ខ្មែរក្រោមទទូចឲ្យវៀតណាមទទួលស្គាល់ពួកគេជាជនជាតិដើម

ទិវាពិភពលោក ស្តីពីជនជាតិដើម

សមាគមខ្មែរកម្ពុជាក្រោមទទូច​ទៅរដ្ឋាភិបាលវៀតណាមឲ្យឈប់រិតត្បិតសេរីភាពលើប្រជាពលរដ្ឋខ្មែ​រកម្ពុជា​ក្រោ​ម​​​ និងទាមទារឲ្យទទួលស្គាល់ខ្មែរក្រោម​ជាជនជាតិដើម ខណៈវៀតណាមថា​ពួក​គេ​​ជាជន​ជាតិ​ភាគ​តិច​​។

ក្នុង​ពីធីអបអរសាទរទិវាពិភពលោក ស្តីពីជនជាតិដើម ថ្ងៃទី៩ ខែសីហានេះ នាយកកម្មវិធី​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន បាន​ថ្លែ​ង​ប្រាប់​​អ្នក​​សារព័ត៌មានថា រយៈពេល៦៨ឆ្នាំហើយ ដែលបារំាងកាត់ទឹកដីខ្មែរ​កម្ពុជា​ក្រោម​ឲ្យវៀត​ណាម​គ្រប់​គ្រង។ លោកថា​ករណី​នេះ វៀតណាម​បាន​ប្រើអំណាច​រិតត្បិតសេរី​ភាព​ខាងជំនឿ សាសនា វប្បធម៌ វិស័យអប់រំ វិស័យសេដ្ឋកិច្ច និងការបញ្ចេញមតិ រួមទំាងការទទួលបានព័ត៌មានជាដើម។

លោក ជុំជួន បានទាមទារ​ទៅរដ្ឋាភិបាលវៀតណាមឲ្យឈប់រិតត្បិតសេរីភាពប្រជាពលរដ្ឋខ្មែ​រកម្ពុជាក្រោ​ម​​​​ និងទាមទារឲ្យទទួលស្គាល់ខ្មែរក្រោម​ជាជនជាតិដើមស្របតាមបទដ្ឋាន និងលិខិតូ​បករណ៍​អន្តរ​ជាតិ។

លោកថ្លែងថា «សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិជនជាតិដើម គឺមាននិយមន័យច្បាស់ណាស់​ ផ្អែ​ក​តាម​និយ​មន័យនៃសេចក្តីថ្លែងការណ៍គឺខ្មែរកម្ពុជាក្រោមចូលនៅក្នុងនិយមន័យហ្នឹងគឺជាជនជាតិដើម ហើយ​យើងផ្អែកលើឯកសារប្រវត្តសាស្ត្រ និយមន័យលិខិតតុបករណ៍របស់អង្គការសហប្រជាជាតិនេះ ខ្មែរក្រោម​គឺជា​ជនជាតិដើម ដោយស្វ័យប្រវត្តិតែម្តង ពីព្រោះថា ជនជាតិដើមគឺជាជនដែលស្ថិ​តនៅ​អាណា​និគម​នៃ​ប្រ​ទេសណាមួយ​ ជនដែលស្ថិតនៅក្រោមជាតិសាស្ត្រណាមួយ នៅលើទឹកដី ដែលបុព្វបុរសរបស់ យើង​ដែល​បានបន្សល់ទុកឲ្យ»។

វីអូឌី មិនអាចសុំការបំភ្លឺជុំវិញករណីនេះ ពីមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទេ នៅ​ថ្ងៃនេះ​​​។

មាត្រា​៣,១១,១៣ និងមាត្រា​៤៤ នៃសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពី សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច មានខ្លឹមសារថា ជនជាតិដើមភាគតិចមានសិ្ធទ្ធិស្វ័យសំរេចពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម​កិច្ច និង​វប្ប​ធម៌​​របស់​ខ្លួនដោយសេរី រួមទំាងសេរីភាពធ្វើឲ្យរស់រវើកឡើងវិញនូវប្រពៃណី ទំនៀម​ទំលាប់ វប្ប​ធម៌​ពីអតីត​កាល​ បច្ចុប្បន្ន និងអនាគត សម្រាប់ឲ្យកូនចៅជំនាន់ក្រោយ​ប្រើប្រាស់ ដោយសិទ្ធិនិង​សេរី​ភាព​ទំាង​អស់​នេះ ​ត្រូវ​បាន​ធានាការពារ​ដោយស្មើគ្នាចំពោះមុខជនជាតិដើមភាគតិច ទំាងបុរស និងស្ត្រី។

លោក ជុំជួន អះអាងទៀត​ថា កាលពីអំឡុងខែមិថុនា លោកបានយកញត្តិដាក់ទៅក្រសួងការ​បរទេស​កម្ពុជា​​​ឲ្យជួយអន្តរាគមន៍ទៅ​វៀតណាម ឲ្យបញ្ឈប់ការរិតត្បិតសេរីភាពប្រជាពលរដ្ឋខ្មែរកម្ពុជា​ក្រោម​បន្ត​ទៀត​​​ដែរ ប៉ុន្តែ​លោកថា រហូតមក​ដល់ពេលនេះ​មិនទាន់មានការឆ្លើយតបនៅឡើយ​។

យ៉ាងណាក៏ដោយ VOD មិនអាច​សុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី​ បាន​ទេនៅថ្ងៃនេះ ដោយទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល។

ប្រជាពលរដ្ឋនិងព្រះសង្ឃខ្មែរកម្ពុជា ដែលរស់នៅក្នុងប្រទេសកម្ពុជា បានផ្ទុះការតវ៉ាជាបន្តបន្ទាប់​កាលពី​អំឡុង​ខែកក្កដា និងសីហា ឆ្នាំ ២០១៤កន្លងមក ទាក់ទងនឹងប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រោម បន្ទាប់​ពី​មន្ត្រី​អ្ន​កនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង អះអាងថា បារាំងមិន​បានកាត់​ទឹក​ដី​​កម្ពុជា​​ក្រោមទៅឲ្យវៀតណាមទេ។

បន្ទាប់ពីប្រកាន់ជំហរមិនសុំទោសចំពោះការអះអាងដ៏ចម្រូងចម្រាស់នេះ លោក ត្រឹង វ៉ាន់ថុង ត្រូវ​បាន​រដ្ឋាភិ​បាលវៀតណាម ផ្លាស់ប្ដូរចេញពីស្ថានទូតវៀតណាមប្រចាំកម្ពុជា កាលពីខែកញ្ញា ក្នុង​ឆ្នាំ២០១៤។

ទឹកដីកម្ពុជា ដែលមានចំនួន ២១ខេត្ត ត្រូវបានអាណាព្យាបាលបារាំង កាត់បញ្ចូលទៅក្នុង​ការគ្រប់​គ្រង​របស់​​​វៀតណាម នៅក្នុងឆ្នាំ១៩៤៩ ដោយគ្មានការឯកភាពពីប្រជាពលរដ្ឋខ្មែរនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ