សមត្ថកិច្ចតាមព្រំដែនកម្ពុជាថៃ រងការចោទថា បានទារលុយក្រៅផ្លូវការពីពលករខ្មែរដែលទៅ ធ្វើការនៅ ប្រទេសថៃក្នុងម្នាក់ៗប្រមាណពីជាង៣ទៅ៥ម៉ឺនរៀល ខណៈពលករទាំងនោះសម្រុកមកស្រុកខ្មែរវិញ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ខែមេសា ពលករខ្មែរ ដែល ទៅធ្វើការនៅប្រទេសថៃបានសម្រុកឆ្លងដែនមកស្រុកកំណើតវិញ ដែលមានប្រមាណពី៥០០ ទៅ ៧០០ នាក់ក្នុង១ថ្ងៃ។
ពលករមួយចំនួនបានប្រាប់VODតាមរយៈបណ្តាញសង្គមប្រហាក់ប្រហែលគ្នាថា ពួកគេត្រូវបង់លុយឲ្យសមត្ថកិច្ចនៅច្រកព្រំដែនម្នាក់ប្រមាណ៣០០ ទៅ ៥០០បាត ដែលស្នើនឹងជាង ៣០ ០០០រៀលទៅជាង៥០ ០០០រៀល ជាថ្នូរបានឆ្លងដែនចូលទឹកដីកម្ពុជាវិញ ដោយថាបើមិនបង់ត្រូវសមត្ថកិច្ចបង្កការលំបាកក្នុងការបំពេញឯកសារ ដោយថាខុសនេះ ខុសនោះ ពន្យាពេលដល់ម៉ោង៦ល្ងាចជាដើម។
ទោះជាយ៉ាងណាVODមិនអាចសុំការបំភ្លឺភ្លាមៗពីមន្ត្រីចក្រព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង បានទេនៅថ្ងៃនេះ។
ប៉ុន្តែគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានដកស្រង់សំដីលោក ហម សំខាន់ ប្រធានគណៈកម្មការច្រកទ្វារព្រំដែនអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង បំភ្លឺឱ្យដឹងថា ពាក់ព័ន្ធបញ្ហានេះ នគរបាលខ្មែរមិនបានទារលុយទេ។ តែលោកថា ខាងថៃបានទារលុយមួយចំនួនពាក់ព័ន្ធនឹងឯកសារខ្លះ។
កាលពីពេលថ្មីៗនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក សុខ ផល បានណែនាំដល់នគរបាលអន្តោប្រវេសន៍មិនឲ្យទារលុយពីពលករទេ ហើយត្រូវយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយបញ្ហារបស់ពលករឲ្យបានឆាប់រហ័ស។
អ្នកប្រឹក្សាឯករាជ្យ ផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្តិ យល់ថា បើសមត្ថកិច្ចប្រើអំណាចរបស់ខ្លួន ដើម្បីទារលុយពីពលករចំណាកស្រុកមែន នោះជាអំពើពុករលួយ។ លោកផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលគួរតែចាត់វិធានការលើមន្ត្រីទំាងនោះ ដើម្បីកុំឲ្យប៉ះពាល់ដល់បក្សកាន់អំណាច។
លោកផ្តល់ជាយោបល់ថា «ថ្ងៃនេះរហូតមកទល់ម៉ោងនេះ គឺមន្ត្រីរដ្ឋាភិបាលគួរតែរៀនសូត្រធ្វើការឲ្យបាន ប្រសើរបន្តិចទៅ ព្រោះយើងឃើញថាប្រមុខរដ្ឋាភិបាលក៏ដូចជាស្រែកជេ ស្រែកថាទៅដល់អ្នករាជការច្រើនដែរ ពីរឿងផ្លូវថ្នល់ លូស្ទះជាដើម ហើយបើកាលណាម៉ោងនេះហើយ អ្នករាជការនៅក្រោមការឃុំគ្រងរបស់រដ្ឋាភិបាល នៅតែធ្វើអញ្ចឹង គឺវាប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលជាទូទៅ ហើយវាអាចប៉ះពាល់ទៅដល់បក្សកាន់អំណាចដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នដែរ ហើយចំណុចនេះរដ្ឋាភិបាលគួរតែមានចំណាត់ការដាក់ទណ្ឌកម្មទៅលើអ្នកប្រព្រឹត្តជំរិតយកលុយពីប្រជាពលរដ្ឋ បើសិនជាមានករណីអញ្ចឹង»។
កាលពីឆ្នាំ២០១៦ ក្រសួងការបរទេសបានឲ្យដឹងថា ក្រសួងបានជួយសម្រួលទិដ្ឋាការជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការស្របច្បាប់នៅប្រទេសថៃ បានចំនួនជិត១០ម៉ឺននាក់ (៩៧ ១០២នាក់) បើធៀបនឹងឆ្នាំ២០១៥ មានចំនួនជិត៧ម៉ឺននាក់។ ចំណែករបាយការណ៍ក្រសួងការងារថៃបានបង្ហាញថា បច្ចុប្បន្នពលរដ្ឋខ្មែរជាង១លាននាក់ កំពុងធ្វើការស៊ីឈ្នួលនៅក្នុងប្រទេសថៃ៕