មេធាវីនាយករដ្ឋមន្រ្តីស្នើឲ្យរកភស្ដុតាងដែលចោទថា «លោក ហ៊ុន សែន​ សម្លាប់លោក កែម ឡី»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ដ្រីលើកឡើងថា សមាជិកព្រឹទ្ធសភាបក្សប្រឆាំងដឹងថា ខ្លួនឯងមានកំហុសទើបរត់ទៅក្រៅប្រទេសហើយថា ឃាតកម្មលើអ្នកវិភាគនយោបាយគឺមិនជាប់ពាក់ព័ន្ធលោកនា​យ​ក​​រដ្ឋមន្ដ្រីទេ។​

មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច ឲ្យដឹងថា សវនការនៅពឹ្រកនេះ គឺដោយសារមេធាវីការពារក្តីឲ្យ លោកស្រី ថាក់ ឡានី ប្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ តុលាការជាន់ទាបបានកាត់ទោសអតីតសមាជិកព្រឹទ្ធសភារូបនេះដាក់ពន្ធនាគារ១ឆ្នាំកន្លះ ពិន័យចូលរដ្ឋ៨លានរៀល និងសងជំងឺចិត្តលោក ហ៊ុន សែន ចំនួនមួយរយរៀល។ ប៉ុន្ដែទាំងមេធាវីការពារក្តី និងលោកស្រី ថាក់ ឡានី មិនបានចូលរួមក្នុងសវនការទេ។

លោកមេធាវី គី តិច ចោទថា លោកស្រី ថាក់ ឡានី ពិតជាមានចេតនាចោទប្រកាន់លើលោក ហ៊ុន​ សែន ថា នៅពីក្រោយឃាតកម្មលើលោក កែម ឡី ដោយថា លោកស្រីបានបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឲ្យស្អប់ប្រមុខរដ្ឋាភិបាល។

លោកបន្ថែមថា ការដែលចោទថា លោក ហ៊ុន សែន នៅពីក្រោយការស្លាប់លោក កែម ឡី នោះ លោកថា លោកស្រី ថាក់ ឡានី ត្រូវចូលខ្លួនមកឆ្លើយបំភ្លឺ និងស្វែងរកភស្ដុតាងដាក់បន្ទុកមកតុលាការ មិនមែនរត់ទៅក្រៅប្រទេសនោះទេ។

លោកថា៖ «បើសិនជាគាត់អះអាងថា គាត់ជាបុគ្គលម្នាក់ ដែលស្អាតស្អំ មិនបានធ្វើអញ្ចឹងមែន អីអញ្ចឹងមែន គាត់នៅតទល់នៅតុលាការហ្នឹងហើយ គាត់អត់ត្រូវរត់ទេ ដូចខ្ញុំលើកនៅក្នុងបន្ទប់សវនាការមិញអញ្ចឹង ការដែលគាត់រត់គាត់ហ្នឹង ដោយសារតែគាត់ដឹងថា ខ្លួនគាត់ខុស។ អាឡូវ អត់មានភស្ដុតាងអីទាំងអស់ និយាយមក ចោទថា សម្ដេចតេជោសម្លាប់ កែម ឡី។ អាឡូវមានភស្ដុតាងស្អី ដាក់មកឲ្យតុលាការមក សូម្បីតែមេធាវីគឺថា គាត់អត់មានភស្ដុតាង ហេតុផល…..»។

VOD មិនទាន់អាចទាក់ទងសុំការបំភ្លឺពីមេធាវីការពារលោកស្រី ថាក់ ឡានី គឺលោក សំ សុគង់ បានទេ។

ក្នុងបន្ទប់សវនការ ប្រធានក្រុមប្រឹក្សាជុំនុំជម្រះសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង ប្រកាសថា តុលាការនឹងប្រកាសសាលដីកា នៅថ្ងៃទី២៨សីហាខាងមុខ។

លោកស្រី ថាក់ ឡានី ត្រូវបានលោក ហ៊ុន សែន ប្ដឹងពីបទបរិហារកេរ្ដិ៍​ជាសាធារណៈនិងញុះញង់ឲ្យបង្កភាពវឹកវរ បន្ទាប់ពីលោកស្រីថ្លែងជុំវិញករណីឃាតកម្មអ្នកវិភាគបញ្ហានយោបាយលោក កែម ឡី។ ប៉ុន្ដែលោកស្រីបដិសេធថា មិនបានចោទប្រកាន់លោក ហ៊ុន សែន នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ