សាលារាជធានីភ្នំពេញអនុញ្ញាតឲ្យក្រុមហ៊ុនមួយឈ្មោះ ស៊ីអេច គឹមហ៊ាងអភិវឌ្ឍន៍ (ខេមបូឌា) សិក្សាពីការកែច្នៃសំរាម ឲ្យទៅជាថាមពលអគ្គិសនីអាចប្រើប្រាស់បាន ដើម្បីចូលរួមកាត់បន្ថយកាកសំណល់ ដែលបំពុលបរិស្ថានក្នុងរាជធានី។
នៅថ្ងៃចន្ទ ទី៩ ខែមករា នេះលោក អៀង អូននី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីមន្ទីរជំនាញនានាបានប្រជុំពិភាក្សាស្តីពីគម្រោងស្នើសុំវិនិយោគសាងសង់រោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គីសនីនៅរាជធានីភ្នំពេញ។ នេះបើតាមហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ។
បន្ទាប់ពីការពិភាក្សាលោក អៀង អូននី បានឯកភាពអោយក្រុមហ៊ុន ស៊ីអេច គឹមហ៊ាងអភិវឌ្ឍន៍ ធ្វើការសិក្សាលម្អិតនៅទីលានចាក់សំរាម ទាំងផ្នែកបច្ចេកទេស ទីតាំង ទាំងបរិមាណសំរាម និងទុនវិនិយោគ។
របាយការណ៍របស់អាជ្ញាធរបង្ហាញថា ភ្នំពេញបច្ចុប្បន្ននេះ មានសំរាមប្រមាណជិត១៨០០តោនក្នុង១ថ្ងៃ ដែលត្រូវបានប្រមូលទៅចាក់ទុកនៅទីលានចាក់សំរាមផ្សេងៗ៕