រឿងបំណុលដែលកម្ពុជាជំពាក់បរទេស នៅតែជាបញ្ហាចម្រូងចម្រាស់ នៅពេលណារដ្ឋាភិបាលកម្ពុជានិយាយអំពីថវិកាជាតិ។ បញ្ហាបំណុលបរទេសនេះ បានលេចឡើងជាថ្មីម្ដងទៀត បន្ទាប់ពីសំណើកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៨ ត្រូវបានរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញដល់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៧ ខែតុលាកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាប្រហែល ៦ពាន់លានដុល្លារ សម្រាប់ផែនការថវិកាជាតិនៅឆ្នាំ២០១៨ខាងមុខ ដែលធ្វើឲ្យគម្រោងកញ្ចប់ថវិកាជាតិឆ្នាំថ្មី កើនឡើងជាង ១៥ភាគរយ បើធៀបទៅនឹងកញ្ចប់ថិវកាជាតិឆ្នាំ២០១៧នេះ។
ដូចរៀងរាល់ឆ្នាំដែរ នៅពេលណារដ្ឋាភិបាលលើកឡើងនូវសំណើកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំថ្មី រដ្ឋាភិបាលក៏បានបង្ហាញនូវប្រភពនៃកញ្ចប់ថវិកាជាតិសម្រាប់ចំណាយ ដែលមួយផ្នែកនោះ បានមកតាមរយៈកម្ចីហិរញ្ញវត្ថុពីបរទេស មានប្រទេសជាដៃគូ និងបណ្ដាស្ថាប័នកម្ចីអន្តរជាតិជាដើម។
មិនខុសពីឆ្នាំមុនដែរ នៅក្នុងគម្រោងកញ្ចប់ថវិកាជាតិឆ្នាំថ្មីនោះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញគម្រោងខ្ចីថវិកាបរទេសប្រហែល ១៤០០លានដុល្លារ ដើម្បីបង្គ្រប់ទៅនឹងគម្រោងចំណាយដែលត្រូវបានបង្កើនទៅជិត ៦ពាន់លានដុល្លារនោះ។
ប្រសិនបើបូកបញ្ចូលទៅក្នុងបំណុលចាស់ដែលកម្ពុជាបានជំពាក់បរទេសនោះ ទំហំបំណុលសាធារណៈរបស់កម្ពុជា នឹងកើនឡើងដល់ទៅ ៧ពាន់ ៦០០លានដុល្លារ នៅក្នុងឆ្នាំ២០១៨ខាងមុខ ខណៈដែលកម្ពុជាបានជំពាក់បំណុលបរទេសដល់ទៅ ៦ពាន់ ២០០លានដុល្លាររួចមកហើយគិតត្រឹមឆ្នាំ២០១៧នេះ។
បន្ទាប់ពីគម្រោងខ្ចីប្រាក់បរទេសនេះ ត្រូវបានផ្សព្វផ្សាយនោះ វាបានជំរុញឲ្យមានការចោទសួរថា តើទំហំបំណុលដែលកម្ពុជាជំពាក់បរទេសនោះឡើងដល់កម្រិតមានហានិភ័យហើយឬនៅ?
ប្រសិនបើគេយកតួលេខនៃទំហំបំណុលសាធារណៈរបស់កម្ពុជាទៅធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេស នោះគេអាចដឹងបានថា បំណុលសាធារណៈដែលកម្ពុជាជំពាក់បរទេស មានកម្រិតប្រហែលជាង ៣០ភាគរយនៃទំហំសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានរដ្ឋាភិបាលព្យាករថា នឹងមានទំហំដល់ទៅ ២៤ពាន់ ៥៥២លានដុល្លារ នៅឆ្នាំ២០១៨ខាងមុខ។
ហើយប្រសិនបើតួលេខបំណុលនេះ ត្រូវបានយកទៅធៀបនឹងចំនួនប្រជាជនកម្ពុជាសរុបប្រហែល ១៥លាននាក់នោះ គេអាចរកឃើញថា ពលរដ្ឋកម្ពុជាម្នាក់ៗ ជំពាក់បំណុលបរទេសដល់ទៅជាង ៥០០ដុល្លារនៅឆ្នាំ២០១៨ខាងមុខ ខណៈដែលចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋកម្ពុជាម្នាក់ៗ មានទំហំប្រហែលជា ១២០០ដុល្លារប៉ុណ្ណោះ។
ទោះបីបំណុលសាធារណៈរបស់កម្ពុជាកើនឡើងរៀងរាល់ឆ្នាំក្ដី ក៏រដ្ឋាភិបាលកម្ពុជានៅតែអះអាងថា ទំហំនៃការខ្ចីប្រាក់បរទេសនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជានោះទេ ដោយរដ្ឋាភិបាលថា សមត្ថភាពសងត្រឡប់ទៅវិញរបស់កម្ពជា នឹងកាន់តែខ្ពស់ថែមទៀត នៅពេលសេដ្ឋកិច្ចរបស់ប្រទេសរីកចម្រើន។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងទៀតថា បំណុលសាធារណៈដែលកម្ពុជាជំពាក់បរទេសនោះ ស្ថិតក្នុងស្ថានភាពមួយមានចីរភាព ហើយហានិភ័យដែលកើតចេញពីបំណុលនេះ ស្ថិតនៅកម្រិតទាបនៅឡើយ នៅក្នុងរយៈពេលខ្លី។
ការអះអាងបែបនេះរបស់រដ្ឋាភិបាល ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ យល់ស្រប ដោយថា កម្ពុជានៅតែមានលទ្ធភាពសងបំណុលនេះ។ ប៉ុន្តែ លោកបានចោទសួរអំពីបញ្ហាប្រសិទ្ធភាព និងតម្លាភាពនៃការប្រើប្រាស់កម្ចីបរទេស សម្រាប់គម្រោងវិនិយោគសាធារណៈនានានៅទូទាំងប្រទេស។
លោក ង៉ែត ជូ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា មិនទាន់ជាបញ្ហាទេ តែរដ្ឋាភិបាលត្រូវត្រៀមខ្លួនផងដែរ ត្រូវត្រៀមរៀបចំខ្លួនដែរ។ រៀបចំទៅថ្ងៃអនាគត គឺកាត់បន្ថយការខ្ចីបុលពីបរទេស ព្រោះយើងជិតដល់កម្រិតដែលខ្ញុំបានលើកឡើងគឺកម្រិតត្រឹម ៥០ភាគរយនៃ GDP។ អញ្ចឹង កម្រិតវាកំណត់ហើយ យើងនៅតែបន្តខ្ចីទៀត វាធ្វើឲ្យសេដ្ឋកិច្ចងាយរងគ្រោះ»។
ទោះបីជាខាងរដ្ឋាភិបាល និងអ្នកជំនាញសេដ្ឋកិច្ចនៅតែមានគំនិតសុទិដ្ឋិនិយមចំពោះទំហំបំណុលសាធារណៈរបស់កម្ពុជាក៏ដោយ ប៉ុន្តែ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា លោក សុន ឆ័យ មានក្ដីបារម្ភចំពោះកំណើននៃទំហំបំណុលដែលកម្ពុជាជំពាក់បរទេស។
លោកបានបន្ថែមថា កញ្ចប់ថវិកាជាតិ ត្រូវបានបង្កើនជារៀងរាល់ឆ្នាំ ប៉ុន្តែ លទ្ធផលដែលកើតចេញពីកញ្ចប់ថវិកានោះ លោកថា មិនសមាមាត្រនោះឡើយ។ លោក សុន ឆ័យ បានឲ្យដឹងថា ប្រទេសកម្ពុជាបានចាប់ផ្ដើមសងការប្រាក់ជាង ២០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោកថា៖ «កំណើនសេដ្ឋកិច្ចកន្លងទៅប្រហាក់ប្រហែល នឹង ៧ ភាគរយ គឺភាគច្រើនការកើនសេដ្ឋកិច្ចហ្នឹង គឺចេញពីការខ្ចីលុយគេទេ។…ហើយ លទ្ធភាពនៃការសងគឺកាន់តែលំបាក ព្រោះថវិកានោះ ឡើងកាន់តែច្រើន ហើយយើងចាប់សងគេបណ្តើរហើយ តាមខ្ញុំដឹង។ គ្រាន់តែការប្រាក់ជាង ២០០លានក្នុងមួយឆ្នាំ ដូច្នេះធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែលំបាក»។
មិនខុសពីលោក ង៉ែត ជូ នោះទេ លោក សុន ឆ័យ បានប្រាប់ទៅរដ្ឋាភិបាល ឲ្យយកចិត្តទុកដាក់ពង្រឹងឡើងវិញនូវការពិនិត្យ និងតាមដានថវិកាជាតិឲ្យកាន់តែតឹងរឹង ជាពិសេស លោកចង់ឃើញរដ្ឋាភិបាលពិនិត្យមើលការប្រើប្រាស់ថវិកាជាតិខុសទិសដៅ។
ក្ដីបារម្ភអំពីប្រសិទ្ធភាពនៃការប្រើប្រាស់កម្ចីបរទេស មិនមែនគ្មានមូលដ្ឋាន និងគ្មានគំរូសម្រាប់ឆ្លុះបញ្ចាំងទេ។ ជាឧទាហរណ៍ ប្រទេសក្រិចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដែលជាមូលដ្ឋានអភិវឌ្ឍន៍យូរឆ្នាំមកហើយនោះ បែរជាធ្លាក់ចូលទៅក្នុងវិបត្តិបំណុលនៅចាប់ពីឆ្នាំ២០០៨។ ទំហំបំណុលសាធារណៈរបស់ប្រទេសនេះ មានដល់ទៅ ១៧៩ភាគរយនៃទំហំសេដ្ឋកិច្ចប្រទេសទាំងមូល។ វិបត្តិបំណុលសាធារណៈនៅក្នុងប្រទេសនេះ ត្រូវបានគេបន្ទោសទៅលើការចំណាយខ្ជះខ្ជាយ និងគ្មានប្រសិទ្ធភាពរបស់រដ្ឋាភិបាលក្រិចដឹកនាំដោយគណបក្សប្រជាធិបតេយ្យថ្មី ដែលបានគ្រប់គ្រងអំណាចអស់រយៈពេល ៣ទសវត្សរ៍។ គេបន្ទោសទៅលើបក្សមួយនេះថា ដោយហេតុតែចង់ឈ្នះការបោះឆ្នោតបន្តអំណាចទៀតនោះ បានយកចិត្តអ្នកបោះឆ្នោត តាមរយៈការដាក់ចេញគោលនយោបាយដែលធ្វើឲ្យអ្នកបោះឆ្នោតសប្បាយរីករាយ ដូចជាដំឡើងប្រាក់ខែបុគ្គលិករដ្ឋដោយស្វ័យប្រវត្តិជារៀងរាល់ឆ្នាំ ដោយមិនផ្អែកលើប្រសិទ្ធភាព និងផលិតកម្មការងារនោះឡើយ។
ដូច្នេះ ទំហំបំណុលដែលកម្ពុជាជំពាក់បរទេស ស្ថិតនៅកម្រិតមួយដែលមានហានិភ័យទាបនៅឡើយ មានន័យថា កម្ពុជានៅតែអាចបន្តខ្ចីថវិកាពីបរទេស ដើម្បីយកមកអភិវឌ្ឍប្រទេសដដែល ប៉ុន្តែ ប្រទេសនេះត្រូវប្រើប្រាស់កម្ចីទាំងនោះប្រកបដោយតម្លាភាព និងប្រសិទ្ធភាពបំផុត ដើម្បីបញ្ចៀសហានិភ័យដូចករណីប្រទេសក្រិច៕