ពលរដ្ឋមានជម្លោះដីធ្លីរកកិច្ចអន្តរាគមន៍បន្ថែមទៀតឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស

អ្នកមានជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទែនិងរដ្ឋសភា ដោយជំរុញឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងតំណាងពួកគេ ខណៈមេដឹកនាំគណបក្សនយោបាយទាំងពីរដែលមានអាសនៈក្នុងសភាគ្រោងនឹងជួបគ្នានៅខែមករានេះ។

សហគមន៍ដីធ្លីទាំងនោះមកពី បឹងកក់ បុរីកីឡា ផ្លូវដែក និងជ្រោយចង្វា។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិនៅក្រសួងមហាផ្ទៃថា អ្នកដែលកំពុងឃុំចំនួន៦នាក់នោះ មិនបានប្រព្រឹត្តបទល្មើសដូចតុលាការចោទប្រកាន់ឡើយ។ អ្នក​ស្រី​ជឿថា អ្នកទាំងនោះអាចនឹងត្រូវដោះលែង ក្រោយពីជំនួបលោក ស ខេង និងលោក កឹម សុខា  ដែលគ្រោងនឹងធ្វើក្នុងខែមករានេះ។

អ្នកស្រីថា៖ «ក្ដីសង្ឃឹមយ៉ាងមុតមាំរបស់ពួកខ្ញុំថា​ លោក ឧបនាយការដ្ឋមន្ត្រី ស ខេង គាត់នឹងផ្ដល់យុត្តិធម៌ ឲ្យអ្នកស្រី ទេព វន្នី ហើយនិងសង្គមស៊ីវិលឲ្យគាត់មានសេរីភាពក្នុងពេលឆាប់ៗនេះ ដោយសារតែ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង គាត់បាននិយាយជាសាធារណៈថា គាត់នឹងផ្ដល់យុត្តិធម៌សម្រាប់មន្ត្រី គ.ជ.ប ១ រូប ហើយនឹងមន្ត្រី អាដហុក ៤ រូប នឹងធ្វើការដោះលែងនៅចុងឆ្នាំ២០១៦។ ចឹងក្ដីសង្ឃឹមរបស់ពួកយើង គឺ​នៅមានបន្តរហូត យើងនឹងផ្ដល់ក្ដីសង្ឃឹមទៅឧបនាយករដ្ឋមន្ត្រី ស ខេង ​​ ​ស្របពេលដែ​លគាត់តែងផ្ដល់ក្ដីសង្ឃឹមឲ្យយើង។ ចឹងនៅក្នុងបេះដូងរបស់ពួកយើងទាំងអស់គ្នានៅតែជឿជាក់ ​នៅតែរកកិច្ចអន្តរាគមន៍ពីលោក ឧបនាយករដ្ឋមន្ត្រី ស ខេង ព្រោះអីគាត់មិនដែលទុកប្រជាពលរដ្ឋជាសត្រូវ …»។

អ្នកតវ៉ាម្នាក់ទៀត កញ្ញា សុង ស្រីលាភ និយាយថា ការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វ​ន្នី កន្លងមក រងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ដូចនេះកញ្ញាយល់ថា ប្រសិនបើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ឈានទៅដល់ ការដោះលែងមែនអ្នកទាំងនោះ វាជាការស្ដារមុខមាត់របស់រដ្ឋាភិបាលឡើងវិញ។

កញ្ញាថា៖ «ជំនួបនៃការចរចាកម្ដៅនយោបាយ​របស់អ្នកនយោបាយ យើងបានដឹងហើយថា គេបានប្រើប្រាស់ប្រព័ន្ធតុលាការមកគាបសង្កត់លើសកម្មជនដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស  និងមន្រ្តី គ.ជ.ប ។ ចឹងយើងសង្ឃឹមថា ពួកគាត់នឹងចាប់ដៃគ្នា បន្ថយកម្ដៅនយោបាយ រួមសហការគ្នា  ផ្ដល់នៅតុលាការដែលឯករាជ្យ ផ្ដល់យុត្តិធម៌និងសេរីភាពសម្រាប់ពួកគាត់ ហើយនៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពួកគាត់ ឲ្យតុលាការឯករាជ្យដើម្បីធ្វើការស្ថិតនៅលើឆន្ទៈរបស់ពួកគាត់ផ្ដល់យុត្តិធម៌សម្រាប់អ្នកដែលរងគ្រោះមិនបានប្រព្រឹត្តអ្វីខុស»។

បន្ទាប់ពីដាក់ញត្តិនៅក្រសួងមហាផ្ទៃ ពួកគេក៏នាំគ្នាយកនោះទៅដាក់ញត្តិ នៅរដ្ឋសភា ដើម្បីឲ្យលោក ហេង សំរិន ជួយអន្តរាគមន៍ឲ្យដោះលែងអ្នកជាប់ឃុំទាំង៦ រូបនោះ ឲ្យមានសេរីភាពវិញ។

កាលពីថ្ងៃទី៥ ខែមករា មានលិខិតឆ្លើយឆ្លងរវាងលោក ស ខេង និងលោក កឹម សុខា ដោយថាជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទំាងពីរ អាចនឹងធ្វើឡើងក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ ថា  អ្នកដែលជាប់ឃុំទាំង៦រូបនោះ គួរតែងដោះលែងយូរហើយ ព្រោះជារឿងនយោបាយ។

លោកថា៖ «អានេះជាវប្បធម៌ល្បែងនយោបាយទៅវិញមិនមែនគិតអំពីផ្លូវច្បាប់ ​មិនមែនគិតអំពីប្រព័ន្ធយុត្តិធម៌ ដល់ចឹងទៅអ្នកដែលជាប់ពន្ធនាគាររឿងហ្នឹង គាត់អត់គិតថា តើតុលាការហ្នឹងមានយុតិ្តធម៌ ឬមិនមានយុត្តិធម៌។គាត់ថាថ្ងៃណាគណបក្ស នយោបាយគេត្រូវរ៉ូវគ្នាគាត់រួចខ្លួន ថ្ងៃណាគេមិនត្រូវរ៉ូវគ្នាគេចាប់គាត់។ ចឹងខ្ញុំមើលឃើញថា វាប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ខ្លាំងណាស់»។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី រួមទាំងមន្ត្រី គ.ជ.ប លោក នី ចរិយា ត្រូវបានតុលា​ការ ​សម្រេច​ឲ្យឃុំ​ខ្លួននៅ​ពន្ធ​គារបណ្តោះអាសន្នជិត៨ខែមកហើយ ដោយ​ចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងសំណុំរឿ​​ង​ស្នេ​ហា​ដ៏ចម្រូងចម្រាស់ដែលទាក់ទងនឹងលោក កឹម សុខា។ ប៉ុន្តែសម្រាប់សហគមន៍ជាតិ និងអន្តរជាតិយល់ថាករណីនោះជា​​រឿ​ង​ន​​​យោបាយ​ ហើយអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងដោយគ្មានលក្ខខណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ