អង្គការអន្តរជាតិពីរបានថ្កោលទោសរដ្ឋាភិបាលថាប៉ុនប៉ងរំលាយ CNRP

អង្គការអន្តរជាតិចំនួនពីរ បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថា ការប៉ុន​ប៉ង​​រំលាយគណបក្សសង្រ្គោះជាតិ ជាការសម្លាប់ប្រជាធិបតេយ្យ និងផ្លាស់ប្ដូរកម្ពុជា ទៅកាន់របបផ្ដាច់ការ។

កាលពីថ្ងៃសុក្រម្សិលមិញ ក្រសួងមហាផ្ទៃ សម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បី​សុំរំលាយ​គណបក្ស​ប្រសង្គ្រោះជាតិ យោងទៅលើភស្ដុតាងវីឌីអូឃ្លីបចំនួន៣ និងភស្ដុតាងមួយចំនួនទៀត ដែលក្រសួងចោទថា ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បានឃុបឃិតជាមួយបរទេស និងជំរុញឲ្យមានចលនាបដិវត្តន៍​ពណ៌​ប្រ​​ឆាំង​រដ្ឋាភិបាល ដោយថា បានជ្រកក្រោមពាក្យស្លោកនយោបាយ «ការផ្លាស់ប្ដូរជាវិជ្ជមាន» ដើម្បីបំផុសបំផុល ឲ្យ​ប្រជាពលរដ្ឋស្អប់រដ្ឋាភិបាលបច្ចុប្បន្ន។

បន្ទាប់ពីដាក់ពាក្យបណ្ដឹងនោះ អង្គការអន្តរជាតិចំនួនពីរ គឺអង្គការ Global Witness និងអង្គការ Human Rights Watch បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ភ្លាមៗ ថ្កោលទោសរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការ Human Rights Watch ​លោក Phil Robertson បានចេញសេចក្តីថ្លែង​ការណ៍​លើកឡើងថា ការបកស្រាយរបស់រដ្ឋាភិបាល ជុំវិញករណីប្រធានគណបក្សប្រឆាំងលោក កឹ​ម សុខា កំពុង​ដឹកនាំ​បដិវត្តន៍​ពណ៌​គឺ​ជាផ្នែក​មួយផ្សេងទៀត នៃការជំរុញខាងនយោបាយប្រជាភិថុតិ ដើម្បីបង្ហាញពីភាព​ត្រឹមត្រូវ​ ចំពោះ​ការ​បង្ក្រាប​លើអ្នក​ដែល​ហ៊ានរិះគន់រដ្ឋាភិបាល។

លោក Phil Robertson បន្តថា​ការ​ប៉ុនប៉ងរំលាយ​គណបក្សសង្គ្រោះជាតិ​ គឺអាចទៅរួច​ ព្រោះតុលាការ​ជាន់​ខ្ពស់​ត្រូវបានគ្រប់គ្រងដោយបក្សកាន់អំណាច ហើយចៅ​ក្រម​នឹង​អនុវត្ត​យ៉ាង​ច្បាស់លាស់​ តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់បង្ហាញដល់ពិភពលោក​ តាមរយៈការ​ផ្លាស់ប្តូរ​ខ្លួន​ឯង ​ទៅជា​អ្នក​ផ្តាច់​ការ​មួយ។

មន្ត្រី​ស្រាវជ្រាវ​នៃអង្គការ​ Global Witness លោកស្រី អែមម៉ា ប៊ើណែត (Emma Burnett) ឲ្យ​ដឹង​ដែរថា ការ​ប៉ុនប៉ង​​រំលាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា ជាការផ្តួចផ្ដើមពីក្រុម​អ្នក​មាន​អំណាច និង​មានទ្រព្យ ដែល​ជា​ជន​ពុក​រលួយ មួយ​ក្ដាប់​តូច ដើម្បី​បន្ត​ក្រាញ​អំណាច និង​រក្សាទ្រព្យ​សម្បត្តិ ដែល​ធ្វើ​ឲ្យ​រង​ទុក្ខដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។

លោកស្រី អែមម៉ា ប៊ើណែត ឲ្យដឹងទៀតថា សហគមន៍​អន្តរជាតិ មិន​អាច​ព្រងើយកន្តើយ និងឈរ​ឱប​ដៃ​មើល ប្រទេស​កម្ពុជា ដែល​រអិល​ធ្លាក់​ទៅ​ក្នុង​ជ្រោះ នៃ​របប​ផ្ដាច់ការ​បែបនេះ​ បាន​នោះ​ទេ។ ដូច្នេះ លោកស្រីថា ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ត្រូវ​បង្ហាញ​ឥទ្ធិពល ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ។

លោកស្រី អែមម៉ា ប៊ើណែត បន្ថែមថា៖ «ការថ្កោលទោសអន្តរជាតិ ​ពីការវាយប្រហារ​របស់​រដ្ឋាភិបាល ​ទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយសេរី និងសង្គមស៊ីវិល​ ហាក់មិនមានប្រសិទ្ធភាព។ អំណាចទឹកលុយ​ មាន​ឥទ្ធិពល​ជាង​ពាក្យ​សម្ដី។ ដូច្នេះ មានតែ​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ ទើប​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់»​។

តំណាងអង្គការអន្តរជាតិទាំងពីរ បានជំរុញ​សហគមនអន្តរជាតិ ​និងម្ចាស់ជំនួយមានសហរដ្ឋអាមេរិក ​សភាព​អឺរ៉ុប និង​ជប៉ុនពិចារណាកាត់ជំនួយផ្សេងៗ ទាំងជំនួយបច្ចេកទេសក្នុងការរៀបចំការបោះឆ្នោត និង​ដាក់ទណ្ឌកម្ម​ជា​បន្ទាន់ ទៅ​លើ​រដ្ឋាភិបាល​ ដើម្បី​បង្ខំ​ឲ្យបញ្ឈប់​ការ​នាំ​ប្រទេស​កម្ពុជាទៅ​រក​ភាព​ផ្ដាច់ការ​ដូច្នេះ។​

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​សហគមន៍អន្តរជាតិ​ឲ្យបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា រដ្ឋាភិបាលធ្វើបច្ចុប្បន្ននេះ ជាការអនុវត្តន៍ច្បាប់ ដើម្បីការពារសន្តិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ