សកម្មជនការពារសិទ្ធិមនុស្សដែលទើបត្រូវបានដោះលែងនាពេលថ្មីៗនេះ បានអំពាវនាវទៅសមត្ថកិច្ចកម្ពុជា ឲ្យពន្លឿនការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងករណីឃាតកម្មលើអ្នកវិភាគនយោបាយល្បីឈ្មោះ លោកបណ្ឌិត កែម ឡី យកទៅកាត់ទោសទៅតាមផ្លូវច្បាប់។
មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក លោក យី សុខសាន្ត ដែលត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា បានធ្វើដំណើរជាមួយក្រុមគ្រួសារ ទៅចូលរួមបុណ្យខួប ១ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែលរៀបចំធ្វើឡើងនៅឯឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃនេះ។
នៅគណនីហ្វេសប៊ុករបស់លោក លោក យី សុខសាន្ត បានរៀបរាប់ថា លោកបណ្ឌិត កែម ឡី បាត់បង់តែរូបកាយ តែកេរ្តិ៍ឈ្មោះនៅ។ លោកសោកស្ដាយចំពោះការបាត់បង់អ្នកវិភាគរូបនេះ ដែលលោកថា បានលើកទឹកចិត្តដល់គ្រួសារលោក បន្ទាប់ពីរូបលោកត្រូវបានចាប់ដាក់ឃុំ។
លោក យី សុខសាន្ត រៀបរាប់ថា៖ “…ក៏សូមសំណូមពរឲ្យសមត្ថកិច្ចពន្លឿន[ការ]ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ មកកាត់ទោសតាមផ្លូវច្បាប់ឲ្យបាន”។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំមុន តែជាង ១ខែក្រោយពីលោក យី សុខសាន្ត និងសហការីរបស់លោក ៣រូបទៀត ត្រូវបានចាប់ខ្លួន ក្រោមការចោទថា បានសូកប៉ាន់សាក្សី នៅក្នុងសំណុំរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំបក្សសង្គ្រោះជាតិ លោក កឹម សុខា៕