សមាគមអាដហុកបានសម្រេចបញ្ចប់កិច្ចសន្យាការងារបុគ្គលិកម្នាក់ប្រចាំខេត្តរតនគិរីមុនកាលកំណត់ ដោយសារលោក ឆាយ ធី បានចេញមុខធ្វើសន្និសីទសារព័ត៌មានគាំទ្រគណបក្សប្រជាជនកម្ពុជាជាចំហ ខណៈលោកមិនទាន់បានបញ្ចប់ការងារពីអាដហុកនៅឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អាដហុកមិនឯកភាពពន្យារពេលដល់លោក ឆាយ ធី ក្នុងការលាឈប់ពីអាដហុករហូតដល់ថ្ងៃទី៣០ខែមករានេះឡើយ ដោយសារលោកបានធ្វើសន្និសីទនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តរតនគិរី ក្នុងការចូលរួមពេញសិទ្ធិរបស់គណបក្សនេះ។
អាដហុកបានបញ្ជាក់ថា លក្ខខន្តិកៈរបស់សមាគមនេះ គឺបានហាមមិនឲ្យធ្វើនយោបាយឬចូលរួមសកម្មភាពជាមួយគណបក្សនយោបាយណាមួយឡើយ។
ទោះជាយ៉ាងណា អាដហុកចាត់ទុកថាការដែលលោក ឆាយ ធី ទៅចូលរួមជាមួយគណបក្សកាន់អំណាចនៅពេលនេះ គឺជាសិទ្ធិបុគ្គលដែលសមាគមនេះមិនអាចហាមឃាត់ឡើយ។
លោក ឆាយ ធី ដែលធ្វើការនៅអាដហុកជិត១០ឆ្នាំមកនោះ បានសម្រេចចិត្តទៅចូលគណបក្សប្រជាជនកម្ពុជា ដោយឈរឈ្មោះ ជាបេក្ខជន មេឃុំ ប៉ាតេ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់ការបោះឆ្នោតខាងមុខ ខណៈឃុំនេះ ត្រូវបានគណបក្សប្រឆាំងឈ្នះជាមេឃុំចំនួនពីរអាណត្តិមកហើយ៕