ពិធីរំលឹកដល់ជ័យជម្នះថ្ងៃ ៧ មករា នេះ ត្រូវបានគណបក្សកាន់អំណាចប្រារព្ធធ្វើឡើងនៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងខណ្ឌចម្ការមន។
វីដេអូផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក បានបង្ហាញថា ប្រធានសភាជាតិលោក ហេង សំរិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានវត្តមាននៅក្នុងពិធីនោះ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបរាប់ថា ថ្ងៃ ៧ មករា បាននាំមកនូវជីវិតទី ២ និងក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងតែរស់នៅនិរទេសខ្លួនឯងនៅឯបរទេសនោះ បានចាត់ទុកថ្ងៃ ៧ មករា ជាឆាកល្ខោនដែលរៀបចំដោយប្រទេសវៀតណាម ដែលលោក សម រង្ស៊ី លើកឡើងថា របបខ្មែរក្រហមមានប្រភពកំណើតពីបក្សកុម្មុយនីស្តវៀតណាម។
ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ថ្ងៃ ៧ មករា បាននាំមកនូវជីវិតទី ២ នោះ លោក សម រង្ស៊ី បានបញ្ជាក់ថា បើគ្មានថ្ងៃ ១៧ មេសា ១៩៧៥ ទេ លោកថា ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ដែរ៕