គណបក្ស​អំណាច​ខ្មែរ​លើកទឹកចិត្ត​​ឲ្យ​គ្រួសារ​ត្រកូល​ហ៊ុន​​ប្តឹងអង្គការគ្លូបល វីតណេស

រូបភាពដកស្រង់ចេញពីរបាយការណ៍Hostile Takeover

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា លើកទឹកចិត្តក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យប្តឹងអង្គការគ្លូបល វីតណេស(Global Witness) ដែលបានចេញរបាយការណ៍និយាយពីការរកស៊ីជំនួញធំៗរបស់ត្រកូលហ៊ុន។

លោក សួន សេរីរដ្ឋា លើកឡើងបែបនេះក្នុងសារទំនាក់ទំនងមួយជាមួយក្រុមអ្នកសារព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញមានប្រតិកម្មរបស់កូនៗលោកនាយករដ្ឋមន្រ្តីលើបណ្តាញសង្គម ពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក គ្លូបល វីតណេស ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស។

លោក សួន សេរីរដ្ឋា ប្រាប់វីអូឌីតាមទូរស័ព្ទថាក្រុមគ្រួសារនិងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តែងតែប្រតិកម្មចោលដោយមិនមានការដាក់ពាក្យប្តឹងលើរបាយការណ៍ដែលចេញកន្លងមក។ លោកបន្ថែមថាលោក ហ៊ុន សែន គួរហ៊ានប្តឹងទៅតុលាការប្រទេសអង់គ្លេសប្រឆាំងនឹងអង្គការGlobal Witness ដើម្បីរកយុត្តិធម៌ឲ្យគ្រួសារត្រកូល ហ៊ុនរបស់ខ្លួន។

លោកមានប្រសាសន៍ថា៖ “តុលាការនៅក្នុងប្រទេសអង់គ្លេសមិនមែនជាតុលាការអាយ៉ងនយោបាយដូចនៅក្នុងប្រទេសខ្មែរដែលសម្រាប់តែការពារបក្សកាន់អំណាច បក្សប្រជាជនកម្ពុជាទេ តុលាការនៅប្រទេសអង់គ្លេសក៏ដូចជាតុលាការនៅប្រទេសអាមេរិកនិងសហគមន៍អឺរ៉ុបដទៃទៀតគេមានស្តង់ដារឯករាជ្យត្រឹមត្រូវរបស់គេ ឥចឹងប្រសិនបើខ្លួនឯងអត់មានដូចជាការចោទប្រកាន់ អត់មានដូចជារបាយការណ៍ដែលគេសរសេរ កុំបានតែប្រតិកម្មចោល ហើយចោទថាគេចង់បំផ្លាញខ្លួនឯង ចោទថាគេស្អប់ខ្លួនឯង ចឹងរកយុត្តិធម៌ឲ្យខ្លួនឯងទៅងើបឡើង ឈរឡើង ប្តឹងទៅ ប្តឹងទៅតុលាការក្នុងប្រទេសអង់គ្លេសទៅ”។

វីអូឌីព្យាយាមទាក់ទងក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែរហូតមកដល់ពេលនេះ មិនអាចសុំការឆ្លើយតបបាននៅឡើយ។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាអង្គការគ្លូបលវីតណេសតែងចេញរបាយការណ៍មុនការបោះឆ្នោតដើម្បីបង្ខូចកិត្តិយសរបស់ប្រមុខដឹកនាំរដ្ឋាភិបាល។ លោកមានប្រសាសន៍បន្ថែមថា៖ “ខ្ញុំមើលទៅហាក់ដូចជាក្រុមគ្រួសារសម្តេចហ្នឹងគ្មានរវល់ឈឺក្បាលអីទេ ព្រោះអាហ្នឹងវារឿងមិនចំឡែកអីទេជាមួយគ្លូបលវីតណេស ព្រោះគាត់តែងយាយី តែងបង្កាច់បង្ខូចកិត្តិយសសម្តេច និងក្រុមគ្រួសារគាត់ ចឹងជារឿងធម្មតាចង់និយាយអីនិយាយទៅគេមិនទៅឈឺក្បាលអី បញ្ហាសំខាន់កត្តាកំណត់នៅលើបែបបទក្រុមហ៊ុនគេដែលបើកដំណើរការបែបម៉េច គេធ្វើត្រឹមត្រូវទៅតាមច្បាប់គឺវាចប់ហើយ ទោះជាគ្លូបលវីតណេសចង់និយាយប៉ុន្មាន លាបពណ៌ប៉ុន្មាន”។

របាយការណ៍របស់Global Witnessដែលមានចំណងជើងថា”Hostile Takeover”ហើយត្រូវបានស្រាវជ្រាវអស់រយៈពេលជិត១ឆ្នាំ បានបង្ហាញថាសមាជិកគ្រួសារត្រកូលហ៊ុនរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានកាន់កាប់ការរកស៊ីជាច្រើនដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក។ របាយការណ៍ក៏បានរកឃើញជំនួញធំៗមួយចំនួនរបស់កូនៗនិងសាច់ញាតិរបស់នាយករដ្ឋមន្រ្តីផងដែរ។

របាយការណ៍របស់Global Witnessត្រូវបានស្រាវជ្រាវនិងចងក្រងតាមរយៈទិន្នន័យសិទ្ធិកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាន។ បើតាមរបាយការណ៍ ក្រុមគ្រួសាររបស់សម្តេចហ៊ុន សែន មានភាគហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុកយ៉ាងតិចចំនួន១១៤ក្នុងនោះមានក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរ៉ែនិងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យធំៗនៅកម្ពុជា។ របាយការណ៍បញ្ជាក់ថា៖ “នេះគ្រាន់តែជាផ្នែកមួយនៃចំនួនទឹកប្រាក់ពិតប្រាកដនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មគ្រួសារត្រកូលហ៊ុនប៉ុណ្ណោះ។ ពួកគេត្រូវបានគេជឿជាក់ថាទទួលបានផលប្រយោជន៍ពាណិជ្ជកម្មពីអ្នកដែលឈរឈ្មោះជំនួសពួកគេនិងនៅក្នុងក្រុមហ៊ុនដែលមានតែឈ្មោះ។ គ្រួសារត្រកូលហ៊ុនក៏រាប់បញ្ចូលទាំងសមាជិកដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធអាភៀនដែលមានតម្លៃ១ពាន់លានដុល្លារអាមេរិក បាញ់បោះ បុកស្លាប់ហើយរត់និងសកម្មភាពទន្រ្ទានយកដីដែលបណ្តាលឲ្យប្រជាជនជាច្រើនគ្រួសារត្រូវបាត់បង់លំនៅដ្ឋាននិងរស់នៅក្នុងភាពទាល់ក្រនៅតំបន់ជនបទក្រីក្រនៃប្រទេសកម្ពុជា”

លោក Patrick Alley សហស្ថាបនិកនៃអង្គការGlobal Witness បានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា៖ “គំហើញទាំងនេះបានបង្ហាញពីផលវិបាកនៃការប្រតិបត្តិគំរូនៃការដឹកនាំបែបផ្តាច់ការរបស់លោក ហ៊ុន សែន។ គ្រួសាររបស់គាត់ត្រួតត្រាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហេតុដូចនេះពលរដ្ឋក្រុងភ្នំពេញហាក់ដូចជាមិនអាចជៀសផុតពីការរួចំណែករកលុយចូលហោប៉ាវរបស់អ្នកជិះជាន់ គាបសង្កត់របស់ពួកគេជាច្រើនដងក្នុងមួយថ្ងៃឡើយ។ ចំណែកឯវិនិយោគិនបរទេសអាចនិងពុំគួរចូលរួមគាំទ្ររបបដែលសម្លាប់ បំភិតបំភ័យ ឬឃុំខ្លួនអ្នករិះគន់របបនេះទេ”

ក្រោយពីរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានជាតិនិងអន្តរជាតិ កូនៗរបស់លោកនាយករដ្ឋមន្រ្តីបានប្រតិកម្មច្រានចោលរបាយការណ៍នេះ ដោយថារបាយការណ៍នេះ”ពោរពេញដោយកំហុសនិងព័ត៌មានមិនពិត” ក្នុងគោលបំណងបង្អាប់និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន។ លោក ហ៊ុន ម៉ាណែត លោកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន ម៉ានិត បានសរសេរសារនៅលើហ្វេសប៊ុក តែមិនបានបកស្រាយលើចំណុចដែលរកឃើញដោយអង្គការGlobal Witnessនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ