សាលារាជធានីឲ្យពលរដ្ឋតំបន់បឹងទំពុននិង​ជើងឯកដាក់បង្ហាញឯកសារកាន់កាប់ដីធ្លី

ពលរដ្ឋតំបន់បឹងទំពុននិង​ជើងឯក

សាលារាជធានីភ្នំពេញទុករយៈពេលមួយខែ ឲ្យពលរដ្ឋដែលកាន់កាប់ដីតំបន់បឹងទំពុន និងបឹងជើងឯក ដាក់ឯក​សារ​ផ្សេងៗ​​ ដែលទាក់ទងនឹងការកាន់កាប់ដីធ្លី ដើម្បីពិនិត្យផ្ទៀងផ្ទាត់លក្ខណៈត្រឹមត្រូវពីប្រវត្តិនៃការកាន់កាប់ដី។

រដ្ឋបាលនៃសាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី៦ ខែ តុលា ស្ដីពីការស្រង់ទិន្នន័យ​ក្បាល​​ដីដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបបឹងទំពុននិងបឹងជើងឯក ដោយសាលារាជធានី​ ទុករយៈពេល​មួយខែ រហូតដល់ថ្ងៃទី៦ ខែក្រោយ ដើម្បីឲ្យពលរដ្ឋយកឯកសារកាន់កាប់ដីច្បាប់ដើម មករដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាល​ខណ្ឌដង្កោ ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់លក្ខណៈត្រឹមត្រូវពីប្រវត្តិនៃការកាន់កាប់ដី។

សាលារាជធានីបន្តថាអនុគណៈកម្មការបច្ចេកទេសនឹងចុះធ្វើការបោះបង្គោលកំណត់ទីតាំងតំបន់អភិវឌ្ឍន៍ ដើម្បី​ឈាន​ទៅដោះស្រាយបញ្ចប់ជូនពលរដ្ឋដែលរងផលប៉ះពាល់ឲ្យបានឆាប់ ដើម្បីអភិវឌ្ឍតំបន់នេះតាមគោល​ការណ៍​គ្រោងទុករបស់រដ្ឋាភិបាល។

សេចក្កីជូនដំណឹងដដែលបន្តថាពលរដ្ឋដែលកាន់កាប់ដីតំបន់នោះ ហើយ​ពុំបាន​យកឯកសារ​មក​ប្រគល់​តាម​កាល​កំណត់​នោះទេ រដ្ឋបាលរាជធានីភ្នំពេញពុំទទួលខុសត្រូវចំពោះការខូចខាត និងបាត់បង់ផលប្រយោជន៍​ផ្សេងៗ​របស់​​ពលរដ្ឋនោះទេ។

សាលារាជធានីបញ្ជាក់ថាកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានទទួលយកឯកសារនៃការកាន់កាប់ដីរបស់ពលរដ្ឋ​នៅ​ទីស្នាក់ការក្រុមហ៊ុ​ន អាយ អ៊ិន​ ជី ហូលឌីង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍នេះបានមួយចំនួនហើយ ប៉ុន្តែនៅមានពលរដ្ឋមួយចំនួនទៀតមិនទាន់ប្រគល់ ដែលជាហេតុធ្វើឲ្យការស្រង់ទិន្នន័យនៃការកាន់កាប់ក្បាលដី​ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍នេះអួសបន្លាយពេលយូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ