អាជ្ញាធរ​ស្រុក​កណ្ដាល​ស្ទឹង​ហៅ​តំណាង​៧​រូប​ទៅ​សាក​សួរ អ្នក​ភូមិ​លើក​គ្នា​ជាង​២០០​នាក់​ទៅ​គាំ​ទ្រ

អ្នក​ភូមិ​ជាង ២០០​នាក់​នៅ​ខេត្ត​កណ្ដាល បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាលា​ស្រុក​កណ្ដាលស្ទឹង​ បន្ទាប់​ពី​តំណាង​របស់​ពួកគេ ៧​រូប ត្រូវ​បាន​អាជ្ញាធរ​ស្រុក​នេះ​​ហៅ​ទៅ​សាក​សួរ​ជុំ​វិញ​ការ​ផ្ដិត​មេដៃ​របស់​អ្នក​ភូមិ ដែល​ទាម​ទារ​រក​ដំណោះ​ស្រាយ​សម្រាប់​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍។

អ្នក​ភូមិ លោក ភោគ ផានី ដែល​ជា​តំណាង​ម្នាក់​ក្នុង​ចំណោម​តំណាង ៧​នាក់ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា អាជ្ញាធរ​ស្រុក​កណ្ដាល​ស្ទឹង បាន​ហៅ​លោក និង​អ្នក​ភូមិ ៦​រូប​ទៀត ទៅ​សាក​សួរ​ជុំ​វិញការផ្ដិត​មេដៃ​របស់​ប្រជាជន​នៅ​ក្នុង​សហគមន៍​របស់​លោក ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ជម្លោះ​ដី​ធ្លី​ជាង ៤០០​ហិកតា។

លោក​បន្ថែម​ថា ក្រុម​អ្នក​ភូមិ​បាន​ធ្វើ​ដំណើរ​ទៅ​គាំ​ទ្រ​លោក​នៅ​ឯ​សាលា​ស្រុក ដោយ​បារម្ភ​​ថា ពួកលោក​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន នៅ​ក្នុង​វិវាទ​ដី​ធ្លី​នេះ។

អ្នក​ភូមិ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ ១២៣៤​គ្រួសារ នៅ​ឃុំ​អំពៅព្រៃ បានទាមទារ​សំណង​ពី​ក្រុមហ៊ុន​ ហេង អភិវឌ្ឍន៍ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​កាន់​កាប់​ដី​បឹង​ទំហំ​ជាង ៤០០​ហិកតា ដែល​អ្នក​ភូមិ​ថា ជា​ដីរួម​ក្នុង​សហគមន៍​ដែល​អ្នក​ភូមិ​បាន​អាស្រ័យ​ផល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប៉ុន្តែ​ មេឃុំ​​អំពៅព្រៃ​ លោក ​នុប ណាន់​ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ទាំង​នោះ មិន​មែន​ជា​ម្ចាស់​កាន់​កាប់​ដី​ធ្លី​ទាំង​នោះ​ទេ ហើយ​លោ​កថា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក៏​បាន​ដោះ​ស្រាយសំណង​ចំនួន ៨០​ដុល្លារ​ដល់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​កាល​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ