វីតាមីនសេ ប្រឈម​ជំងឺ​មហារីក

​​នាយ វីតាមីនសេ (វង្ស សុម៉ាលីន)

ក្រោយពីចេញលទ្ធផល​ពីក្រុមគ្រូពេទ្យ​​នៅមន្ទីរពេទ្យរុស្ស៊ីថា ​លោក​​នាយ វីតាមីនសេ ​មានជំងឺ​​​​ដុំសាច់​នៅក្នុងថ្លើម​​​បានធ្វើអោយ​ អ្នកនាង ​ប៉េង​ប៉ោង ​មានការតក់​ស្លុតយ៉ាងខ្លាំង​ ដោយសារតែ​​លទ្ធផលរបស់ដុំ​សាច់នោះ ត្រូវបាន​គ្រូពេទ្យ​​​​​​បង្ហើបថា​នោះជា​ដុំសាច់​​ដែល​អាចជាដុំ​​សាច់​​មហារីក ហើយក៏មិនទាន់ដឹងថា​នោះជាដុំ​សាច់ស្លូត ឬកាច។ ​នៅលើហ្វេសប៊ុក​ អ្នកនាង ប៉េង​ប៉ោង អ្នកនាងបានទាំងបង្ហោះថា​​ ទទួលយកមិនបាន​ក្រោយពី​​​​​ឆ្លុះអេកូ​ឃើញ​​មានដុំសាច់នោះ​ផង​។

​អ្នកនាង ​ប៉េង​ប៉ោង និយាយថា​អ្នកនាងមាន​ការ​ស្លុតចិត្ត​យ៉ាង​ខ្លាំង ដោយសារតែលោក​ឪពុករបស់អ្នកនាងបានពិនិត្យ​ជាមួយ​នឹង​ក្រុមគ្រូពេទ្យជំនាញស្រាប់តែមាន​​ឃើញ​ដុំ​សាច់​នៅ​​​​​​​​មួយ​ផ្នែកនៅ​​​​ចំថ្លើម ដោយ​​​​ដុំ​សាច់នោះ​​កំពុង​បង្ក​អោយអ្នកនាងនិង​លោក ​​​​វីតាមីនសេ​ ​ដោយផ្ទាល់​​ស្ថិតក្នុង​ភាព​​រន្ធត់ចិត្ត។

អ្នកនាង​​ថា​​ដុំសាច់នោះមិនដឹងថា​​​បានកើតមាន​​ក្នុងខ្លួន​របស់លោក​​​​​ឪពុកនាង​តាំងពី​ពេលណានោះទេ ប៉ុន្តែទើប​នឹងត្រូវបាន​ស្កេនឃើញក្រោយពេលសភាពជំងឺទឹក​នោម​ផ្អែមនិង​​លើសឈាមរបស់លោកស្រាប់តែមាន​អាការៈធ្វើទុក្ខ​​​​។

អ្នកនាង​​ថា លោក ​​វីតាមីនសេ ​មាន​​សភាព​​ចុក​​​ត្រង់ថ្លើមនិង​​​​ហត់ៗច្រើន​ថ្ងៃមកហើយ ទើប​​​សម្រេចដឹកចូល​មន្ទីរពេទ្យ​ដោយនឹកស្មានថា​នោះគ្រាន់តែ​​​​​​​ជាជំងឺ​​ចាស់របស់លោកដែលធ្លាប់​ធ្វើទុក្ខ​ដូចគ្រា​មុនៗ។ អ្នកនាង​ថាមាន​ការស្លុត​ចិត្តយ៉ាង​​ខ្លាំង នៅពេល​ដែលក្រុម​គ្រូពេទ្យ​ទាមទារអោយលោក​ចូល​ស្កេន​ហើយស្រាប់តែឃើញដុំសាច់​
ចម្លែកមួយនៅ​​ចំ​​​​​មួយផ្នែក​ក្នុងថ្លើម ដោយ​ដុំសាច់នោះគឺមានទំហ៊ំរហូតដល់​​​ប៉ិន​ពែង​កាហ្វេ​ឯណោះ ដែល​​​សូម្បីតែ​ក្រុមគ្រូពេទ្យ​ក៏​​ស្ថិតក្នុងការ​បារម្ភ។

យ៉ាងណាមិញ អ្នកនាងរំពឹងថានោះជាដុំសាច់ស្លូត និងមិនមែនជា​ដុំសាច់មហារីកនោះទេ ដោយសារតែក្រោយការពិនិត្យគឺនៅជុំវិញ​​​ដុំសាច់ដែលបាន​​​​​​ដុះឡើងធំ​នៅ​ចំ​សាច់ថ្លើមនោះ គឺ​​​​​មិនមាន​ការរីករាលដាល ​ដូចគ្នានឹង​ដុំសាច់មហារីកដែល​​គ្រូពេទ្យ​ធ្លាប់បាន​ពិនិត្យឃើញ។ អ្នកនាងថា​​​ក្រៅពីឃើញដុំ​សាច់ចម្លែកនោះ គឺ​​បរិវេណផ្សេង​​ទៀតរបស់ដុំថ្លើម​អត់មានបញ្ហា​​​​ណាមួយនោះទេគឺ​ល្អទាំងអស់ ដោយ​​​ខាង​​គ្រូពេទ្យ​ក៏បានសរសើរថាក្រៅពីមានជំងឺ​​​​ទឹក​នោមផ្អែម លើសឈាម និង​​​​លើសជាតិខ្លាញ់​​ក្នុង​​​​ខ្លួន ​​លោក​​នាយ វីតាមីនសេ អត់មាន​​​​បញ្ហា​អ្វី​ទៀត​​ទេ​។ ​​

យ៉ាងណាមិញ អ្នកនាង​ថា​​​ទទួលយកអត់បាន​នោះទេ ក្នុងពេលដែល​អ្នកនាងថា ​​​​​លោក​មានវ័យដល់ទៅ​​​​៧០ឆ្នាំ​​ទៅ​ហើយ ស្រាប់​តែមក​មានជំងឺ​​​ដែលអ្នកនាង​​បញ្ជាក់ថា​​​​​មិន​អាចទទួល​យកបាន។ អ្នកនាងថា​​លោក​វីតាមីនសេ ​នឿយណាស់ ពិបាក​ណាស់ទម្រាំតែលោកអាចកំប្លែង​ ហើយបានក្លាយជាតារាដែលមានការទទួលស្គាល់ម្នាក់
និងមានលទ្ធភាពអាច​ចិញ្ចឹម​កូនចៅ​បានធំ​ធាត់មកទល់ពេលនេះ ​ដោយ​អ្នកនាងថា​លោកមានការលំបាក​​តាំងពីក្មេង​ច្រើនមកហើយ​គឺ​គួរតែ​មានត្រឹមជាជំងឺចាស់ និងមិនគួរមានជំងឺ​​​ដុំសាច់ក្នុងថ្លើម ដែលជា​​​​មុខសញ្ញារបស់​ជំងឺមហារីក។

អ្វីដែលអ្នកនាង​រន្ធត់ចិត្ត​ទៀតនោះ គឺ​លោកមានវ័យចាស់ទៅហើយ និងមានទាំងជំងឺ​ទឹកនោមផ្អែម​ផង ដែលមិន​អាចអោយលោក​​​ទទួល​នូវការវះកាត់​​ដើម្បី​​យក​ដុំសាច់នោះទៅពិនិត្យ​អោយ​​​ដឹងច្បាស់បាន។

អ្នកនាងនិយាយថា «​ប៉ា(វីតាមីនសេ) គាត់​​​ចាស់ចឹង​អត់ដឹងថា​​វះ​​យកដុំសាច់ហ្នឹងទៅពិនិត្យមើល​កើត​អត់ទេពេទ្យថា​​​គាត់មានជំងឺទឹកនោម​ផ្អែក​​​​​​​អត់អាចវះ​​កាត់ ឬត្រូវមុខ​កំបិត​​កើតទេ ទើប​បងអត់មានព្រលឹងទេ ក្រោយពេលឃើញដុំសាច់ហ្នឹង!»។

​អ្នកនាង​​បានបង្ហាញនូវ​​ភាពទន់ជ្រាយ ​​​​បន្ទាប់ពី​​​​បានដឹងថា​​លោក​​ឪពុក​មានជំងឺ​ដ៏​​រន្ធត់មួយនេះ ដែលអ្នកនាងបានហៅ​​ជំងឺនេះថា​បានបំផ្លាញ​​ក្ដី​​សង្ឃឹមរបស់​​​ឪពុកអ្នកនាងនិងរបស់​​គ្រួសារអ្នកនាង​ផ្ទាល់។ ​អ្នកនាងថាអត់មាន​​​អារម្មណ៍​​​ច្រៀងរាំនិង​​​​​​សើចញញឹម​សូម្បីតែ​ក្នុងអំឡុងពេលសម្ដែងដូច​​​មុនទៀតទេ ​បន្ទាប់ពីបានដឹង​ថា​​​លោកឪពុក​ស្រាប់តែមានជំងឹ​បែបនេះ​កើតឡើង​​ បើទោះជាមិនទាន់ដឹងថានោះជា​​​ដុំសាច់មហារីក​យ៉ាងណាក្ដី។

អ្នកនាងថា​​​​ជំងឺរបស់​លោកឪពុកត្រូវបាន​​គ្រូពេទ្យស្ម័គ្រចិត្តរបស់​ធីតា​​​​​​​​ជ្រោមជ្រែងក្នុងការព្យាបាល​​​​នៅក្នុងមន្ទីរពេទ្យរុស្ស៊ី​ទាំង​មូល ប៉ុន្តែ​អ្នកនាងនៅតែ​មានការ​បារម្ភពីការព្យាបាល​និងស្ថានភាពសុខភាពរបស់​​ឪពុក​ដោយសារតែ​​លោកវីតាមីនសេ មានវ័យចាស់ទៅហើយ ហើយក៏ទ្រុឌទ្រមសុខភាព​ណាស់ដែរ នាពេលចុង​ក្រោយ ដែល​មិនអាច​​​​​​​​លេប​ថ្នាំ​រំលាយដុំសាច់ ឬ​​វះកាត់យក​ដុំសាច់​នោះបាន​ដោយស្រួល។

​​អ្នកនាង ប៉េង​ប៉ោង បាន​បដិសេធថា នាយវីតាមីនសេ ​ខានប៉ះ​ស្រា​និងកាហ្វេ​ប្រមាណ​​​​១០ឆ្នាំមកហើយ គឺតាំង​ពី​​​លោក​​​​​ត្រូវបាន​​​​​សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រក្នុងឆ្នាំ​២០០៧ម្ល៉េះ ​ដោយអ្នកនាងប្រកែកថា​​​​​លោក​​នាយវីតាមីនសេស​​មានជំងឺមហារីកដោយសារតែ​​​​​​​​​​ការទទួលទានអាហារ​គីមី ឬ​ដោយសារសុរា គឺ​អ្នកនាង​​ប្រកាស​ថាមិនអាច​នោះទេ។

​អ្នកនាងថា ​​​«​ប៉ាខានហូបស្រា​១០ឆ្នាំហើយ ចឹង​ខ្ញុំថា​​​​ដុំសាច់ក្នុងថ្លើម​​​នឹង​​​មិនគួរកើត​ឡើងទេ ​​​ប៉ុន្តែគាត់មាន​ជំងឹ​ថ្លើម​ពីមុនមក​ដែរ ​ទើប​​​បង​ខ្លួនឯងក៏អត់ដឹងថា​តើប៉ា​មាន​​ដុំសាច់ហ្នឹងដោយសារ​​គាត់ធ្លាប់មានជំងឹ​ថ្លើមពីមុន ឬដោយសារតែ​មេរោគ​​​អី​!»។

យ៉ាងណាក៏ដោយអ្នកនាង​នៅតែបន់ស្រន់​កុំអោយ​​លោក​​វីតាមីនសេមានជំងឺ​​មហារីក​ហើយ​សាច់​​ប្រភេទកាច​​ដោយ​សារតែ​ជំងឺ​មួយនោះ​​​​គឺអ្នកនាង​ប្រកាសថា​រឹតតែ​មិនអាចទទួលយកបាន​​​ដោយ សារតែ​​​​អ្នកនាង​គឺ​​​​​​​ចង់អោយឪពុករបស់អ្នកនាង​​​​រស់នៅ​សុខ​សប្បាយ​បាន​​យូរឆ្នាំ​បន្តទៀត ដើម្បី​បាន​​មើល​កូនចៅ។ អ្នកនាងថា​​​​​​​​លោកវីតាមីនសេ គឺ​​ឪពុកដែល​​​សុខចិត្ត​លំបាកខ្លួន​ ហើយ​​​​ប្រឹង​មើលថែកូន​​ៗ​ ជាពិសេស​សូម្បីតែ​ពេល​អ្នកនាង​​​​​មានប្ដីមានកូនទៅ​ហើយ ក៏​លោក​នៅតែសម្ដែងការ​បារម្ភ និង​​ខលសួរអ្នកនាង​​គ្រប់ពេលគ្រប់វេលា​​​​​​​​​​គឺស្រឡាញ់
និងយកចិត្តទុក​ជាមួយកូនៗគ្រប់គ្នា​មិនខុសពី​​កូនៗ​នៅក្មេងនោះឡើយ។

អ្នកនាងថា​ដុំសាច់របស់​នាយវីតាមីនសេ​ ស្ថិតក្នុងការ​​​ភ័យ​បារម្ភថា​​ជាដុំ​​សាច់មហារីក​កាច ប៉ុន្តែ​​អ្នកនាងនិង​​អ្នកជំនាញនៅតែ​​​មានការ​រំពឹង​ខ្ពស់ថានោះគ្រាន់តែជាដុំសាច់​ធម្មតា​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ