សកម្មជនដីធ្លីរកអន្តរាគមន៍ពី UN សុំដោះលែង ទេព វន្នី ខណៈលោកស្រី ស្មីត មកកម្ពុជា

សកម្មជនដីធ្លីតំបន់បឹងកក់

សកម្មជនដីធ្លីនៅតំបន់បឹងកក់បាននាំគ្នាដាក់ញត្តិទៅអង្គការសហប្រជាជាតិ (UN) នៅព្រឹកនេះ ដោយសុំជួយអន្តរាគមន៍ឲ្យដោះលែងតំណាងពួកគេ គឺអ្នកស្រី ទេព វន្នី ខណៈលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមកទស្សនកិច្ច​នៅកម្ពុជា។

ការរកិច្ចអន្តរាគមន៍នេះ ធ្វើឡើងស្របពេលដែលសាលាឧទ្ធរណ៍គ្រោងនឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់អ្នកស្រី ទេព វន្នី នៅថ្ងៃទី៨ ខែសីហា ស្អែកនេះ។

តំណាងសហគមន៍បឹងកក់​អ្នកស្រី ប៊ូវ សោភា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិថា ពួកគាត់សុំជួបលោកស្រី រ៉ូណា ស្មីត នៅពេលដែលលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១០ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧។ អ្នកស្រីបន្តថា ពួកគាត់ចង់ឲ្យលោកស្រី ស្មីត ជួយជំរុញទៅរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យដោះលែងអ្នកស្រី ទេព វន្នី នៅពេលមានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា។

តំណាងការិយាល័យឧត្ដមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានចេញមកទទួលញត្តិដោយសន្យាប្រាប់ពីបញ្ហានេះ ទៅលោកស្រី ស្មីត ពាក់ព័ន្ធនឹងការស្នើសុំរបស់សហគមន៍បឹងកក់។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សអាដហុកនិងរកយុត្តិធម៌ជូន លោក កែម ឡី។

សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ