វិភាគ៖ តើសង្រ្គោះជាតិអាចបោះឆ្នោតបានទេ បើក្រសួងមហាផ្ទៃមិនទទួលស្គាល់ថ្នាក់​ដឹក​នាំ​ថ្មី?​

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

កាលពីដំបូងឡើយ ក្រសួងមហាផ្ទៃបានប្រកាសមិនទទួលស្គាល់ក្បាលម៉ាស៊ីន​ដឹកនាំថ្មីទាំងអស់​របស់​គណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធានបក្ស និងមានអនុប្រធាន៣រូបទៀត រួមមាន លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខហួរ។

ប៉ុន្តែក្រោយពីមានការជួបជជែកផ្ទាល់មាត់រវាងមន្រ្តីគណបក្សសង្រ្គោះជាតិជាមួយមន្រ្តីជំ​នាញនៃក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន នៅសប្តាហ៍នេះ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានយល់​ព្រមទទួល​ស្គាល់ លោក កឹម សុខា ថាជាប្រធានគណបក្សសង្រ្គោះជាតិហើយ។ ​ប៉ុន្តែក្រសួងមហាផ្ទៃដដែល បានទាត់ចោលសមាសភាព​ អនុប្រធាន​៣រូបទៀត ដោយថាខុសនឹងលក្ខន្ដិកៈថ្មី របស់គណបក្សប្រឆាំងត្រង់ប្រការ៤៧ថ្មី។ ក្រសួង​ថា ការជ្រើសរើសនេះ បានហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃលោក សម រង្ស៊ី លាលែងពីតំណែង។

សម្រាប់មន្រ្តីគណបក្សសង្រ្គោះជាតិ បានបកស្រាយថា អ្វីដែលគណបក្សនេះបាន​រើស​មេ​ដឹកនាំ​ថ្មី​គឺធ្វើ​​ឡើង​ស្រប​តាមលក្ខន្តិកៈដែលបានធ្វើវិសោធនកម្មរួចនៅពេលធ្វើសមាជ។

បើនិយាយឲ្យងាយយល់ លក្ខន្តិកៈរបស់គណបក្សគឺជារឿងផ្ទៃក្នុងរបស់គណបក្ស​ដែល​បាន​​តាក់តែងឡើង ហើយក្រសួងមហាផ្ទៃគ្រាន់តែមានតួនាទី​ពិនិត្យមើលថា តើគណបក្សនោះ បាន​អនុវត្តតាមលក្ខខណ្ឌដែលខ្លួនបានតម្កល់ទុកនោះឬអត់? បើក្រសួង​អះអាងថា គណ​បក្ស​​នោះ មិនបានអនុវត្តតាមលក្ខន្តិកៈ ក្រសួងត្រូវចង្អុល​បង្ហាញចំណុចខ្វះខាតនោះ។​ប៉ុន្តែ​បញ្ហា​នៅត្រង់ថា គណបក្សសង្រ្គោះជាតិ អះអាងថា ខ្លួនធ្វើការជ្រើសរើ​ស​ក្បាលម៉ាស៊ីនថ្មី​ស្រប​តាម​លក្ខន្តិកៈហើយ តែក្រសួងថា​ខុស ដោយ​មិន​បានប្រាប់​ពីចំណុចដែលត្រូវ​កែតម្រូវទេ។​

អ្នកវិភាគ ឆ្ងល់ថា ប្រសិនទទួលស្គាល់ថា សមាជរបស់គណបក្សប្រឆាំងធ្វើ​ឡើង​ស្រប​ច្បាប់ ហើយ​ការ​រើស​ប្រធានថ្មីក៏ស្រប​ច្បាប់ទៀតនោះ ហេតុអ្វីអនុប្រធានគណបក្សដែលប្រៀបបាន​នឹង​កូន​ដែល​កើតចេញពីចំណងអាពាហ៌ពិពាហ៌នោះ បែរជាខុសច្បាប់ទៅវិញ?

ការបង្ករផលលំបាកក្នុង​ការ​រៀប​ចំក្បាលម៉ាស៊ីន​ដឹកនាំបក្សប្រឆាំងនៅពេលនេះ ត្រូវបាន​មជ្ឈ​ដ្ឋាន​​ជាតិ​និង​អន្តរជាតិ​កំពុងផ្តោតការយកចិត្តទុកដាក់ខណៈការបោះឆ្នោត​​ខិត​ជិតមកដល់។

សមាជិកសភាអ៊ឺរ៉ុប និង​សមាជិក​អន្តរសភា IPU បាននាំគ្នាចាប់​អារម្មណ៍នឹង​ស្ថានការណ៍​ប្រ​ឈម​​របស់គណបក្សប្រឆាំង ដោយពួកគេបានបន្ទោសទៅលើ​រដ្ឋាភិបាល​កម្ពុជាថា មិន​ចង់​ឲ្យគណបក្សសង្រ្គោះជាតិចូលរួម​ការបោះឆ្នោត។

ក្នុង​សេចក្តីថ្លែងការណ៍មួយនៅសប្តាហ៍នេះ សមាជិកសភាទាំងនោះ កត់សំគាល់ថា ការ​ធ្វើ​ទុក្ខ​បុកម្នេញទៅ​បក្សប្រឆាំងនៅកម្ពុជា បានកើតឡើងរាប់ចាប់​តាំងពីករណីវាយ​ដំតំណាង​រាស្ត្រ​២​រួប​​នៅ​មុខ​រដ្ឋសភា ការចាប់​តំណាងរាស្ត្រ២រូប និងសកម្មជនជិត២០នាក់​ទៀត​ដាក់​ពន្ធនាគារ​។

បន្ថែមពីនេះទៀត ពួកគេ ក៏បានលើកយកការធ្វើ​វិសោធនកម្មដោយ​គណបក្សកាន់អំណាច​ ​ស្តីពីច្បាប់​គណបក្សនយោយនោះថា ជាចេតនាមួយចង់ទៅរំលាយ​គណបក្ស​ប្រឆាំងមិនឲ្យ​ចូល​រួមការ​បោះ​ឆ្នោត។

ខណៈដែលច្បាប់ថ្មីដ៍ចម្រោងចម្រាស់ត្រូវបានកែប្រែ លោក សម រង្ស៊ី បានប្រកាស​លាលែង​ពី​ប្រធានគណបក្សប្រឆាំងដែលអ្នកវិភាគមើលឃើញថា មកពីលោក មិនចង់​ឲ្យ​គេ​រំលាយ​គណ​​បក្សសង្រ្គោះជាតិ។

បើទោះជា លោក សម រង្ស៊ី ដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាអ្នកមានទោស បានលា​ឈប់​ពី​គណបក្សប្រឆាំងក៏ដោយ ប៉ុន្តែការ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំថ្មី​របស់​គណបក្សនេះ ត្រូវ​ប្រ​ឈម​មុខ​នឹង​បញ្ហាជាច្រើនទៀតដែលក្រសួងមហាផ្ទៃមិនទទួលស្គាល់ទាំងស្រុង​នៅ​ឡើយ​។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើកឡើងថា បើពិនិត្យលើទិដ្ឋភាពច្បាប់ ការបដិសេធជាបន្ដបន្ទាប់របស់ក្រសួងមហាផ្ទៃ អាចមានភាពត្រឹមត្រូវខ្លះដែរ។ ប៉ុន្ដែលោកថា ក្រ​សួង​មហាផ្ទៃហាក់កំពុងអនុវត្តហួសដែនសមត្ថកិច្ចហើយ ដោយថា​ ពេលនេះក្រសួងថែមទាំងអាចបញ្ជា និងគ្រប់គ្រងរចនាសម្ព័ន្ធរបស់គណបក្សនយោបាយទៀតផង។

លោក សន ជ័យ ក៏បានរិះគន់ច្បាប់ស្ដីពីគណបក្សនយោបាយផងដែរ ដោយថា ច្បាប់នេះបានផ្ដល់សិទ្ធិអំណាចដល់ក្រសួងមហាផ្ទៃច្រើនពេក រហូតអាចជំទាស់នឹងរឿងផ្ទៃក្នុងរបស់គណបក្សទៅទៀត។ លោកបន្ដ​ថា ក្រសួងមហា​ផ្ទៃ​គួរបើកចិត្តឲ្យទូលាយ និងមិនគួរទទួលរងឥទ្ធិពលពីគណបក្សណាមួយនោះទេ ក្នុងនាមក្រសួងជាស្ថាប័ន​អនុវត្តច្បាប់នោះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក​បណ្ឌិត មាស នី វិភាគថា ទោះបីក្រសួងមហាផ្ទៃហាក់បង្ហាញថា ខ្លួនកំពុងជួយណែនាំ ឬអន្ដរាគមន៍ផ្នែកច្បាប់ដល់បក្សសង្គ្រោះជាតិក៏ដោយ ប៉ុន្ដែក្នុងនោះ លោកថា ទំនង​ជា​មានហេតុផលនយោបាយនៅពីក្រោយ។

លោកបន្ដថា ក្រសួងមហាផ្ទៃហាក់កំពុងយកយន្ដការច្បាប់ ដើម្បីយកមកយីយា និងរារាំងគណបក្សប្រឆាំង មុនការបោះឆ្នោត ដោយថា សមាសភាពដឹកនាំរបស់គណបក្សសង្គ្រោះជាតិ តាមរូបមន្ដប្រធានមួយ និងអនុប្រធាន៣ មានភាពរឹងមាំ មិនងាយបំបែកបាន។ ចំណែក រូបមន្ដមានប្រធានមួយ និងអនុប្រធានមួយនោះ លោកថា អាចធ្វើឲ្យរង្គោះរង្គើរគណបក្សទាំងមូលយ៉ាងងាយ។ នេះហើយជាអ្វីដែលលោក​ថាជាការចង់បានរបស់បក្សកាន់អំណាច។

លោកថា៖ «ឃើញពីមុនៗមក ក្បាល់ម៉ាស៊ីនរបស់ [សង្គ្រោះជាតិ] ដែលមានតែមួយ បើសិនជាមានតែមួយ តែមួយ មានប្រធាន និងអនុប្រធាន យើងឃើញថា ក្បាលម៉ាស៊ីនបែបហ្នឹង ត្រូវទទួលរងនូវសំពាធ ឬការវាយប្រហារ ដូចយើងបានឃើញកន្លងមកហើយ។ អញ្ចឹងពេលដែលសង្គ្រោះជាតិចាប់ផ្ដើមរៀបចំ​ឲ្យទៅជាមានក្រុមការងារមួយ ដែលធ្វើការជាក្រុម អាហ្នឹងបើសិនជាមានការព្យាយាមដាក់សំពាធ ឬយាយីពីខាងក្រៅមក គឺមានការពិបាក។ ខ្ញុំឃើញថា អ្វីដែលចេញសេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃនេះ ហាក់បីដូចទំនងចង់ឃើញសង្គ្រោះជាតិហ្នឹង គឺមានមេដឹកនាំតែមួយបានហើយ»។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត លោក យង់ គិមអេង យល់ថា រឿងមិនទទួលស្គាល់​ក្បាល​ម៉ាស៊ីន​ដឹកនាំគណបក្សសង្រ្គោះជាតិជារឿងមួយដាច់ដោយឡែកពីការចូលរួមបោះឆ្នោតនៅពេល​ខាងមុខ​។

លោកមានប្រសាសន៍ថា «ដំណើរការបោះឆ្នោតត្រូវទៅមុខហើយព្រោះខ្ញុំក៏ឃើញថាខាងមហាផ្ទៃក៏គេអត់មានទៅរារាំង ទៅរំខានអីសម្រាប់​ដំណើរឆ្ពៅទៅរកការបោះឆ្នោតរបស់គណបក្សសង្រ្គោះជាតិហ្នឹងដែរ។​អ្វី​ដែល​មិនទាន់ការទទួល អាហ្នឹងគឺព្យាយាមដោះស្រាយបណ្តើរៗទៅ…»។

គណបក្សសង្រ្គោះជាតិ បានដាក់បេក្ខជនរបស់ខ្លួនបានគ្រប់ឃុំ-សង្កាត់នៅទូទាំងប្រទេសដែល​លើក​ទី១​ហើយ​ដែលគណបក្សប្រឆាំងមានសមាសភាពស្មើគ្នានឹងគណបក្សកាន់អំណាច។

ទន្ទឹមគ្នា គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត​ក៏បានចាប់​​លេខ​រៀង​តំណាងគណបក្សនីមួយៗផងដែរនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។នេះបង្ហាញថា គណបក្សប្រឆាំង នៅតែមានលទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចូលរួមប្រកួតប្រជែងការបោះឆ្នោត​នៅថ្ងៃទី៤ខែមិថុនាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ