មន្ត្រីហង្សមាសថា ​សុគន្ធ និសា ​នឹង​​បំពេញ​ការងារ​​​នៅ The Voice Kid ​ខែ​ក្រោយ

តារា​ចម្រៀង ​សុគន្ធ និសា (វង្ស សុម៉ាលីន)

​​បន្ទាប់ពីមានការទម្លាយថា​​​​តារា​ចម្រៀង ​សុគន្ធ និសា នឹង​គ្រោង​ចេញមុខ​​ក្នុងកម្មវិធី​​​​លំដាប់​​ពិភពលោក ​​​The Voice Kid ​គេកត់សម្គាល់ថា​​​​​អ្នកគាំទ្រ​របស់​​នាង​​មានការ​អន្ទះ​សារ​​​យ៉ាង​ខ្លាំង ​​​ដោយសារតែ​​កម្មវិធី​នេះ​​​​​​បានត្រឹមតែ​​ប្រកាសថា​​​​ឆាប់​ៗ​នេះ តែ​មិន​ដាក់​​ពេល​វេលា​អោយច្បាស់​ ដែលធ្វើអោយ​​គេ​បារម្ភខ្លាចដូចគ្នា​នឹង​កម្មវិធី​លំដាប់​​ថ្នាក់​ពិភព​លោកមួយ​​​​គឺ​ Cambodia X-Factor ដែល​បាន​ប្រកាសថា​នឹង​មកដល់​ឆាប់​ៗ​យូរ​​ហើយ តែ​មិន​​​​​​ច្បាស់​​រឿង​ដំណើរ​ការ​នោះ​​។ យ៉ាងណាមិញពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​ហង្សមាស​បាន​​​ថ្លែង​ប្រាប់ថា​​កម្មវិធីដែល​ សុគន្ធ និសា ​​​​​​ទទួលធ្វើជា​​​​​​​​គ្រូបង្វឹកនោះ​​​​បានដំណើរ​ការ​ហើយ។

​លោក កៅ សីហា ​​​​​អ្នកដឹកនាំសម្ដែងនៅ​​​​ផលិតកម្ម​ហង្សមាសបានអះអាងថា ​​កម្មវិធី​​ The Voice Kid បានដំណើរ​ការ​ហើយ​​ដោយ​ខាង​ហង្ស​មាស​បាន​​​​​​​​​​​​​រៀបចំ​​​​​​ជើង​ព្រួល​នឹង​ក្រុមការងារ​អស់​ហើយ​​​​​​​​​​​​​​​​​​​​ គឺមិនមែន​គ្រាន់តែ​ប្រកាសថា​​ឆាប់​ៗ ហើយមិន​​​​ច្បាស់​ពីពេល​វេលា​នោះឡើយ។

លោកថា​​​​​​​ក្នុង​​​​​​​ប៉ុន្មានថ្ងៃ​នេះ ​ក្រុមការងារ​កម្មវិធី​ថ្មីនេះបាន​ដំណើរ​ការ​​ថត​​​​​​​​​​​​​​​​​​​​​​​ការ​ផ្សព្វ​ផ្សាយនិង​​បាន​កំណត់​​​ជ្រើស​​​​​​​បេក្ខជន​នៅ​ដើម​ខែ​​​ក្រោយ គឺ​បន្ទាប់​ពី​ចូលឆ្នាំចប់​ត្រូវ​បញ្ចប់​។ ​លោកថា​​​​​កម្មវិធី​មិនទាន់​ដំណើរ​ការ​​​​​ប្រលង​ជ្រើស​​​បេក្ខជន​បេក្ខនារី​​ជាកុមារ​​​​​​នៅឡើយ​មែន ប៉ុន្តែ​ទាំង​ក្រុមការងារនិង​គ្រូបង្វឹក​​រួម​មាន​កញ្ញា សុគន្ធ និសា ផង ​​​បាន​​​​​​​បំពេញការងារ​រួច​ហើយ​​​​​ ​​​​​ជាពិសេស​គឺ​ការ​បង្វឹក​​​ពីសំណាក់​​អ្នក​​​​​​​​​​​​​​​​​​រៀបចំកម្មវិធី​តែ​ម្ដង។

លោក​បញ្ជាក់​​ថា​ការ​ប្រលង​នឹង​​​​​​​បើក​ទទួល​​ពាក្យ​នៅខែ​ក្រោយ ​ហើយ​​​​​​​​​​​ការ​​ប្រលង​ជម្រុះ​នឹង​ធ្វើ​បន្ត​បន្ទាប់​​​​​ដូចគ្នា​នឹងការ​ប្រលង​ក្នុងកម្មវិធី The Voice Cambodia ​ដែរ។ យ៉ាង​ណាមិញ លោកប៉ាន់ស្មានថា​​រហូត​ដល់​​​​​​​អាច​​​៣​ខែ​​ក្រោយ​ទើបកម្មវិធីមួយ​នេះ​អាច​​​ដំណើរ​​​ការ​​ផ្សាយ​ផ្ទាល់​នៅ​លើកញ្ចក់​ទូរទស្សន៍​បាន ដោយសារតែ​ត្រូវ​ប្រើ​ពេលជ្រើស​រើស​​បេក្ខជន​ប្រលង​តាមខេត្ត​ក្រុង​ផងនិង​​​​​​ត្រូវការ​​​​​ជម្រុះ​​​​តាម​ដំណាក់កាល​​​ផង​។

លោកថា​​​​​មិនថា​​​ សុគន្ធ និសា និង​តារា​ចម្រៀង​​ផ្សេងទៀតដែល​ជាប់​តំណែង​​​​ជាគ្រូបង្វឹកនោះទេ គឺសុទ្ធតែ​​ជាប់កុង​ត្រា​ទាំង​អស់ ដោយ​​​តាម​ការ​ប៉ាន់ស្មាន​អាច​ដល់​​​​កៀកចុង​ឆ្នាំ​នោះ​ផងទម្រាំ​​​បញ្ចប់​។ ​​លោកថា​ សុគន្ធ និសា ​​​​​​​​​​​​​នៅតែមាន​បទ​ចម្រៀង​​​​​សម្រុកចេញ​លក់​​មិន​ដ​កដៃនោះទេ បើទោះជា​នាង​ត្រូវ​​ដ​កខ្លួន​ងាកមក​​​​​​ធ្វើជា​គណៈកម្មការ​​​​​​​​​​​កម្មវិធី The Voice Kid ដែល​លោក​ប្រកាសថា​​បានដំណើរការ​ហើយ​នោះ​។ ​​​​លោកថា​កម្មវិធី​លំដាប់​​ថ្នាក់​​ពិភពលោក​ថ្មី​នេះ នឹង​មិន​ប៉ះ​ពាល់​ដល់​ដំណើរការ​កម្មវិធី The Voice Cambodia និង​កម្មវិធី ​Cambodian Idol នោះទេ ​ដោយសារតែ​នៅ​ហង្សមាស ​មាន​ប៉ុស្ដិ៍​ផ្សេង​គ្នា ​ដែល​​​​​លោកបញ្ជាក់ថា​​​​​​​​កម្មវិធី​ទាំងអស់​នឹង​ដំណើរការ​​​​​​វិលជុំ​​​ហើយ​ស្ថិត​នៅ​លើ​​​​​​​​​​​​កញ្ចក់ទូរទស្សន៍​​​​​​ផ្សេង​គ្នា​របស់​​ក្រុម​ហ៊ុន​ហង្សមាស​។

លោក​មិនច្បាស់ថា​​​​កម្មវិធី The Voice Kid ​​​នឹ​ងបញ្ចប់​​ទាំង​ស្រុង​​​​​​ត្រឹម​ប៉ុន្មានខែ​ក្រោយ​​​ចេញ​ដំណើរ​ការ​នោះទេ​​ដោយ​គ្រាន់តែ​អះអាងថា​​​​ទម្រាំ​​បានចប់​​​​​​​​សព្វ​គ្រប់ គឺ​​​​ប្រើ​ពេល​ច្រើន​ជាង​​​៣​ខែ។

​​​លោក​និយាយថា ​«​​​​​​កម្មវិធី​ហ្នឹង​ដំណើរការ​​ហើយតើ ​​​​តែខែ​ក្រោយ(​​​ដើមខែ​​ឧសភា)គេ​ប្រកាស​​​​ទទួល​ពាក្យ​ហើយ ​​​​ចឹង​​​​​​​​​​​ និសា ​​​​​​គាត់​រវល់ច្រើន​​​​ក្នុងកម្មវិធី​ហ្នឹង​​!»។

យ៉ាងណាមិញ​​​លោកថា​​​​​ខ្លួនមិនមែន​ជា​អ្នក​កាន់​កាប់​កម្មវិធី​ទូរទស្សន៍​នៅ​ហង្ស​មាស​នោះទេ ដោយ​សូម្បីតែ​កម្មវិធី​​​​​​​​​​ដែល​ សុគន្ធ និសា ​ទើបទទួលកាន់នេះ ក៏លោ​កមិនបាន​ចូល​ប្រជុំដឹង​ពី​ផែនការ​លម្អិត​នោះដែរ ដោយគ្រាន់តែ​បានដឹង​ថា​​​​កម្មវិធី​​នោះ​​​បាន​ដំណើរការ​ហើយ​ប៉ុណ្ណោះ​។ ​​​​

​សុគន្ធ និសា ​មិនអាច​សុំ​ការ​បញ្ជាក់​ពីអារម្មណ៍​​​​​ក្រោយមាន​ដំណឹង​ទទួល​បាន​​​​​​​​តំណែង​ក្នុងកម្មវិធី​នេះ​​​​ទេ តែ​នាង​​ធ្លាប់​បញ្ជាក់ថា​​​ហេតុ​ផលដែល​នាង​​​ត្រលប់​ចូល​​ទូរទស្សន៍​ហង្ស​មាស គឺ​ដោយសារតែថ្នាក់ដឹក​នាំ​ស្ថាប័ន​នេះ​​​​​​បាន​ហៅ​អោយ​នាង​​​​មកធ្វើជា​អ្នកចម្រៀង​វិញ ព្រម​ជាមួយ​នឹង​ការ​សន្យា​​​​ថា​​អោយនាង​​​​​​ចេញមុខ​ក្នុងកម្មវិធី​​លំដាប់​​ថ្នាក់​ពិភព​លោកមួយ​​​​​​ដូចគ្នា​នឹង​​​លោក ព្រាប សុវត្ថិ និង ​​​​​​ឱក សុគន្ធ​កញ្ញា ដែលត្រូវ​​បាន​ហង្ស​មាស​លើកស្ទួយ។

​​​​មិនខុស​ពី​ការ​លើកឡើង ​​នាង​ក៏ត្រូវ​​ហង្សមាស​​លើកមុខ​អោយមាន​បទ​ល្អ​​​​​​​​​​​​​​​រាប់មិន​អស់ បើទោះជា​បទ​ទាំង​នោះ​​បុកមិនទាន់ត្រូវអារម្មណ៍​​យុវវ័យ​អោយច្រើន​នៅឡើយ។ ​​អ៊ីចឹង​ហើយទើប​​អ្នកណាក៏ជឿជាក់ថា​នាង​ពិតជា​សប្បាយចិត្ត​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុងកម្មវិធី​ The Voice Kid ដែល​​​​​​​​​​ត្រូវ​មន្ត្រី​ហង្ស​មាស​​​ប្រកាសថា​​​​​​​នឹង​ដំណើរការជ្រើស​រើស​​​បេក្ខភាព​ប្រលង​​នៅ​​អំឡុង​ខែ​ក្រោយ ដោយ​មិន​មែន​​​​​​ដំអក់​យូរ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ