អ្នកនាំពាក្យរាជធានីថា ក្រុមយុវជនរៀបចំកម្មវិធីគ្មានការអនុញ្ញាតពីអាជ្ញាធរ

រូបភាពពី Facebook

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន បាន​ជួប​ជុំ​គ្នា​ដាក់​កម្រង​ផ្កា ឬ​រូបថត នៅ​ក្នុង​ម៉ាត​ក្នុង​ការ៉ាស់​សាំង​កាល់តិច ដោយ​ពុំ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​នោះ​ឡើយ។

យុវជន​មួយ​ក្រុម​មក​ពី​អង្គការ​សង្គម​ស៊ីវិល នៅ​ព្រឹក​ថ្ងៃ​នេះ បាន​​ចូល​ទៅ​ដាក់​កម្រង​ផ្កា និង​រូបថត​នៅ​ក្នុង​ការ៉ាស់​កាល់តិច ជា​ទីដែល​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន ប៉ុន្តែ ពួកគេ​ត្រូវ​បាន​កម្លាំង​សន្តិសុខ​សាលា​រាជ​ធានី​រារាំង​ទៅ​វិញ។

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ប្រាប់​វីអូឌី​នៅ​រសៀល​ថ្ងៃ​នេះ​ថា សកម្មភាព​របស់​ក្រុម​យុវជន​ទាំង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ទេ ដោយ​លោក​ថា ពួកគេ​ពុំ​បាន​សុំ​ច្បាប់​ទៅ​សាលា​ក្រុង​នោះ​ឡើយ ហើយ​ក្រុមហ៊ុន Chevron ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​រៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​ទីនោះ​ផង​ដែរ។

លោក​ថា៖ “ទី១ ដោយសារតែ​នៅទីហ្នឹងមិនមែនជាទីតាំងដែលរៀបចំសម្រាប់​សាសនា ឬជាវត្ត​ឧទាហរណ៍ទេ​ណាសម្រាប់​ធ្វើកម្មវិធី​ដូចដែល​ប្អូនៗ​ក្រុម​យុវជនមានបំណងចង់ធ្វើនោះទេ។ ទី២ សកម្មភាពនេះអត់មានបានជូនដំណឹង ឬសុំច្បាប់ទម្លាប់ដល់​អាជ្ញាធររបស់​យើងនោះទេ ហើយដោយ​ឡែក​ទីតាំង​ជាក់ស្តែងជាទីតាំងឯកជនរបស់ក្រុមហ៊ុនកាល់តិច ហើយយើងក៏អត់ទាន់បាន​ទទួលដំណឹង​អនុញ្ញាត​ពីក្រុមហ៊ុន​ហ្នឹងសំរាប់​ឱ្យប្អូនៗ​យុវជន​ធ្វើដែរ”។​

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស នៅ​ក្នុង​ម៉ាត​ស្ថិត​ក្នុង​ការ៉ាស់​សាំង​កាល់តិច នៅ​ម្ដុំ​ស្តុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ​មុន។

រហូត​មកដល់​បច្ចុប្បន្ន​នេះ មាន​តែ​ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ​ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ក្រោយ​ឃាតកម្ម​នេះ។

ប៉ុន្តែ ក្រុម​អង្គការ​ស៊ីវិល​លើក​ឡើង​ថា សវនាការ​លើ​ជន​សង្ស័យ​រូប​នេះ​មាន​ចន្លោះ​ប្រហោង និង​មាន​ចំណុចសង្ស័យ​ជាច្រើន ពាក់​ព័ន្ធទៅ​នឹង​មូល​ហេតុ​នៃ​ឃាតកម្ម​នេះ ដែល​ត្រូវ​បាន​ជន​សង្ស័យ​ឈ្មោះ អឿត អាង ប្រាប់​ទៅ​សមត្ថកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ