ពលរដ្ឋខេត្តតាកែវចោទរោងចក្រមួយថាបង្ហូរកាកសំណល់ប៉ះពាល់បរិស្ថាននិងសុខភាព

(សារព័ត៌មានដើមត្នោត)

ពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ បានចោទក្រុមហ៊ុនមួយថា បានបង្ហូរកាកសំណល់គីមីចូលស្ទឹងនិងបឹងធម្មជាតិមួយចំនួន ដែលបង្ករឲ្យប៉ះពាល់ដល់បរិស្ថាន រួមទាំសុខភាពប្រជាពលរដ្ឋនៅក្បែរៗនោះ។

នៅក្នុងបណ្តឹងរបស់ប្រជាពលរដ្ឋ ប្តឹងទៅក្រសួងបរិស្ថានកាលពីថ្ងៃទី៣កក្តដា ដែលវីអូឌីទើបតែទទួលបានថ្ងៃទី៧កក្កដានេះ ក្រុមប្រជាពលរដ្ឋ បានចោទរោងចក្រ​កាត់ដេរ​និង​បោកគក់​ឈ្មោះវីងតាយសកខ៍ (Wintai Sock Manufacture Ltd) ដែលមានទីតាំងស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ថាបានបង្ហូរកាកសំណល់រោងចក្រមានសារធាតុគីមីចូលទៅក្នុងព្រែក ស្ទឹង និងបឹងធម្មជាតិ​មួយចំនួននៅក្នុងតំបន់នោះ។ បើតាមបណ្តឹងដដែល ពលរដ្ឋឲ្យដឹងទៀតថា រោងចក្រនោះ មិនបាន​គោរពតាមបទដ្ឋានបច្ចេកទេស បង្ករឲ្យខូចបរិស្ថាន ដោយ​សារ​​ទឹកមានសភាពកខ្វក់ក្លិនស្អុយ ដែលធ្វើឲ្យពលរដ្ឋ មិនអាចប្រើប្រាស់ទឹកនោះ ហើយក្លិនស្អុយ កំពុងធ្វើឲ្យពលរដ្ឋពិបាកដកដង្ហើម និងធ្វើខូចខាតផលដំណាំកសិករជាដើម។

តំណាងក្រុមហ៊ុនវីងតាយសកខ៍ លោក ឆុន ស៊ីងឡុង ទទួលស្គាល់ថាពិតជាមានការបង្ហូរទឹកកាកសំណល់ចេញពីរោងចក្រចូលស្ទឹងមែន ប៉ុន្តែលោកថាការបង្ហូរនោះ ក្នុងចំនួនតិចតួចប៉ុណ្ណោះ ហើយការបង្ហូរចេញនោះ ក្រុមហ៊ុនបានសុំការអនុញ្ញាត្តិពីអាជ្ញាធរនិងមន្ទីបរិស្ថានខេត្តត្រឹមត្រូវ។ តែទោះយ៉ាងណាលោកថា ប្រសិនបើមានការប៉ះពាល់ដូចពលរដ្ឋប្តឹងមែន ក្រុមហ៊ុននឹងធ្វើការដោះស្រាយ។

លោកបន្ថែមថា៖ «ការបង្ហូរនេះ យើងបានធ្វើលិខិតសុំច្បាប់បង្ហូរមានទាំងអាជ្ញាធរ មានទាំងខាង​បរិស្ថានដោយបានអនុញ្ញាត្តិឲ្យបង្ហូរដែរ ប៉ុន្តែយ៉ាងណាយើងនឹងពិនិត្យទឹកដែលយើងបង្ហូរហ្នឹង ថាតើវាផលប៉ះពាល់ ឬក៏អត់? ហើយការដែលយើងបង្ហូរហ្នឹង ក៏មិនមែនពាសវាលពាសកាលដែរ គឺយើងមានស្រះ ស្តុកបោះយើងមួយនៅខាងក្រោយរោងចក្រដដែរ»។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព អះអាងថា លោកនៅមិនទាន់ទទួលបានពាក្យបណ្តឹងរបស់ក្រុមពលរដ្ឋដែលប្តឹងមកក្រសួងបរិស្ថាននៅឡើយទេ ប៉ុន្តែលោកថា ក្រោយទទួលបានព័ត៌មាននេះ ក្រសួងនឹងចាត់មន្រ្តីជំនាញឲ្យចុះត្រួតពិនិត្យនិងធ្វើការដោះស្រាយ។

លោកបន្ថែមថា៖ «ខ្ញុំអត់ដឹងថាក្រសួងទទួលបណ្តឹងហ្នឹងហើយក៏នៅទេ ប៉ុន្តែចាំខ្ញុំឆែកសិន។ពាក់ព័ន្ធនឹងករណីបំពុលបរិស្ថានហ្នឹង ក្រសួងបរិស្ថាននឹងចុះធ្វើការត្រួតពិនិត្យ ហើយនឹងមានវិធានការចំពោះរោងចក្រដែលបង្ករ»។

បើតាមបណ្តឹង ពលរដ្ឋឲ្យដឹងថា ក្រុមហ៊ុនបោកគក់សម្លៀកបំពាក់ វីងតាយសកខ៍ ដែលមានថៅកែជាជនជាតិចិន បានធ្វើសកម្មភាពបង្ហូរកាកសំណល់កខ្វក់ចូលព្រែក ស្ទឹង និងបឹងធម្មជាតិនេះជាច្រើនឆ្នាំហើយ ដោយថាមិនមានអាជ្ញាធរណាចុះដោះស្រាយនោះទេ។

ក្រុមប្រជាពលរដ្ឋ ក៏បានសុំឲ្យក្រសួងបរិស្ថានជួយអន្តរាគមន៍ជូនពួកគេឲ្យទាន់ពេលវេលា ដោយថា ដើម្បីទប់ស្កាត់ផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋខ្លាំងជាងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ