អ្នកជំនាញថា គេ​ហទំព័រស្តីពី​ការ​ចង​ចាំ​នៃរបបខ្មែរ​ក្រហម ជួយដល់ការស្រាវជ្រាវ

ពិធីសម្ពោធជាផ្លូវ​ការគេ​ហទំព័រ​ឈ្មោះ www.khmerrougehistory.org និង​គេ​ហទំព័រ​ហ្វេស​បុក GENOCIDE EDUCATION IN CAMBODIA

ក្រុមអ្នកជំនាញ នៃមជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា ឲ្យដឹងថា ការដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​គេហទំព័រ​អប់​រំ​ ស្តីពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម គឺដើម្បី​រក្សា​នូវ​ការ​ចង​ចាំ និង​ជា​បណ្តុំ​ឯក​សារ​សម្រាប់​សិស្សានុសិស្ស​ធ្វើ​ការ​ស្រាវជ្រាវ។

គេ​ហទំព័រ​ឈ្មោះ www.khmerrougehistory.org និង​គេ​ហទំព័រ​ហ្វេស​បុក GENOCIDE EDUCATION IN CAMBODIA ត្រូវ​​បាន​បើ​សម្ពោធជាផ្លូវ​ការនៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា​នេះ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា ​ស្វែង​យល់​ពី​ឯកសារ​ជា​វី​ដេអូ សំឡេង និង​រូប​ថត នៃ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម​។

ប្រធាន​ផ្នែក​ស្រាវជ្រាវនៃ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា លោក​ស្រី សូ ហ្វារីណា បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា គេ​ហទំព័រ​នេះបាន​ចម្រេញ​ចេញ​ពីឯកសារ​ជាច្រើនដែល​យក​មក​សង្ខេប​ដែល​ធ្វើ​ឲ្យ​អ្នក​អាន​ ងាយ​​ស្រួល​អាន​ ងាយស្រួលស្វែង​រក និងស្រាវជ្រាវ។

លោកស្រីថា៖ «ចំណុចមួយទៀត គឺទាក់ទងនឹងការស្រាវជ្រាវបន្ថែម ប្រសិនបើមានភាពចាំបាច់ ឬសំណួរអីបន្ថែម ហើយចែករំលែកជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា ឬ វេបសាយ។ មួយទៀត នៅពេលដែលរកឃើញអ្វីមួយដែលថ្មី ក៏អាចចែករំលែក ជាមួយអ្នកអានបាន អញ្ចឹងវា មានលក្ខខណៈ dynamic វាមានលក្ខខណៈលឿនជាងសៀវភៅ ហើយវាអាច មានទំនាក់ទំនងជាមួយអ្នកប្រើប្រាស់បាន។ អញ្ចឹងវា មានលក្ខខណៈមួយដែល two ways អញ្ចឹងវា មានលក្ខខណៈប្លែកអំពីសៀវភៅច្រើន»។

អនុរដ្ឋ​លេខា​ធិការ​ក្រសួង​អប់​រំលោកស្រី ទន់ សាអ៊ីម មាន​ប្រសាសន៍​ថា គេ​ហទំព័រ​នេះ​នឹង​ជួ​យ​សម្រួល​​បន្ទុក​នៃ​ការ​បោះពុម្ភ​របស់រដ្ឋ​បាន​ច្រើន និង​ផ្តល់​ភាពងាយ​ស្រួល​ជាច្រើនដោយ​សារ​បច្ចុប្បន្ន​ជាសម័យ​អ៊ិន​ធើ​ណែត​ដែល​ធ្វើ​ឲ្យ​ការសិក្សា​ស្រាវជ្រាវទាំង​អស់​គឺ​អាច​សិក្សា​បាន​នៅ​លើប្រព័ន្ធ​អ៊ិ​ន​ធើណែត។

លោកស្រី៖ «យើងមានទំព័រហ្វេសបុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលនឹងផ្សព្វផ្សាយនៅថ្ងៃនេះ ជាផ្លូវការផងដែរ ដែលនឹងធ្វើឲ្យអ្នកដែលបើកមើល អ្នកដែលចាប់អារម្មណ៍នោះ កាន់តែច្រើន យើងគិតថា មនុស្សប៉ុន្មាននាក់ហើយ ដែលកំពុងប្រើទូរស័ព្ទដៃហើយមានហ្វេសប៊ុក អាចនឹងមើលថា សឹងតែថា នៅជនបទក៏មានដែរ។ មិនមែនធម្មតាទេ អ្នកខ្វៀលគោ ក៏អាចមានទូរសព្ទ មើលវេបសាយ មើលហ្វេសបុកអីអញ្ចឹងដែរ។ អញ្ចឹងយើងគិតថានេះ ជាការវិវឌ្ឍថ្មីមួយទៀតនៃបច្ចេកវិទ្យាព័ត៌មាននៅក្នុងការផ្សព្វផ្សាយខ្លឹមសារផ្នែកអប់រំ»។

គេ​ហទំព័រ​ពី​ប្រវត្តិសាស្ត្រខ្មែរ​ក្រហម​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជួយ​ជ្រោម​ពី​អង្គការ​អភិវឌ្ឍប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺ​ម៉ង់ និង​ទីភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​ សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ពីក្រសួង​អប់​រំ​ យុវជន​ និង​កីឡា។

បើ​តាម​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ប្រជា​ពល​រដ្ឋខ្មែរ​បច្ចុប្បន្ន​ទាំង​អស់​មាន​ប្រមាណ​៧០ភាគ​រយ ជា​អ្នក​មាន​កំណើត​ក្រោយ​របប​ខ្មែរ​ក្រហម។ របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ឬ ​ខ្មែរ​ក្រហម បាន​គ្រប់​គ្រង​ប្រទេស​​កម្ពុជាជិត​៤​ឆ្នាំ ដែល​ក្នុង​របបនោះ​មាន​ពល​រដ្ឋ​ខ្មែរត្រូវ​ បាន​គេ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ការ​ជាទំងន់ ហើយ​មនុស្ស​​ជិត ​២លាន​នាក់ ​បាន​បាត់​បង់​ជិវិត​ដោយ​ការ​កាប់​សម្លាប់ពី​រដ្ឋ​អំណាចនា​សម័យ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ