រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជិវៈថ្លែងថា ការងារនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានច្រើនមិនខ្វះទេ ប៉ុន្តែលោកក៏ថ្លែងប្រាប់ប្រជាពលរដ្ឋកុំឲ្យមើលរំលងឱការងារល្អៗនៅក្រៅប្រទេស។
នៅក្នុងសន្និសីទស្តីពីការបញ្ជូនពលករទៅធ្វើការងារតាមផ្ទះនៅដែនដីហុងកុងនៅថ្ងៃនេះ លោក អ៊ិត សំហេង មានប្រសាសន៍ថា ការងារកម្ពុជាបច្ចុប្បន្នមានមិនខ្វះទេ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើ។ ប៉ុន្តែលោកថា លក្ខខណ្ឌការងារនៅក្រៅប្រទេស ដែលរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើការជាមួយ ក៏មានលក្ខណៈល្អប្រសើរដែរ លោកថា មិនត្រូវមើលរំលងនោះទេ។
លោកថ្លែងថា «ការងារក្នុងប្រទេសយើង មិនខ្វះកន្លែងធ្វើទេឱកាសការងារនៅក្នុងប្រទេសពិតជាមានច្រើន ប៉ុន្តែឱកាសនៅខាងក្រៅក៏មិនត្រូវមើលរំលងដែរដើម្បីបកជូនទៅដល់បងប្អូនប្រជាពលរដ្ឋយើងដែលមានបំណងទៅធ្វើការនៅខាងក្រៅ»។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោកមឿន តុលា យល់ថា កម្ពុជាមានការងារធ្វើមិនគ្រប់គ្រាន់ទេ ទើបពលករទៅស៊ីឈ្នួលនៅក្រៅប្រទេស។ លោកបន្តថា សម្រាប់អ្នកមានជំនាញគួរបញ្ជូនទៅក្រៅប្រទេសដើម្បីពង្រឹងសមត្ថភាព ប៉ុន្តែសម្រាប់អ្នកមិនមានជំនាញ ដែលទៅធ្វើការងារតាមផ្ទះ ឬធ្វើកម្មករសំណង់ជាដើមនោះលោក មិនលើកទឹកចិត្តអោយទៅទេព្រោះងាយរងគ្រោះ។
លោកមានប្រសាសន៍ថា៖« កាលណាគាត់អត់ចេះភាសា អត់មានជំនាញគាត់ងាយនិងរងគ្រោះណាស់ ។ ដូចយើងដឹងហើយពលករយើងទៅធ្វើការនៅម៉ាឡេស៊ី ឬ សិង្ហបុរីអី យើងដឹងហើយថា ការទៅធ្វើការងារនៅក្នុងផ្ទះនេះ ងាយរងគ្រោះនឹងការរំលោភ ការកេងប្រវ័ញ្ច ការវាយធ្វើបាប កេងប្រវ័ញ្ចប្រាក់ឈ្នួលជាដើម។»
លោក មឿន តុលា ក៏បានជំរុញឲ្យរដ្ឋាភិបាលបង្កើតការងារ សម្រាប់ពលករមិនមានជំនាញនៅក្នុងស្រុក ប្រសើរជាជាងការទៅធ្វើការនៅក្រៅប្រទេស។
របាយការណ៍ក្រសួងការងារ បង្ហាញថា កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅបរទេសចំនួន៥ប្រទេស រួមមាន ប្រទេសថៃ សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរី មានពលករប្រមាណ១លាន៥ម៉ឺននាក់ ដែលអាចរកចំណូលបានប្រមាណជិត២ពាន់លានដុល្លារក្នុង១ឆ្នាំ។ ប៉ុន្តែរបាយការណ៍របស់សហជីពមួយចំនួនបង្ហាញថា ពលករដ្ឋខ្មែរទាំងខុសនិង ស្របច្បាប់កំពុងធ្វើការនៅក្រៅប្រទេសមានជាង១លាន៥សែននាក់ ក្នុងនោះនៅថៃមានជាង ១លាននាក់។
សរសេរមកកាន់ លោក ហូរ តុងហាន់ តាមរយៈ [email protected]