គណៈកម្មការប្រកាសឲ្យពលករខ្មែរនៅថៃយកលេខបញ្ជាក់អត្តសញ្ញាណ

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

ក្រសួងការបរទេសកម្ពុជា​បានឲ្យដឹង​ថា ពលករខ្មែរដែលកំពុងស្នាក់នៅ និង​ធ្វើការងារនៅប្រទេសថៃ ត្រូវ​ទៅ​ទទួលលេខរៀងណាត់ពលករ ដើម្បី​បញ្ជាក់អត្តសញ្ញាណ ចាប់ពីថ្ងៃទី៧ខែវិច្ឆិកា​នេះ​ នៅគ្រប់​មន្ទី​រការ​ងារ​​​ខេត្ត ឬគ្រប់ការិយាល័យការងារនៅទីក្រុង​បាងកក។

ក្នុង​សេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែវិច្ឆិកា ដែលចុះហត្ថលេខាដោយ​អនុប្រធាន​គណៈ​កម្មការ​ផ្តល់ភាព​ស្រប​ច្បាប់​ដល់ពលករកម្ពុជា​ ដែលកំពុង​ស្នាក់នៅ និងធ្វើការនៅប្រទេស​ថៃ លោក ឡុង វិសាលោ មានខ្លឹម​សារ​ថា ក្រោយពីក្រសួងការងារថៃ បានជូនដំណឹងពីការចែកលេខរៀងណាត់ពលករ ជាពិសេសពលករ​ខ្មែរឲ្យទៅបញ្ជាក់​អត្តសញ្ញាណ ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះទៅ នៅគ្រប់មន្ទីរការងារ​ខេត្ត​ដែល​ពួក​គេ​​កំពុងធ្វើការ ឬនៅគ្រប់ការិយាល័យការងារ នៅទីក្រុងបាងកក។

សេចក្តីជូនដំណឹងមានខ្លឹមសារថា «បងប្អូនពលករកម្ពុជា ត្រូវទៅទទួលលេខរៀងណាត់ពីគ្រប់មន្ទីរការងារ​ខេត្ត ឬគ្រប់ការិយាល័យការងារក្នុងទីក្រុងបាងកក ដើម្បីមកបញ្ជាក់អត្តសញ្ញាណជាមួយក្រុមការងារអន្តរ​ក្រសួងចល័តដែលមាននៅទីក្រុងបាងកក ខេត្តរ៉ាក់យ៉ង និងខេត្តសុងក្លា»។

សេក្តីជូនដំណឹងដដែលបញ្ជាក់ថា ពលករកម្ពុជា ដែលទទួលបានលេខរៀងណាត់រួចពីក្រុមការងារអន្តរ ក្រសួង​ចល័ត អាចទៅបញ្ជាក់អត្តសញ្ញាណជាមួយក្រុមការងាររហូតដល់ចប់លេខរៀង​។

ករណីពលករមានចម្ងល់ អាចទំនាក់ទំនងក្រុមការងារគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ តាមរយៈលេខទូរសព្ទជាភាសាខ្មែរ ០៨២ ៤២ ២០ ០៤៤​,០៨២ ៤២ ២០ ០៥៥សម្រាប់ខេត្តប៉ាធុមថានី និង០៨២ ៤២ ២០ ០៧៧ សម្រាប់ខេត្តរ៉ាក់យ៉ង។​

របាយការណ៍របស់ក្រសួងការងារកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ ពលករខ្មែរ ទាំងអស់ដែល​កំពុង​បម្រើ​ការងារ​នៅថៃប្រមាណ១លាន១សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ