បទយកការណ៍៖ ស្ត្រីចូលរួមក្នុងវិស័យនយោបាយឆ្នាំ២០១៧

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រច្បាប់ស្តីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ

បន្ទាប់ពីគណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយបានដាក់របាយការណ៍និងអនុសាសន៍របស់ខ្លួនទៅរដ្ឋសភា ក្រសួងកិច្ចការនារី និងគណបក្សនយោបាយទាំងពីរដែលមានអសនៈនៅក្នុងរដ្ឋសភា ដោយស្នើឲ្យបញ្ចូលសម្លេងស្ត្រីក្នុងវិស័យនយោបាយមុនការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់កាលពីចុងឆ្នាំ២០១៥។ ក្រោយមកកំណើនស្ត្រីចូលរួមក្នុងវិស័យនយោបាយក៏កើនឡើងនៅឆ្នាំ២០១៧។ ដើម្បីជួយឲ្យស្ត្រីបានចូលរួមនៅក្នុងវិស័យនយោបាយ ស្ត្រីត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍មួយចំនួនលើកទឹកចិត្តដោយការសម្រេចចិត្តបោះឆ្នោតឲ្យក្លាយជាបេក្ខជនដឹកនាំជាស្ត្រី។

អាណត្តិទី៤ឆ្នាំ២០១៧នេះដើមចមដែលធ្វើឲ្យស្ត្រីចូលរួមក្នុងវិស័យនយោបាយយ៉ាងសស្រាក់សស្រាំ ព្រោះស្ត្រីត្រូវចូលរួមដឹងពីគោលនយោបាយនិងការសម្រេចចិត្តដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋទូទៅ បើទោះជាការចូលរួមក្នុងវិស័យនយោបាយរបស់ស្ត្រីមិនទាន់បានចំនួនតាមផែនការអភិវឌ្ឍន៍ក៏ដោយ ក៏ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ឆ្នាំ២០១៧មានការកើនឡើងជាងអាណត្តិទី៣ឆ្នាំ២០១២នេះបើតាមការអះអាងរបស់លោកស្រី ធីតា ឃឺះ ប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីនៅក្នុងនយោបាយ។

លោកស្រីបន្តថា៖ “២០១៧កន្លងទៅនេះស្ត្រីបានចូលរួមយ៉ាងសស្រាក់សស្រាំហើយស្ត្រីក៏មានសមត្ថភាពគួរសមដែរនៅក្នុងការចូលរួមនេះ​ ក៏ប៉ុន្តែយើងសង្កេតឃើញថាជាលទ្ធផល យើងអត់សូវបានចំនួនជាទីពេញចិត្ត ឬមួយក៏ផែនការណ៍តាមការអភិវឌ្ឍរបស់ប្រទេសនៅឡើយទេ ដូច្នេះយើងនៅចំនួនតិចចា៎! គិតទៅយើងមានការព្រួយបារម្ភ យើងខ្លះគោលនយោបាយច្បាស់លាស់ក្នុងការលើកកម្ពស់ស្ត្រីក្នុងតួនាទី“។

លោកស្រី ធីតា ឃឹះ បន្តទៀតថា ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយឆ្នាំ២០១៧ មិនត្រឹមតែចូលរួមជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុណ្ណោះទេ ស្ត្រីទាំងនោះមានទាំងសមត្ថភាពផ្នែកចំណេះដឹងទៀតផង។ ប៉ុន្តែអ្វីដែលជាឧបសគ្គរបស់ពួកគាត់សម្រាប់វិស័យមួយនេះ ​គឺការប្រកួតប្រជែងជាមួយបុរសនូវតួនាទីនៃគណបក្សនយោបាយធំៗទាំងពីរ។

លោកស្រីលើកទ្បើងទៀតថា៖ “ឃើញថានៅក្នុងខេត្តមួយចំនួន ឃើញស្រីច្រើននៅក្នុងការចូលរួមជាមួយគណបក្សដែលយើងធ្វើការជាមួយ គឺគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា ស្រីចូលរួមច្រើនចា៎​! ហើយគណបក្សទាំងពីរធ្វើការប្រកួតប្រជែងគ្នា ក៏ប៉ុន្តែដល់ពេលស្ត្រីដែលត្រូវទទួលតួនាទីនៅក្នុងជួរបេក្ខជនចា៎! ដាក់ទៅអត់សូវបានតួនាទីល្អ។ អញ្ចឹងទៅប្រជែងតែជាមួយនឹងបុរសដែលគេមានគ្នាមានបក្ខពួកនៅក្នុងគណបក្សនីមួយៗឃើញថាជួបនិងការលំបាកច្រើន“។

មានអាយុ៤៩ឆ្នាំក្នុងឯកសណ្ឋានពណ៌គគីអតីតជាចៅសង្កាត់រងទីពីរដែលបច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋគាំទ្រដោយការបោះឆ្នោតកាលពីថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ឲ្យក្លាយជាចៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិន៍សាត់ អ្នកស្រី នួន សុភី បាននិយាយទាំងទឹកមុខញញឹមថា ការដែលអ្នកស្រីសម្រេចចិត្តចូលរួមក្នុងវិស័យនយោបាយព្រោះមានការលើកទឹកចិត្តពីគ្រួសារ និង ការជំរុញពីប្រជាពលរដ្ឋដែលជួយបញ្ហាក្រោមការជួយរកដំណោះស្រាយរបស់លោកស្រីកន្លងមក។

អ្នកស្រីនិយាយថា៖ “ដោយសារកន្លងមកខ្ញុំខំប្រឹងណាស់ដើម្បីជួយគាត់ ទោះបីតើមិនបានកំរ៉ៃអីក៏ដោយ គឺខ្ញុំប្រឹង គ្រួសារខ្ញុំអត់ តែខ្ញុំនៅតែព្យាយាមជួយគាត់ទាំងកំលាំងកាយចិត្តទាំងអស់អញ្ចឹងទៅ ពេលដែលឈរបោះឆ្នោតកាលពីអាណត្តិ២០១២ អ៊ំចៅសង្កាត់គាត់សុំខ្ញុំឲ្យឈរឈ្មោះ ក៏ប៉ុន្តែកាលជំនាន់នឹងប្តីខ្ញុំលំបាកដោយសារតែគាត់ប្រច័ណ្ឌអញ្ចឹងអើ្ហណាស់! អញ្ចឹងគាត់ឲ្យខ្ញុំសុំ អញ្ចឹងក៏ខ្ញុំឈរឈ្មោះទៅបានជាប់ជាចៅសង្កាត់រងទី២ ចា៎!មកអាណត្តិនេះបងប្អូនប្រជាពលរដ្ឋមើលឃើញថាការខិតខំរបស់ខ្ញុំនឹងជួយដល់គាត់បានច្រើនអញ្ចឹងគាត់បោះឆ្នោតគាំទ្រខ្ញុំជាប់ជាចៅសង្កាត់នៅអាណត្តិថ្មី២០១៧នេះ“។

ស្របពេលដែលគណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយបានដាក់របាយការណ៍ និងអនុសាសន៍របស់ខ្លួនទៅរដ្ឋសភាកាលពីពេលកន្លងមក សភានៃប្រទេសកម្ពុជាបានប្រកាសគាំទ្រស្ត្រីក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច ដើម្បីរួមចំណែកកាត់​បន្ថយភាពក្រីក្រ និងអំពើហិង្សាក្នុងសង្គម និងគ្រួសារ។ រដ្ឋសភាក៏បានបង្កើតក្រុមសភាជាតិកម្ពុជា​នៃអ្នកនយោបាយសភាស្ត្រី ដើម្បីជំរុញការគាំទ្រ និងលើកទឹកចិត្តឲ្យស្ត្រីបានចូលរួមក្នុងការងារសាធារណៈ និង​នយោបាយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នេះជាប្រសាសន៍របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​លើកឡើង​ក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី ក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅវិមានរដ្ឋសភា។

ទោះជារដ្ឋសភាមានការគាំទ្រយ៉ាងណា ក៏យុវជនដែលចូលរួមស្ម័គ្រចិត្តតាមសង្គមស៊ីវិលមួយចំនួនបានសង្កេតឃើញថា បច្ចុប្បន្នស្ត្រីដែលបានចូលរួមក្នុងវិស័យនយោបាយមិនសូវមានភាពសកម្មនៅឡើយទេ នេះបើតាមការយល់ឃើញរបស់កញ្ញា គឹម កុសុមា យុវជនស្មគ្រ័ចិត្ត។ កញ្ញាថែមទាំងចង់ឃើញស្ត្រីចូលរួមក្នុងវិស័យនយោបាយកាន់តែច្រើនទៀតសម្រាប់អាណត្តិឆ្នាំ២០១៨ខាងមុខនេះ។

កញ្ញាបន្ថែមថា៖ “សម្រាប់ខ្ញុំបច្ចុប្បន្នអើ នៅក្នុងវិស័យនយោបាយខ្ញុំអត់សូវឃើញមានស្ត្រីលិចធ្លោច្រើនដែលខ្ញុំស្គាល់ទេមានតែមួយចំនួនតូចទេ អញ្ចឹងខ្ញុំគិតថាប្រសិនបើការបោះឆ្នោតលើកក្រោយបើឃើញស្ត្រីចូលរួមច្រើនក្នុងនាមខ្ញុំជាស្ត្រីខ្ញុំមានអារម្មណ៍សប្បាយរីករាយដូចគ្នា ហើយមានអារម្មណ៍ថាមានមោទនភាពក្នុងនាមជាស្ត្រី គាត់ជាមនុស្សម្នាក់ដំណាងឲ្យស្ត្រីកម្ពុជាជាច្រើន អញ្ចឹងខ្ញុំចង់ឃើញស្ត្រីច្រើននៅក្នុងវិស័យនយោបាយក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងអាណត្តិបោះឆ្នោតឆ្នាំក្រោយ។​ គាត់អាចតំណាងស្ត្រីខ្មែរ​គ្រប់វិស័យគួរមានស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ស្ត្រីក្នុងវិស័យនយោបាយ ស្ត្រីដែលអាចជួយអឺ! ទាមទារនូវសិទ្ធិសេរីភាពសម្រាប់ស្ត្រីនៅស្រុកខ្មែរ“។

សូមបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច មានការកើនឡើង ពិសេស​ស្ត្រីក្នុង​វិស័យសេដ្ឋកិច្ចគឺស្រ្តីចូលរួមក្នុងវិស័យ​កសិកម្មមានចំនួន៤៥,៣ភាគរយ ក្នុងវិស័យឧស្សា​ហ​កម្ម​ចំនួន៤៧,៤ភាគរយ និងវិស័យសេវាកម្មបានកើនឡើង​ដល់៣៥,៥ភាគរយ។ នេះជាការបង្ហាញរបស់ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ច​ការ​នារីក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅវិមានរដ្ឋសភា៕

ដោយអ្នកស្រី សាយ ផល្លា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ