បទ​យកការណ៍៖ ពលរដ្ឋជាង២០០គ្រួសារនៅភូមិមួយក្នុងក្រុងភ្នំពេញអត់ទឹកស្អាតប្រើប្រាស់

ទិដ្ឋភាពសហគមន៍ព្រែកតាគង់១

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៦គីឡូម៉ែតពីស្ពានអាកាសក្បាលថ្នល់ ព្រែក​តាគង់ ១ គឺ​ជា​សហគមន៍​​មួយ​ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ និង​សម្បូរ​ទៅ​ដោយ​ពលរដ្ឋ​រស់​នៅ និង​ប្រកប​របរ​ដាំ​បន្លែ​លើ​បឹង​ទំពុន ប៉ុន្តែ សហគមន៍​បែរ​ជា​ពុំ​ទាន់​មាន​បណ្ដាញ​ទឹក​ស្អាត​របស់​រដ្ឋ​សម្រាប់​ប្រើ​ប្រាស់​ទៅ​វិញ។

ទើបឡើងពីបេះបន្លែលើផ្ទៃបឹងទំពុន ហើយ​អង្គុយជុំគ្នាក្រោមសំយ៉ាប់​ផ្ទះជាមួយអ្នកភូមិផ្សេងទៀត អ្នកស្រី លាង សុផល ឲ្យដឹងថា គ្រួសារអ្នកស្រីបានមករស់នៅ និងប្រករបដាំបន្លែនៅសហគមន៍ព្រែកតាគង់​១​នេះ អស់​រយៈពេល ១៦ឆ្នាំ​មក​ហើយ។

ស្រ្តីវ័យ​៥០ឆ្នាំរូបនេះ បាន​រៀបរាប់​បន្តថា ចាប់តាំងពីអ្នកស្រីមករស់សហគមន៍ព្រែកតាគង់១រហូតមកបច្ចុប្បន្ន សហគមន៍នេះមិនធ្លាប់មាន​ប្រព័ន្ធទឹកស្អាតរបស់រដ្ឋសម្រាប់ប្រើប្រាស់នោះទេ ហើយថា អ្នកភូមិបានទិញទឹកពីសហគមន៍ជិតនោះ ឬ​ប្រើ​ប្រាស់​ទឹក​អណ្តូង។

អ្នកស្រីបន្ថែមថា៖ «ទឹកហ្នឹងជួនទៅ ទិញគេមួយកាដុង ៥០០​រៀល។ បើទិញទឹកអណ្តូងគេ អាហ្នឹង​វា​ស្អុយ ទុកសម្រាប់ងូត។ បើយើងចង់ប្រើ ទាល់តែបូមទុកពីរបីថ្ងៃសិន។ បើថា បូមភ្លាមយកមកប្រើប្រាស់ភ្លាម អត់កើតទេ»។

ជា​ស្ត្រី​មេម៉ាយ​ទទួល​ខុស​ត្រូវ​លើ​ជីវភាព​សម្រាប់​កូន​ក្នុង​បន្ទុក​ដល់​ទៅ ៨​នាក់ អ្នក​ភូមិ​រូប​នេះ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ទិញ​ទឹក​ពី​អ្នក​ចែក​ចាយ​បន្ត​ក្នុង​តម្លៃ ១​គូប ៤០០០​រៀល សម្រាប់​ទុក​បរិភោគ និង​ចម្អិន​អាហារ ខណៈ​ដែល​ទឹក​អណ្ដូង ទុក​សម្រាប់​ងូត និង​បោក​កក់​សម្លៀក​បំពាក់។

អ្នកស្រីបន្ថែមថា៖ «ការប្រើប្រាស់សន្សំសំចៃណាស់ គឺពិបាកណាស់ និយាយឲ្យចំ ការប្រើទឹកហ្នឹង គឺមិនដែលបានស្អាតដូចគេទេ តាំងពីសម្លៀកបំពាក់ឡើង ខ្ញុំប្រាប់ឲ្យអស់ ១ធុងប៉េត្រូ ងូតពីរនាក់។ បើក្មេងតូចៗ ១ធុងហ្នឹង ងូត ៣ ទៅ ៤នាក់ គឺស្រោច​ឲ្យតែបាន​សើមទេ»។

ជា​ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅក្នុងសហគមន៍ជាមួយគ្នា លោក សន សុភ័ក្រ្ត និយាយថា ការប្រើប្រាស់ទឹកទិញពីគេ និងទឹកអណ្តូង ក្នុងភូមិ គឺពលរដ្ឋទាំងគ្រួសារលោក និងអ្នកភូមិផ្សេងទៀត មិនបានដឹងថា ទឹកស្អាត ឬ​មានអនាម័យត្រឹមត្រូវឬអត់នោះទេ។

លោកបន្ថែមថា៖ «ការប្រើប្រាស់ដាំហូបចុក ការងូតទឹកហ្នឹងទៅ វាអត់មានអនាម័យ ហើយការហូបទឹកហ្នឹង មិនថា គាត់បានពិ សោធន៍ត្រឹមត្រូវឬអត់នោះ គឺថា ប្រជាពលរដ្ឋយើងអត់ដឹងទេ គឺប្រជាពលរដ្ឋយើងដឹងតែហូប ដឹងតែប្រើទៅហូប​ទៅ ទាំងប្រើអ្វីៗ ទាំងអស់។ ហើយផលលំបាកមួយ យក​មក​ឆ្ងាយៗទៀត។ បើអ្នកខ្លះទៀត គ្នាអត់មានលទ្ធភាពមានលុយទិញទឹកប្រើប្រាស់អ្នកភូមិអូស​ទុយយោទៅបូមឲ្យទៅ ដើម្បីបានប្រើប្រាស់ទាំងអស់គ្នា»។

កំពុងអង្គុយជុំគ្នាជាមួយអ្នកភូមិផ្សេងទៀតបុរសវ័យ៣៥ឆ្នាំរូបនេះ សង្កេត​ឃើញ​ថា ជារឿយៗ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ព្រៃតាគង់១ តែងតែកើតជំងឺរាគរូស ពិសេសកុមារ ប៉ុន្តែ លោកថា មិនដឹងបណ្តាលមកពីមូលហេតុអ្វីពិតប្រាកនោះទេ។

លោកបន្ថែមថា៖ «អ្នកភូមិហ្នឹង ភាគច្រើនក្មេងៗ និងមនុស្សចាស់ ទទួល​រាគ​រូស​ច្រើន រាគ​រូស​​សម្បូរ​ក្អួតច្រើន ហើយឧស្សាហ៍​ឈឺទៀត។ យើងមិនដឹងថា ផលលំបាក ឬបញ្ហាហ្នឹងបណ្តាលមកពីបញ្ហាអ្វីពិតប្រាកដទេណា? ប៉ុន្តែ កត្តាប្រើប្រាស់​ទឹក​ហ្នឹងជួប​បញ្ហាច្រើន»។

លោក សន សុភ័ក្រ្ត អះ​អាង​ថា ពលរដ្ឋ​ក្នុង​សហគមន៍​នេះ ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​ឲ្យ​ត​បណ្ដាញ​ទឹក​ស្អាត​របស់​រដ្ឋ​ចូល​ក្នុង​សហគមន៍​នេះ​ជាច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ លោក​ថា អាជ្ញាធរ​បាន​ត្រឹម​សន្យា​ជាមួយ​ពលរដ្ឋ​តែ​ប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ការអត់ទឹករដ្ឋប្រើប្រាស់នេះហើយ ពលរដ្ឋនាំគ្នាប្រើប្រាស់ទឹកអណ្តូង ឬ​ទឹកអ្វីផ្សេងនេះ។ ខ្ញុំគិតថា វាអត់មាន អនាម័យទេ ប៉ុន្តែ ពួកយើងមិនដឹងទាក់ទងទៅខាងណា រកវិធីបែបណាដើម្បីដោះស្រាយ​ទេ ព្រោះយើងធ្លាប់ជួបមេភូមិ ចៅ សង្កាត់ ខណ្ឌអី ពេលគាត់ចុះមកគាត់ថា នឹងជួយនាំទឹករដ្ឋមកជូនប្រជាពលរដ្ឋប្រើប្រាស់ដើម្បីអនាម័យទាំងអស់គ្នា ប៉ុន្តែការសន្យារបស់គាត់ប្រហែលជាពីរអាណ្តត្តិហើយ ការនាំទឹកមកឲ្យប្រជាពលរដ្ឋហ្នឹង អត់ឃើញមក គឺបាន​តែនិយាយ»។

អភិបាលរងខណ្ឌមានជ័យ លោក ឡុង ង៉ែត បាន​ប្រាប់​ថា អាជ្ញាធរខណ្ឌកំពុងសហការជាមួយរដ្ឋាករ​ទឹក ដើម្បី​ដោះស្រាយបញ្ហានេះហើយ ប៉ុន្តែ លោកមិនបានបញ្ជាក់ថា នឹងតភ្ជាប់ប្រពន្ធទឹកស្អាតទៅឲ្យប្រជាពលរដ្ឋនៅសហគមន៍ព្រែកតាគង់១នោះនៅពេលណាទេ។

លោកបន្ថែមថា៖ «ដោយសារតំបន់ហ្នឹង កាលមុន គេឆ្វៀលចេញបីតំបន់ផ្ទៃបឹង អញ្ចឹងរដ្ឋាករទឹក គាត់អត់ហ៊ានតទឹកចូលទៅក្នុង​ហ្នឹងទេ។ គាត់តឲ្យត្រឹមផ្លូវបេតុង ព្រោះកាលមុន ប្រជាពលរដ្ឋគាត់នាំគ្នាទៅរស់នៅក្នុងតំបន់បឹងហ្នឹង ដោយគាត់ចេះតែនាំគ្នាចាក់ដី​រុលទៅក្រោយៗថែមទៀតទៅ។ តែឥឡូវ យើងកំពុងតទឹកហ្នឹងឲ្យគាត់ហើយ ដោយកាលមុន ខ្ញុំបានចុះទៅពិនិត្យជាមួយលោក​អភិបាលខណ្ឌ ហើយលោកបានឲ្យខ្ញុំទាក់យ៉ាងប្រញ៉ាប់ទៅរដ្ឋាករ​ទឹក ហើយរដ្ឋាករ​ទឹក គាត់ឆ្លើយហើយៗ ក៏បានហៅ​មកប្រជុំ សម្រេចនៅសាលាខណ្ឌរួចហើយដែរ គឺឯកភាពដាក់ Standby(ប្រចាំការ) ដើម្បីផ្គត់ផ្គងឲ្យប្រជាពលរដ្ឋប្រើប្រាស់»។

អភិបាលរងខណ្ឌរូបនេះ ឲ្យដឹងថា ប្រជាពលរដ្ឋជាង ១០០គ្រួសារ​ទៀត​ប៉ុណ្ណោះដែលមិនទាន់តភ្ជាប់ប្រព័ន្ធទឹកស្អាតឲ្យប្រើប្រាស់ ប៉ុន្តែ ពលរដ្ឋរស់នៅទីនោះអះអាងថា ពួកគាត់ ២២៣គ្រួសារទៀត នៅ​មិនទាន់​មាន​ទឹកស្អាតប្រើប្រាស់​នៅ​ឡើយ​ទេ។

ពលរដ្ឋបានអំពាវនាវទៅភាគីពាក់ព័ន្ធជួយដោះស្រាយ និងពន្លឿនជួយផ្តល់ទឹកស្អាតឲ្យពួកគាត់បានប្រើប្រាស់ដូចសហគមន៍ ផ្សេងទៀតនៅក្បែរនោះដែរ។ អ្នកស្រី លាង សុផល និយាយថា ការខ្វះខាតទឹកស្អាតប្រើប្រាស់នេះ បានធ្វើឲ្យអ្នកភូមិជួបបញ្ហា សុខភាព និងចំណាយថវិកាច្រើនជាដើម។

អ្នកស្រីបន្ថែមថា៖ «សំណូមពរថា សុំឲ្យតែបានទឹកស្អាតប្រើ សុំទៅខាងណាក៏ដោយ ឲ្យតែមាន ជួយទឹកឲ្យបានប្រើប្រាស់ ព្រោះថា សព្វថ្ងៃអុសព្រៃចេះរកដុតបាន តែទឹកថា វាអត់ហ្មង។ បើខ្ញុំប៉ុន្មានថ្ងៃមុខ អស់​ទឹកប្រើប្រាស់ កូនទៅសុំគេពីសាលាមកប្រើ»។

របាយការណ៍របស់​អង្គការ​សុខភាព​ពិភព​លោក បានរកឃើញថា ប្រជាជន​ ៧១​ភាគរយ ឬ​ស្មើ​នឹង ៥ ​ពាន់ ២០០​លាន​នាក់ នៅ​ក្នុង​ចំណោម​ប្រជាជន​សរុប​​នៅ​ទូទាំង​ពិភព​លោក ទទួល​បាន​សេវាកម្ម​ទឹក​ស្អាត ខណៈ​ដែល​ប្រជាជន​ដល់​ទៅ ២​ពាន់ ១០០​លាន​នាក់​ទៀត មិន​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ហើយ​មនុស្ស ២​ពាន់​លាន​នាក់​ទៀត ប្រើ​ប្រាស់​ទឹក​មាន​ជាតិ​ពុល។

របាយការណ៍ដដែលបន្តថា ការប្រើប្រាស់​ទឹក​មិនស្អាតដែលត្រូវបានគេប៉ាន់ស្មាន​ថា អាច​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​ជាង ៥០​ម៉ឺននាក់​ជារៀងរាល់ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ