USAID បន្ថែមថវិកាជិត២លានដុល្លារដល់ គ.ជ.ប

លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសផ្តល់ថវិកាជិត២លានដុល្លារ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សំរាប់រៀបចំការបោះឆ្នោត ឆ្នាំ២០១៧ និង​២០១៨ នៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបន្ទាន់នៅថ្ងៃទី៦ មេសា ២០១៧ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ឲ្យដឹងថា គំរោងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជារយៈពេល២ឆ្នាំនេះ មានទឹកប្រាក់ចំនួន ១,៨លានដុល្លាអាមេរិក ត្រូវបានផ្តល់តាមរយៈ មូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត(IFES) នឹងជួយគ.ជ.ប. នៅក្នុងការធ្វើយុទ្ធនាការអប់រំអ្នកបោះឆ្នោត ពង្រឹងដំណើរការដោះស្រាយ​វិវាទ​នៅក្នុងការបោះឆ្នោត និងលើកកំពស់សមត្ថភាព​របស់ គ.ជ.ប. ក្នុងការរក និងកាត់បន្ថយចំណុច ខ្សោយ​ក្នុងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt មានប្រសាសន៍ថា «ការចូលរួមក្នុងការបោះឆ្នោត គឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដ៏ល្អមួយ។ យើងរីករាយ​នឹងធ្វើការជាមួយ គ.ជ.ប. អង្គការសង្គមស៊ីវិល គណបក្សនយោបាយនានា ដើម្បីបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យនៅ​ប្រទេសកម្ពុជា»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

បើតាម សេចក្តីប្រកាសព័ត៌មាន ថវិកាថ្មីនេះ​នឹង​ជួយធ្វើអោយប្រាកដថាគ.ជ.ប.   ធ្វើតាមការបេ្តជ្ញារបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតមួយឲ្យមាន​ប្រសិទ្ធិភាព និងធ្វើកំណែរទម្រង់ប្រព័ន្ធបោះឆ្នោតប្រកប​ដោយ​អត្ថន័យ តាមរយៈការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨។

កន្លងមក USAID បានផ្តល់ជំនួយដល់ គ.ជ.ប. ដែលរួមមាន​ការវាយតំលៃសមត្ថភាពផ្ទៃក្នុង ការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការបោះឆ្នោត និងជំនួយដើម្បីធ្វើ​សេចក្តីប្រកាសរបស់ផ្នែកសេវាសាធារណៈ​ស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ