រាជ​ធានី​ភ្នំពេញ ដោយ​ថា លោក​មិន​នឹក​ស្មាន​ថា ទីក្រុង​មួយ​នេះ​រីក​ចម្រើន​លឿន​បែប​នេះ​នោះ​ទេ។

លោក ហ៊ុន សែន បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​បែប​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ ជាមួយ​រូបថត​៦​សន្លឹក បង្ហាញ​រូប​លោក​ផ្ទាល់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​នៅ​តាម​ដង​ផ្លូវ​ក្បែរ​វិមាន​ឯករាជ្យ និង​ទិដ្ឋភាព​រាជ​វាំង អគារ​វឌ្ឍនៈនៅ​ជាមួយ​អគារ​កាណាឌីយ៉ា និង​អគារ​វិមាន​សន្តិភាព។

លោក ហ៊ុន សែន ​រៀបរាប់​ថា​៖ «ភ្នំពេញ ពីមុនជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៍ និងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី។ ខ្ញុំផ្ទាល់មិននឹកស្មានថា ទីក្រុងភ្នំពេញយើងរីកចម្រើនលឿនបែបនេះឡើយ។ អ្វីដែលយើងសម្រេចបានមកទល់ថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងធ្វើដោយខ្លួនយើងផ្ទាល់ គ្មាននរណាមកធ្វើអោយយើងទេ បើយើងមិនប្រឹងដោយខ្លួនយើង»។

លោក ហ៊ុន សែន បានលើកឡើងទៀតថា  បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមករស់នៅភ្នំពេញបានកើនឡើងជាង ១​លាននាក់ ដោយសារតែកំណើនប្រជាពលរដ្ឋច្រើន ទើបធ្វើឲ្យមានការសាងសង់លំនៅដ្ឋាន និងពង្រីកផ្លូវ ស្ពានអាកាសបន្ថែមទៀត ដើម្បីជួយសម្រួលដល់ចរាចរណ៍គ្រប់ប្រភេទ ខណៈចំនួនរថយន្ត និងម៉ូតូវិញ ក៏បានកើនឡើងយ៉ាងខ្លាំងដែរនោះ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បាន​ទទួលស្គាល់ចំពោះការរីកចម្រើននៅទីក្រុងភ្នំពេញបច្ចុប្បន្ន ប៉ុន្តែ លោក​ថា គម្រោង​អភិវិឌ្ឍន៍មួយចំនួន បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយសារការបណ្ដេញពីលំនៅឋាន​ទាំងបង្ខំផងដែរ។

លោកថា៖ «យើងក៏ឃើញមានបញ្ហាខ្លះ ដែលឃើញមានប្រជាពលរដ្ឋបាត់បង់ដីធ្លីពីការអភិវឌ្ឍ។ អ្នកខ្លះត្រូវបណ្ដេញចេញពីលំឋានជាដើម មានបឹងកក់ បុរីកីឡា​។ នេះជារូបភាពនៃផលប៉ះពាលដែរ ហាក់មិនបានបង្ហាញការផ្ដល់ការ​សម្របសម្រួល ឬការដោះស្រាយសំណងមិនបានសមរម្យដល់គាត់ ឬសំណងមិនបានសមស្រប។ នេះការបញ្ហាពាក់ព័ន្ធនឹងការអភិវិឌ្ឍន៍នេះដែរ»។

ក្រៅ​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​រូប​នេះ ក៏​បាន​ចង្អុល​ទៅ​រក​បញ្ហា​នានា​នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ ដូច​បញ្ហា​កក​ស្ទះ​ចរាចរណ៍ និង​ការ​ជំនន់​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា ដែល​បណ្ដាល​មក​ពី​ការ​ចាក់​ដី​លុប​បឹង​នានា​នៅ​ក្នុង​ទីក្រុង​នេះ នៅ​ចំពោះ​មុខ​គម្រោង​អភិវឌ្ឍន៍​នានា។

លោកថា៖ «ជាមួយគ្នានោះ យើងឃើញមានបញ្ហាដែរ ទន្ទឹមនឹងការរីកចម្រើន យើងឃើញបឹងមួយចំនួននៅជាយក្រុងភ្នំពេញ ដែលជាការជួយរំដោះទឹកភ្លៀងទឹកជំនន់មួយចំនួនត្រូវបាលលុបអស់ នេះជាឧបសគ្គដែរ ពេលភ្លៀងមកម្ដងៗគឺជាបញ្ហាធ្វើឲ្យមាន ការកក់ស្ទះចរាចរណ៍ជាប្រជាពលរដ្ឋពិបាកធ្វើដំណើរ ឡានម៉ូតូត្រូវរលត់ ដោយសារ លិចទឹក»។

សំណង់​អគារ​ខ្ពស់ៗ បាន​លេច​រូបរាង​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ក្នុង​រយៈ​ពេល​ជិត ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស បាន​កើន​ឡើង​ខ្ពស់។

របាយការណ៍​ក្រសួង​ដែន​ដី បាន​បង្ហាញ​ថា ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជារយៈ​ពេល ១០​ខែ​ក្នុង​ឆ្នាំ​ ២០១៧ បាន​កើន​ឡើង​ជិត ៣០​ភាគរយ បើធៀប​ទៅ​នឹង​រយៈ​ពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១៦។

របាយការណ៍ដដែល​ឲ្យ​ដឹងទៀត​ថា ក្រុមហ៊ុន​ឯកជនមានចំនួន ១០៣៨​ បាន​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​សំណង់​នៅ​ក្រសួង​មួយ​នេះ​នៅ​ក្នុង​រយៈ​ពេល ១០​ខែ​កន្លង​មក​នេះ ក្នុង​នោះ​មាន​ក្រុមហ៊ុន​វិនិយោគ​ដោយ​ជន​បរទេសចំនួន​ ៣២៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ