អង្គការ​សហ​ប្រជា​ជាតិ​សួរ​រដ្ឋាភិបាលកម្ពុជារឿង​​ «​ប្រើ​គល់​​ឬ​ស្សីវាយ​ក្បាល​បាតុករ»

​លោកស្រី រ៉ូណា ស្មីត ក្នុងជំនួប​ជា​មួយ​​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា

តំណាង​ពិសេស​នៃ​អង្គការសហ​ប្រជា​ជាតិបាន​លើក​យក​ការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ចពី​ការ​ប្រើ​គល់​ឬស្សី​វាយ​ក្បាលបាតុករនោះ មក​សួរ​រដ្ឋាភិបាល​កម្ពុជាដើម្បី​ឆ្លើយ​តប ខណៈលោក​ស្រី​ព្រួ​យបារម្ភ​ពី​ហិង្សា​ដែល​អាច​កើត​មាន​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ខាង​មុខ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុសុ្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត ចាប់​ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា​ពីថ្ងៃនេះ ក្នុងរយៈពេលដប់ថ្ងៃ ដើម្បីតាមដាននិងត្រួត​ពិនិត្យ​ពីស្ថានភាព​សិទ្ធិមនុស្សនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុង​ជំនួប​ជា​មួយ​​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជានៅព្រឹក​នេះ លោក​ស្រី ស្មីត បាន​លើក​យក​ការ​ថ្លែង​របស់លោក វង សូត ដែល​ថា​នឹង​យក​ «គល់​ឬ​ស្សី​វាយ​ក្បាល​» បាតុករ​ប្រសិន​ជា​មាន​ការ​តវ៉ា​ទៅ​នឹង​លទ្ធផល​ឆ្នោតឆ្នាំ​២០១៨ មក​សួរ​ចោ​ទសួររដ្ឋាភិបាល​កម្ពុជា។ លោកស្រីហៅ​ការ​ថ្លែង​នេះ​ថា ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស និង​ជា​ការ​បារម្ភ​របស់​អង្គការ​សហ​ប្រជា​ជាតិពីអំពើហិង្សា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ខាង​មុខ។

ក្នុង​សន្និសីទ​សារព័ត៌មានឆ្លើយ​តបទៅ​នឹង​ការ​លើ​ក​ឡើង​ និង​ការ​បារម្ភ​របស់​លោក​ស្រី​ ស្មីត ​នេះ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជាលោក កែវ រ៉េ​មី មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក វង សូត គឺ​គ្រាន់​តែ​ជា​ការ​អប់​រំ​តាម​ផ្លូវ​ច្បាប់ប៉ុណ្ណោះ។

លោក​ថា​៖ «ក៏​ប៉ុន្តែ​គ្រាន់​តែថា​ពាក្យ​សំដី​របស់​គាត់ វា​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​មួយ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស ក៏​ប៉ុន្តែ​លក្ខណៈរបស់​រដ្ឋ​មន្ត្រី​ដែល​លើក​ឡើង​នោះ​គាត់​ជា​មនុស្ស​ស្លូត​បូត។ ក៏​ប៉ុន្តែ​គាត់​ទទួល​ស្គាល់​ថា​គាត់​ជា​មនុស្ស​ស្លូត​បូត​មែន​តែ​ការ​លើក​ឡើង​នោះ​មិន​គួរ​ឲ្យ​មាន​ប្រតិកម្មភ័​យ​ខ្លាច​អញ្ចឹង​ទេ។ តែ​ខ្ញុំ​បាន​និយាយថាក្នុងលទ្ធភាព​នៃ​ការ​ភ័យ​ខ្លាច​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ខ្ញុំ​ទទួល​ស្គាល់​ក្នុង​តួនាទីរបស់​លោក​ជំទាវ ​រ៉ូណា ស្មីត ដែល​ធ្វើ​កិច្ច​ការ​នៅក្នុង​វិស័យ​សិទ្ធិ​មនុស្ស​វា​ជា​រឿង​ធម្មតា។ ព្រោះរឿង​សិទ្ធិ​មនុស្ស​អ្វី​ក៏​ដោយ​ពាក់​ព័ន្ធ​នឹង​រឿង ក​ ខ គ ឃ ង ដល់​ អ គឺ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ទាំង​អស់​»។

លោក​បាន​បញ្ជាក់​ថា តាម​រយៈការរៀប​ចំ​ច្បាប់ឲ្យ​មាន​ការ​ទទួល​ស្គាល់​លទ្ធផលបោះ​ឆ្នោត​នោះ លោក​ថានឹង​គ្មាន​ទៀតឡើយ ​ការ​ប្រមូល​ផ្តុំ​តវ៉ា​លទ្ធផល​ឆ្នោតឆ្នាំ​២០១៨​ខាង​មុខ។ ហើយ​ប្រសិន​ជា​មាន​ការ​តវ៉ា​នោះ​តាម​រយៈច្បាប់​នេះ​រដ្ឋាភិបាលកម្ពុជា​នឹង​យក​ទៅ​អនុវត្តន៍ទៅ​លើ​បក្ស​នយោបាយ​ណា​ដែល​មិនគោរព​តាម។

កាលពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​ក្រសួង​សង្គម​កិច្ច លោក​រដ្ឋ​មន្ត្រី ​វង សូត បាន​ថ្លែង​ដោយ​ព្រមាន​ប្រើ​ «គល់​ឬស្សី​វាយ​ក្បាល» ​អ្នក​ណា​ ដែល​ហ៊ាន​ចេញ​មក​តវ៉ា​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨ខាង​មុខ ដែល​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ពីមជ្ឍដ្ឋានជាតិ​ និង​អន្តរជាតិ​។ បន្ទាប់ពី​មាន​ប្រតិកម្មនេះក្រសួង​សង្គម​កិច្ច​បាន​ចេញ​មុខ​​បញ្ជាក់​ថា ​ការ​ថ្លែង​រដ្ឋ​មន្ត្រី​ មិន​មែន​ជា​ការ​គំរាម​កំហែង​ទេ គ្រាន់​តែ​ជា​ការ​ដាស់​តឿន ក្រើន​រំលឹក និង​ជាការ​ជម្រុញដល់​ការ​ធានា​សន្តិ​សុខ ដល់​ការ​បោះឆ្នោត​ នៅ​កម្ពុជា​នាពេល​ខាង​មុខ តែ​ការ​បកស្រាយ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​ថា​គ្រាន់​តែជា​ការ​ឆ្លើយ​យក​រួច​ខ្លួន និង​មិន​អាច​ទទួល​យក​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ