អាជ្ញាធររកឃើញបដិមាព្រះពុទ្ធស្តេចថ្នាំក្នុងរាជ្យស្តេចជ័យវរ្ម័នទី៧

(FB: អាជ្ញាធរជាតិអប្សរា)

ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី រកឃើញព្រះពុទ្ធបដិមាច្រើនបំណែក ជាព្រះពោធិ៍សត្វ ដែលមានព្រះនាមហៅថា «ភៃសជ្យគុរុ» ដែលមានន័យថា ព្រះពុទ្ធគ្រូសេ្តចថ្នាំនៅសម័យបុរាណ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកប្រឹក្សាផ្នែកវិទ្យាសាស្រ្តនៃគម្រោងស្រាវជ្រាវនេះ បានឲ្យដឹងថា បំណែកព្រះពុទ្ធរូបទាំងនោះត្រូវបានជីកឃើញនៅល្ងាចថ្ងៃ៦ ខែសីហា ហើយតាមការពិនិត្យទម្រង់នៃបំណែករូបទាំងនោះ ថាជាបំណែករូបផ្សេងៗពីគ្នា។ នេះបើតាមការគេហទំព័រអាជ្ញាធរជាតិអប្សរា។​

តាមលោក អ៊ឹម សុខរិទ្ធី ក្នុងចំណោមព្រះពុទ្ធរូបទាំងនោះ គឺមានបដិមាមួយដែលគេដឹងថា ជាព្រះពុទ្ធស្តេចថ្នាំ ដោយពិនិត្យលើទម្រង់រូប ដែលនៅលើព្រះហស្ថ ឬដៃមានដុំមូលមួយ រាងដូច សាជី។ លោកបន្ថែមថា រូបទាំងនោះតែងតម្កល់នៅគ្រប់មន្ទីរពេទ្យនៅក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧។

ក្រុមអ្នកស្រាវជ្រាវ បានរៀបចំពិធីសាសនាមួយនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ មុនបន្តជីក និងលើកព្រះពុទ្ធរូបចេញពីកន្លែងកំណាយ។ បដិមាដែលខ្លះជាព្រះពុទ្ធប្រក់នាគ ត្រូវបានរកឃើញនៅរណ្តៅកំណាយទី៤នៅផ្នែកខាងកើតនៃប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ