ស្ថានទូតស៊ុយអ៊ែតចែករំលែកវីដេអូសេរីភាពបញ្ចេញមតិ ចំពេលកម្ពុជាស្ថិតក្នុងបញ្ហានយោបាយ

ឯកអគ្គរាជទូតស៊ុយអ៊ែត លោកស្រី ម៉ារៀ សារហ្រ្គិន (រូបភាពពីស្ថានទូតស៊ុយអ៊ែត)

ស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា បានចែករំលែកវីដេអូខ្លីមួយ ដែលលើកឡើងថា ពិភពលោក នឹងប្រែក្លាយទៅជាស្ងប់ស្ងាត់គួរឲ្យខ្លាច នៅពេលគ្មានសេរីភាពនៃការបញ្ចេញមតិ ចំពេលដែលកម្ពុជាបានចាត់វិធានការទៅលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។

វីដេអូរយៈពេល ១នាទី និង ១១វិនាទី ត្រូវបានបង្ហោះដោយក្រសួងការបរទេសស៊ុយអ៊ែត និងត្រូវបានគេប្រទះឃើញចែករំលែកបន្តដោយស្ថានទូតស៊ុយអ៊ែតប្រចាំនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូកន្លងមកនេះ។

វីដេអូនោះ បានបង្ហាញនូវសកម្មជនសិទ្ធិស្ត្រីវ័យក្មេង យុវតី ម៉ាឡាឡា យូសាហ្វហ្សៃ និងតារាសម្ដែងហូលីវូដ លោក Leonardo DiCaprio ឡើងថ្លែងនៅក្នុងវេទិកាមួយរបស់អង្គការសហប្រជាជាតិ ប៉ុន្តែ ពួកគេមិនបាននិយាយអ្វីសោះ នៅចំពោះមុខអ្នកស្ដាប់រាប់រយនាក់។

វីដេអូនោះ បានរៀបរាប់នៅចុងបញ្ចប់ថា៖ «ពិភពលោកប្រែក្លាយទៅជាស្ងប់ស្ងាត់គួរឲ្យខ្លាច នៅពេលគ្មានការនិយាយស្ដីដោយសេរី។ សំឡេងកាន់តែច្រើន កំពុងត្រូវបានបំបាត់តាមរយៈការគ្រប់គ្រងលើសំឡេងរិះគន់ ការគំរាមកំហែង និងនីតិវិធីច្បាប់»។

ឯកអគ្គរាជទូតស៊ុយអ៊ែត លោកស្រី ម៉ារៀ សារហ្រ្គិន (Maria Sargren) បានប្រាប់វីអូឌីតាមរយៈសារអេឡិចត្រូនិចកាលពីថ្ងៃទី៤ ខែធ្នូថា វីដេអូខ្លីនោះ បានលើកឡើងពីសារៈសំខាន់នៃសេរីភាពនៃការបញ្ចេញមតិ ហើយវាជាផ្នែកមួយនៃយុទ្ធនាការសកលមួយ និងត្រូវបានចែកចាយដោយស្ថានទូតស៊ុយអ៊ែតនៅទូទាំងពិភពលោក។

នៅពេលសួរថា តើវីដេអូឃ្លីបនេះ ចង់សំដៅមកកាន់ប្រទេសកម្ពុជាមែនទេ លោកស្រី ម៉ារៀ បានបញ្ជាក់ថា វាមិនសំដៅដល់ប្រទេសណាជាក់លាក់នោះទេ ប៉ុន្តែ វាបង្ហាញពីសារៈសំខាន់នៃច្បាប់សេរីភាពសារព័ត៌មាន ដែលត្រូវបានបង្កើតឡើងដោយប្រទេសស៊ុយអ៊ែតតាំងពីឆ្នាំ១៧៦៦។

ទោះបីស្ថានទូតស៊ុយអ៊ែតបានបដិសេធបែបនេះក្ដី ប៉ុន្តែ វីដេអូនេះ ត្រូវបានបង្ហោះ និងចែករំលែកកន្លះខែក្រោយពីគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រប្រហែល ៣លានសំឡេងនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ ត្រូវបានរំលាយចោល ហើយអាសនៈ ៥៥របស់បក្សប្រឆាំងមួយនេះ ត្រូវបានរឹបអូស និងបែងចែកទៅឲ្យគណបក្សផ្សេងទៀត ដែលមិនទទួលអាសនៈសូម្បីតែមួយនៅក្នុងក្នុងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជិត ៥ឆ្នាំមុន។

ខណៈដែលមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បន្តស្ថិតនៅក្រោមការឃុំខ្លួននៅឡើយនោះ ថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ ត្រូវបានហាមឃាត់មិនឲ្យប្រឡូកនយោបាយរយៈពេល ៥ឆ្នាំខាងមុខ ក្រោយពីបក្សនេះត្រូវបានរំលាយ។

អគ្គរាជទូតស៊ុយអ៊ែតទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ លោកស្រី Annika Ben David កាលពីថ្ងៃទី១៩ ខែតុលាកន្លងមក បានព្រមានសើរើទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ ប្រសិនបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវបានរំលាយនោះ។

តែ ៥ថ្ងៃក្រោយពីបក្សប្រឆាំងត្រូវបានរំលាយ ស្ថានទូតស៊ុយអ៊ែត បានប្រកាសថា ស៊ុយអ៊ែតបានផ្អាកការផ្ដល់ជំនួយមួយចំនួនដែលផ្ដល់ដល់រដ្ឋាភិបាលកម្ពុជា ខណៈដែលស្ថានទូតបានចាត់ទុកចំណាត់ការទៅលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនថា ជាដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ