ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ពន្យល់ពីវត្តមានកងទ័ពវៀតណាមដែលលោកថាបានបោះទីតាំងនៅវត្តត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាមនិងការបោះបង្គោលបេតុងមួយនៅក្នុងវត្តស្រែស្ពៃ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោក សួន សេរីរដ្ឋា កាលពីថ្ងៃពុធបានដឹកនាំក្រុមការងារគណបក្សអំណាចខ្មែរ ចុះទៅជួបប្រជាពលរដ្ឋនិងពិនិត្យមើលស្ថានភាពនៅទីនោះ ក្រោយពីបានទទួលដំណឹងពីប្រជាពលរដ្ឋលើការបោះបង្គោលនេះ។ ក្នុងលិខិតមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លោក សួន សេរីរដ្ឋា បានឲ្យដឹងថាលោកបានរកឃើញថានៅក្នុងបរិវេណវត្តស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ និងវត្តត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទាហានវៀតណាមចូលមកបោះទីតាំងរស់នៅក្នុងវត្តហើយលួចដាំបង្គោលបេតុងនៅក្នុងវត្ត ដោយលោកថាមិនដឹងថាជាបង្គោលអ្វីពិតប្រាកដដែលបង្កប្រជាពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង។
លោកបានស្នើរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបំភ្លឺករណីនេះ។ លិខិតបញ្ជាក់ថា៖ “ខ្ញុំសូមសម្តេច ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាបំភ្លឺករណីនេះឲ្យបានច្បាស់លាស់ជូនពលរដ្ឋខ្មែរថាតើមូលហេតុអ្វីបានជាមានវត្តមានកងទ័ពទាហានយួនទាំងនោះ ចូលមកបោះជំរុំរស់នៅក្នុងវត្ត ហើយបោះបង្គោលបេតុងក្នុងដីវត្ត ប្រទេសខ្មែរដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញនិងការពារដោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ខែតុលា ១៩៩១ បែបនេះ”?
លោក សួន សេរីដ្ឋា បញ្ជាក់ថាលោកបានដាក់លិខិតនោះទៅក្រសួងមហាផ្ទៃរួចហើយ។ វីអូឌីមិនទាន់អាចទាក់ទងមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសុំការឆ្លើយតបភ្លាមៗបាននៅឡើយទេ។
លោក ឈៀក ឋាន អាយុ៤២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្រែស្ពៃ ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថាលោកធ្លាប់បានឃើញទាហានវៀតណាមចូលមកក្នុងវត្តស្រែស្ពៃ ហើយឃើញមានការបោះបង្គោលបេតុង។ លោកបញ្ជាក់ថា៖ “គេថាមករកអដ្ឋិធាតុជនជាតិវៀតណាមអីទេ ពលរដ្ឋរិះគន់ដែរ តែអាជ្ញាធរថាគេសុំថ្នាក់រដ្ឋាភិបាលហើយហើយ។ ពលរដ្ឋមិនដឹងថាជាបង្គោលអ្វីទេ គេនាំគ្នានិយាយលេងថាបង្គោលដីថាដីយើងត្រឹមហ្នឹងទេដឹង”។
ពលរដ្ឋម្នាក់រស់នៅភូមិស្រែស្ពៃ លោក ជុន វ៉ែង ប្រាប់វីអូឌីថាពិតជាមានការបោះបង្គោលថ្មមួយនៅក្នុងវត្តកាលពីឆ្នាំមុន តែលោកថាពលរដ្ឋមិនដឹងថានោះជាបង្គោលអ្វីនោះទេ។ លោកមានប្រសាសន៍ថា៖ “បង្គោលបោះពេលយប់កាលពីឆ្នាំទៅ ហើយពលរដ្ឋទើបឃើញ គ្រាន់តែឆ្ងល់ថាបង្គោលអី តែគេថាមិនមែនបង្គោលព្រំដែនទេ”។
លោក សួន សេរីរដ្ឋា ប្រាប់វីអូឌីកាលពីថ្ងៃពុធថាប្រជាពលរដ្ឋអះអាងថាដីវត្តទាំងពីរនោះជាដីរបស់ខ្មែរ។ លោកមានប្រសាសន៍ថា៖ “មិនមែនជារបៀបបង្គោលព្រំដែនដែលបោះមកខ្ពស់ផុតពីដីអីទេ ជាបង្គោលមួយដែលបោះបង្កប់នៅក្នុងដី ពលរដ្ឋភ័យឆ្ងល់គ្រប់គ្នា អត់មាននរណាហ៊ានប៉ះពាល់អីទេ”។ លោកបន្ថែមថា៖ “ខ្ញុំមកដល់គឺនៅក្នុងវត្តស្រែស្បៃ ក្នុងស្រុកអូររាំងឪហ្នឹង គឺទឹកដីខ្មែរ។ ខ្ញុំមកដល់វត្តត្រពាំងផ្លុង ក្នុងពញាក្រែក ក៏នៅទឹកដីខ្មែរ”។
អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ប្រាប់វីអូឌីថាលោកមិនទាន់បានទទួលព័ត៌មាននេះនោះទេ។ លោកបញ្ជាក់ថា៖ “ខ្ញុំវាមិនឭព័ត៌មានហ្នឹង ខ្ញុំនឹងឲ្យគេទៅមើល”។
វីអូឌីមិនទាន់អាចទាក់ទងអភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ បាននៅឡើយទេ។ វីអូឌីក៏មិនអាចសុំការឆ្លើយតបភ្លាមៗពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានដែរ៕