អាជ្ញាធរខណ្ឌដង្កោដោះលែងសកម្មជនដែលត្រូវឃាត់ខ្លួន

ប្រជា​ពលរដ្ឋ​មានជម្លោះដីធ្លីចេញយុទ្ធនាការ​អាវខ្មៅ នៅព្រឹក​ថ្ងៃ​ចន្ទនេះ

អាជ្ញាធរខណ្ឌដង្កោបានដោះលែងសកម្មជនដីធ្លីចំនួន៧នាក់វិញហើយនៅម៉ោងប្រហែលជា៦ល្ងាចនេះ បន្ទាប់ពីសកម្មជនទាំងនោះបានផ្តិតមេដៃយល់ព្រមតាមលក្ខខណ្ឌមួយចំនួនរបស់អាជ្ញាធរ។

សកម្មជនដីធ្លី៧នាក់មកពីសហគមន៍មានជម្លោះដីធ្លីថ្មគោល បុរីកីឡា និងបឹងកក់ ត្រូវបានអាជ្ញាធរខណ្ឌដង្កោឃាត់ខ្លួន នៅព្រឹកថ្ងៃចន្ទ ខណៈពួកគេធ្វើយុទ្ធនាការពាក់អាវខ្មៅ សប្ដាហ៍ទី៥ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប.មួយរួប ដែលកំពុងជាប់ឃុំ។

សកម្មជនដីធ្លីអេស.អូ.អេស ថ្មគោល អ្នកស្រី ច្រាយ នីម មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានវីអូឌី បន្ទាប់ពីអាជ្ញាធរដោះលែងថា អាជ្ញាធរខណ្ឌដង្កោបានឲ្យពួកអ្នកស្រីចុះកិច្ចសន្យាពេលធ្វើសកម្មភាពអ្វីមួយត្រូវសុំការអនុញ្ញាតពីអាជ្ញាធរ ត្រូវសហការជាមួយអាជ្ញាធរជានិច្ច និងឈប់ធ្វើសកម្មភាពផ្សេងៗដែលខុសនឹងច្បាប់ទៀត។

អ្នកស្រី ច្រាយ នីម ឲ្យដឹងទៀតថា អាជ្ញាធរបានសួរពួកគាត់ថាសកម្មភាពពាក់អាវខ្មៅនេះធ្វើឡើងតាមការអំពាវនាវរបស់ប្រធានសមាគមធាងត្នោត លោក អ៊ី សារុំ ឬយ៉ាងណា តែអ្នកស្រីថាពួកអ្នកស្រីធ្វើឡើងដោយខ្លួនឯង និងមិនមានការឧបត្ថម្ភពីអង្គការណាមួយដែរ។ អ្នកស្រីបន្តទៀតថា ពួកអ្នកស្រីនៅតែបន្តធ្វើសកម្មភាពពាក់អាវខ្មៅនៅថ្ងៃចន្ទ ដដែល ដោយថាទង្វើនេះមិនខុសច្បាប់អ្វីនោះទេ និងថាគ្រាន់តែជាការតស៊ូមតិដើម្បីដើម្បីឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សតែប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖ (ពួកយើង)ធ្វើដោយកាតព្វកិច្ចជួយមន្ត្រីសង្គមស៊ីវិលដែលធ្លាប់ជួយអ្នកមានជម្លោះដីធ្លីកន្លងមក…វាអយុត្តិធម៌ ពួកគាត់គ្មានទោសកំហុស…សង្គមយើងដូចអាពត(សម័យ ប៉ុល ពត)អ៊ីចឹងសិទ្ធិរបស់យើងគេបិទអស់រលីងហើយ

Contract_n

អ្នកស្រី ច្រាយ នីម បន្តថា ពួកអ្នកស្រីនឹងបន្តធ្វើសកម្មភាពពាក់អាវខ្មៅនៅថ្ងៃចន្ទ រហូតមានការដោះលែងកម្មជនសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប មួយរូបនោះ បើទោះបីជាអាចប្រឈមនឹងការចាប់ខ្លួនក៏ដោយ។

មន្ត្រីការពារសិទ្ធិមនុស្សទាំង ៤រូបនោះ មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី និងមន្ត្រី គ.ជ.ប. លោក នី ចរិយា ត្រូវបានតុលាការរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោមការចោទប្រកាន់ថាបានសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី នៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាសរបស់កញ្ញា ខុម ចាន់តារ៉ាទី ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា៕ ដោយ លោក ណាត សុភាព និងលោក ទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ