លោក ហ៊ុន សែន ថាវិធានការ​លើ​បក្ស​ប្រឆាំងនិង​សង្គម​ស៊ីវិល​ គឺដើម្បីការពារសន្តិភាព

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ការរំលាយអតីតគណបក្សសង្រ្គោះជាតិ និងអង្គការសង្គមស៊ីវិលមួយចំនួន គឺដើម្បីការពារសន្តិភាព និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចេរភាព។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លង​មក ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ ​លោក កឹម សុខា កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» និង​ «ឃុប​ឃិត​»​ ជាមួយ​បរទេស ប៉ុន​ប៉ង​ផ្ដួល​រលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ក្រៅ​ពី​ចាត់​វិធានការ​ទៅ​លើ​បក្ស​ប្រឆាំង កាលពីខែសីហាឆ្នាំ​មុន រដ្ឋាភិបាលបានប្រកាសបិទអង្គការ NDI ដោយចោទថា មិនបានចុះបញ្ជីជាមួយក្រសួងការបរទេសកម្ពុជា និងខកខាន​បំពេញ​កាតព្វកិច្ចបង់ពន្ធ។

ជាង​នេះ​ទៅ​ទៀត អង្គការ​​អាមេរិក​មួយ​នេះ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន ត្រូវ​បាន​​រដ្ឋាភិបាល​កម្ពុជា​​ចោទ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អតីត​បក្ស​ប្រឆាំង​ផង​ដែរ។

ក្នុងពិធីរំឭកខួប ៣៩ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា កាលពីថ្ងៃម្សិលមិញនេះ លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បាន​ទប់​ស្កាត់​ដោយ​ជោគ​ជ័យ​នូវ​អ្វី​ដែល​លោក​ហៅ​ថា «បដិវត្តន៍​ពណ៌» ដែលលោក​ចោទ​ថា ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អតីត​បក្ស​ប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនក្នុងគោលបំណងបំផ្លាញសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា។

លោកបន្ថែមថា៖ «ក្បាលម៉ាស៊ីនអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជា ដែលបោកប្រាស់ និងក្បត់ឆន្ទៈរបស់ប្រជាជន ត្រូវបាន រំលាយ។ បុគ្គលមួយចំនួនដែលជាប់ពាក់ព័ន្ធ ក៏ត្រូវតុលាការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន។ លើមូលដ្ឋាននេះ កម្ពុជាបានការពារ​យ៉ាងរឹងមាំនូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន បញ្ចៀសមហន្តរាយណ៍សម្រាប់ជាតិ»។

ក្រៅ​ពី​ត្រូវ​បាន​រំលាយ​ចោល​ហើយ​នោះ ថ្នាក់​ដឹកនាំ ១១៨​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហែល ៣​លាន​សំឡេង ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល៥​ឆ្នាំ​ផង​ដែរ។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា ករណីរដ្ឋាភិបាលរំលាយបក្សប្រឆាំង និងបិទអង្គការសង្គមស៊ីវិលមួយចំនួននេះ មិនមែនដើម្បីការពារ​សន្តិភាព និងប្រឆាំងបដិវត្តន៍ពណ៌នោះទេ គឺមានចេតនាអ្វីមួយផ្សេងលើសពីនេះទៅទៀត ដោយលោកថា កម្ពុជាបច្ចុប្បន្នមិនមាន​បដិវត្តន៍ពណ៌ឡើយ។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា នេះគ្រាន់តែជាលេស​មួយ ដើម្បីកម្ទេចបក្សប្រឆាំង និងកម្ចាត់ចោលពួកអង្គការមួយចំនួន ដែលគាត់យល់ថា ពួកអង្គការសង្គមស៊ីវិលហ្នឹង បម្រើឲ្យបក្សប្រឆាំង ដែលនេះខ្ញុំគិតថា គ្រាន់តែជាលេសទេ។ ខ្ញុំមើលឃើញជាក់ស្តែង បក្សប្រឆាំងក៏ដោយ សង្គមស៊ីវិលក៏ដោយ សុទ្ធតែរួមចំណែកយ៉ាងសំខាន់ទាក់ទងនឹងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការបោះឆ្នោត និងការងារជាច្រើនទៀត ដើម្បីជួយដល់រដ្ឋាភិបាល ប៉ុន្តែ រដ្ឋាភិបាលខ្លួនឯងហាក់ដូចជាភ័យខ្លាចរឿងអ្វីដែលខ្លួនមិនអាចធ្វើបាន ពេញលេញទៅវិញ»។

លោក ហង្ស វិទូ បន្តថា ប្រទេសកម្ពុជាអាចកើតសង្គ្រោម ឬមានសន្តិភាព មិនមែនកើតឡើងដោយសារបក្សប្រឆាំង និងសង្គមស៊ីវិលនោះទេ គឺអាស្រ័យលើរដ្ឋាភិបាលរដ្ឋាភិបាលទៅវិញទេ។

ការ​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​មាន​ការ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ ដោយ​ចាត់​ទុក​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ ប៉ុន្តែ មាន​តែ​ប្រទេស​ចិន​តែមួយ​ប៉ុណ្ណោះ​ បាន​គាំ​ទ្រ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់​ទុក​ជា​ការ​ថែ​រក្សា និង​ការពារ​សន្តិភាព​ និង​ស្ថេរភាព​​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ