យ៉េយ៉េ ខ្លោចចិត្តរឿង​អត់លុយ​ទិញ​ក្ដារ​មឈូស​​​អោយម្ដាយ

​ក្នុងកិច្ច​សម្ភាសន៍​​បន្ត​ផ្ទាល់​កាលពីយប់ថ្ងៃទី៧ កញ្ញា ​​​តារាកំប្លែងភេទទី​៣ កញ្ញា​យ៉េយ៉េ ​ដែលមានឈ្មោះកំណើត​​ថា ឃ្លោក មករា ​បានអះអាងថាកាលពី​​​​អំឡុង​​​ជាង​​៣ឆ្នាំមុន​​ ​កញ្ញាមិនមានឱកាស​​​​រកលុយមាន​បានពីសិល្បៈបាន​ច្រើន​​ដូ​​ចពេល​បច្ចប្បន្ននោះទេ ទើប​ក្នុងពេល​ម្ដាយនាង​ស្លាប់គឺ​មិនមានសូម្បីតែ​​​​​​លុយ​សម្រាប់​ទិញ​​​ក្ដារ​​មឈូស​​​​​​​ធ្វើ​បុណ្យ​អោយម្ដាយ។ នាង​បាន​បង្ហាញពីអារម្មណ៍​សង្វេគ​ចិត្ត ​​​ខណៈដែលរដូវ​បុណ្យទានមកដល់ ​ហើយ​​ម្ដាយរបស់​នាង​ទៅ​បាត់​​​​​​​ ដោយមិន​​​​បានទទួល​​​​​​​​​​ផ្លែផ្កាពី​ការ​ប្រឹងប្រែងរបស់​នាង​​។

កញ្ញា​យ៉េយ៉េ និយាយថា មុន​មាន​ឱកាសបានឡើងទូរទស្សន៍​​​កញ្ញា​​រក​ប្រាក់បានត្រឹមតែ​​បង់ថ្លៃផ្ទះ និង​​​ចាយ​​វាយ​​​ប្រចាំថ្ងៃប៉ុណ្ណោះ ដោយ​​​ពេល​​ម្ដាយរបស់​​នាង​​​ធ្លាក់ឈឺ​ធ្ងន់ ហើយសម្រាក​នៅក្នុងមន្ទីរពេទ្យ​គឺ​នាងបានត្រឹមតែរកលុយ​​មកព្យាបាលជំងឺរបស់​​ម្ដាយ​ក្នុងរូបភាព​បណ្ដែតៗ ដោយមិនមានលុយ​​​​ព្យាបាលម្ដាយ​អោយពេញដៃ​​ពេញជើងនោះទេ។ ជាពិសេស​ក្នុងពេលដែល​​ម្ដាយត្រូវ​សម្រាកនៅក្នុង​មន្ទីរពេទ្យ​​​​​​​​​​​រហូតដល់រយៈពេល​​ពីរ​បីឆ្នាំ គឺនាង​​រឹតតែ​ប្រឈមនឹងរក​លុយ​​មកបំពេញបំណងរបស់​ម្ដាយមិន​បាន​​​។ នាងថា​​​​ជំងឺ​របស់ម្ដាយកាន់តែធ្ងន់ៗដោយសារតែ​​​​​​​​​លទ្ធភាព​ព្យាបាល​​​មិន​​​សូវមាន​ដិត​ដល់ ​ហើយ​​​ទី​​បំផុត​​ម្ដាយរបស់​នាង​ក៏​​​​អស់ជីវិត​កាលពី​​ជាង​​​៣ឆ្នាំមុន។ នាងនៅតែបង្ហាញ​​អារម្មណ៍​​មិនអស់ចិត្ត ក្នុងពេលដែល​​រយៈពេល​ដែលម្ដាយ​ស្លាប់គឺមិន​ដល់​​​​​​៣​ឆ្នាំស្រួលបួល​ផង តែជីវភាពរបស់នាង​​​​បែរ​ជាខុស​​គ្នាមេឃ និងដី ដែល​​នាង​យល់ថា​ម្ដាយ​​របស់​នាង​​មិនគួរ​​លាចាក​​លោកទៅ ដោយមិន​រង់ចាំទទួល​ផ្លែផ្កាពីការប្រឹងប្រែងរបស់​​នាងនៅ​ក្នុងពេល​នេះ។

នាងសារភាពថា​​​​ក្នុងពេល​ម្ដាយ​ស្លាប់​​​​គ្រួសាររបស់​​នាង​អត់មានសូម្បីតែ​លុយ​ទិ​ញមឈូស​អោយម្ដាយ ​​ក្នុងពេលដែលម្ដាយ​នាងមុនស្លាប់ គឺ​បាន​​​​​​​​​​មានក្ដីស្រម៉ៃ​ចង់បាន​មឈូសមួយ​​ដើម្បី​​ដាក់សព​អោយបានសមរម្យ។ នាង​និយាយថា​ មុនពេល​​​​លា​ចាកលោកម្ដាយរបស់នាង គឺអ្នកស្រី ព្រៃ ណៃ ដែលបានទទួលមរណភាព​កាលពី​​​​ជាង​៣ឆ្នាំក្នុងវ័យ​​៦៧ឆ្នាំ បាន​​​​​​​សួរនាងថា «​បើម្ដាយ​​ស្លាប់តើកូនមាន​លុយទិញ​មឈូស​​អោយម្ដាយទេ ម្ដាយ​ចង់បាន​មឈូសមួយ​​​​គ្រាន់ល្អមើលតិច!»។ សម្ដីមួយម៉ាត់​នេះ នាងថានៅស្រក់ទឹកភ្នែក​រាល់ពេលនឹកឃើញ ដោយសារតែក្នុងពេលនោះ​​គឺនាង​ពិតជា​មិនមានលទ្ធភាព​​​​​ទិញ​​​​​​ក្ដារមឈូសប្រាកដ​មែន ដោយសូម្បីតែ​ក្ដារមឈូសដែលមានតម្លៃត្រឹមតែ​​​៥០០​​​ដុល្លារក៏​នាងអត់មានតែម្ដងនៅ​​ក្នុងពេលនោះ។

នាងនិយាយថា​«​កាលពីម្ដាយ​ខ្ញុំស្លាប់​ហ្នឹង​អត់យូរប៉ុន្មានទេ គឺទើបតែ​​​​​​៣ឆ្នាំ​​ជាងអីទេ តែកាលនុង​បងប្អូនខ្ញុំក្រមែនទែន ​​​​​ហើយកាលនុងខ្ញុំស្រក់ទឹក​ភ្នែក ដោយសារតែក្ដារមឈូសត្រឹមតែតម្លៃ​​​៥ដុល្លារ​សោះ ខ្ញុំអត់មានលុយទិញ​!»។ នាង​លើកឡើងទាំងអួលដើមករថាឈឺចាប់ណាស់ ដែលម្ដាយ​ខ្លួនឯងស្លាប់​បែរជាគ្មានលុយទិញ​ក្ដារ​មឈូស​​អោយម្ដាយ ហើយ​អោយ​ម្ដាយត្រូវ​ដាក់ក្នុង​ក្ដារ​មឈូសរបស់​វត្ត ប៉ុន្តែ​​​រំលងត្រឹមតែ​​​​​២​​បីឆ្នាំសោះស្រាប់តែ​​នាងមាន​​​​ការ​ផ្លាស់ប្ដូរ​ក្នុងការ​រកចំណូល​ដូចមេឃ និងដី។ នាង​​ថាបើខ្លួន​​​​​​នៅតែក្រ​​​​ដូច​ពេលម្ដាយស្លាប់ ​​នោះ​ការតូច​ចិត្តមិនមាននោះទេ ប៉ុន្តែ​​​​​​ដល់ពេល​​​ម្ដាយ​​ទើបតែស្លាប់ហើយ​​នាងក៏បាន​​​ល្បីឈ្មោះ និងមានលុយ​កាក់​​​​ពេញដៃ ទើប​នាង​កាន់តែមាន​​ការ​តូចចិត្ត។ នាងអះអាងថា ​ក្នុងពេលម្ដាយ​ឈឺនាងបាន​ហក់ចូល​​វិស័យ​សិល្បៈ​ខ្លះ​ៗ​មកហើយ ប៉ុន្តែ​​​​​ការងារ​​ពេលនោះ​គឺ​រកមិនគ្រប់​​ទិញ​ខោអាវតែម្ដង ដោយសារតែ​នាង​មិនមាន​ឱកាស​បាន​​ឡើងលេងលើកញ្ចក់ទូរទស្សន៍ ហើយ​​តម្លៃខ្លួនដែលគេហ៊ាន​ជួលក៏អោយ​តិច​តួច។

នាងទើបតែមាន​ឱកាសបានឡើងទូរទស្សន៍កាលពី​​រង្វង់​​​​​២ឆ្នាំមុន​ប៉ុណ្ណោះ ខណៈដែលក្នុងពេល​នេះ​​​ការងារសិល្បៈរបស់​​នាង​ក៏​​ជួយអោយានាងទទួលបាន​​ប្រាក់ចំណូល​មិនក្រោម​​៤ពាន់​ដុល្លារក្នុងមួយ​ខែ ​ក្នុងពេលដែលក្នុងខែខ្លះ​ក៏​​បានច្រើនជាងនេះ​​​​ដែលមិនធ្វើអោយនាង​ពិបាកដូចមុន។ នាង​​​​​ចង់​អោយពេលវេលា​វិល​​ថយក្រោយ ជាពិសេស​គឺចង់​​​​​​ទិដ្ឋភាពម្ដាយស្លាប់​​ត្រូវចំពេល​​ដែលនាង​រកចំណូលបាន​​ច្រើន​​ដូច​ពេលនេះ ដើម្បីអោយនាង​​បាន​​​ទិញ​ក្ដារ​មឈូសអោយម្ដាយ និង​បានធ្វើបុណ្យអោយម្ដាយ​អោយបានសមរម្យ​​ជាងមុន។ ​នាងថា​ខ្លួនបានធ្វើ​​ខុស​ចំពោះ​ម្ដាយច្រើន​ណាស់ ដោយសារតែពេលដែលម្ដាយរបស់នាង​នៅរស់ គឺម្ដាយ​នាងគ្រាន់តែជាអ្នក​​រែក​បបរ​ និងនំបញ្ចុក ដើរលក់តាមិចញ្ចើមថ្នល់ និង​តាម​​ភូមិតូចៗនៅភ្នំពេញ ​តែនាង​ដែលត្រូវអោយម្ដាយ​នៅ​ចាំ​​ផ្ទះ​នៅ​​ខេត្តព្រះ​សីហនុ​​​​ និងអោយរៀនសូត្រ បែរជាយក​លុយ​ម្ដាយ​ផ្ញើ​អោយរាល់ខែ ​យក​ទៅ​ដើរលេងមិនចូលសាលា។ ​នាង​​ទើបតែបានភ្ញាក់ខ្លួន​ក្នុងពេល​​​វ័យរបស់ខ្លួនកាន់តែធំ ហើយ​​​​​​ត្រូវ​បាន​ម្ដាយ​អោយ​មកលេងផ្ទះជួលដែល​​ម្ដាយ​ស្នាក់នៅ​​​រួចក៏ឃើញ​ពីទិដ្ឋភាពរកប្រាក់របស់ម្ដាយ​ប៉ុណ្ណោះ ទើប​នាង​​​​​ចាប់​ផ្ដើមខឹងខ្លួនឯង ហើយសម្រេច​ចិត្តឈប់រៀន ដើម្បី​ជួយ​រែក​បបរម្ដាយ​លក់នៅផ្សារស្ទឹងមានជ័យ។

នាងនិយាយថា«កាលពីមុន​​​គ្រួសារខ្ញុំនៅកំពង់សោមទេ ​ដោយ​ប៉ាខ្ញុំ​គាត់​ចាស់ធ្វើអីមិនសូវ​បាន ហើយ​​ម្ដាយខ្ញុំ​មក​រែកបបរលក់​​​នៅ​ភ្នំពេញ ចំណែក​ខ្ញុំនៅរៀន​នៅ​នោះហើយអត់ដឹងសោះ ថាគាត់នៅភ្នំពេញ​លំបាក​ចឹង ទម្រាំដឹង​​​ហួស​​ពេលបាត់​​!»។ ក្រោយពេលឈប់រៀន​នាងបាន​ទៅ​​​រែកបបរ​លក់ជាមួយ​ម្ដាយ ហើយ​ដោយសារតែមាននិស្ស័យជាស្រីតាំងពីកំណើត ក៏​​​ទៅគេធ្វើការនៅ​ក្នុងហាង​ខារ៉ាអូខេ រហូត​​មាន​ឱកាស​បាន​ស្គាល់​​​មិត្ត​ភ័ក្រ្ត​ហើយត្រូវគេ​គេ​ដឹកនាំ​អោយក្លាយជាតួល្ខោន និង​​ជា​អ្នក​កំប្លែង។ យ៉ាងណាមិញ នាងអះអាងថា​​​​ឱកាស​រក​ប្រាក់បានច្រើនទើបតែកើតឡើងក្រោយ​​ពេលម្ដាយស្លាប់​ប៉ុណ្ណោះ ទើប​​ក្នុងពេល​​ម្ដាយ​​ស្លាប់​នាង​មិនមាន​​សូម្បី​លទ្ធភាព​ទិញ​ក្ដារមឈូស​​​​ក្នុងពេលធ្វើ​បុណ្យអោយម្ដាយ។ ​

កញ្ញា យ៉េយ៉េ ប្រកាសថា​​នាងមានអារម្មណ៍​សោកស្ដាយ​ជាពន់ពេក ដែល​ពេលម្ដាយ​នៅ​រស់នៅ​​​​​​គឺមាន​លទ្ធភាពធ្វើ​អោយម្ដាយ​​សប្បាយចិត្ត​​​បានតិច​បំផុត ជាពិសេស​គឺរឿងមិនខំរៀន និង​រឿង​​​​​​​​ធ្វើខ្លួនជាស្រី​ជា​ដើមធ្វើ​​អោយម្ដាយ​​​​ពិបាកចិត្ត។ យ៉ាងណាមិញ កញ្ញា​ថាម្ដាយ​នាងមុនស្លាប់​គឺបាន​​​​បង្ហាញពីការបារម្ភពីនាង​ដែល​នាងសម្រេចចិត្តធ្វើស្រី​​​​១០០ភាគរយ ​​ដោយបានទាំង​​​​​​​​​​ទូន្មាននាង​អោយធ្វើ​អំពើល្អ​ និង​​កុំខឹងអ្នក​មើលងាយ​នាង​​​​ពាក់ព័ន្ធ​នឹង​រឿង​​រើសអើងភេទទី​៣នោះផង។ នាងអះអាងថា​មុនពេល​ម្ដាយ​​ស្លាប់​ គឺ​បានមើលថែម្ដាយ​​ទាំង​យប់ទាំងថ្ងៃ បើទោះជានាងមិនអស់ចិត្តពីរឿងដែលនាងមិនមានលទ្ធភាពទិញ​ក្ដារ​មឈូសតម្លៃ៥០០​មួយ​​​ដាក់សព​អោយម្ដាយក្នុងពេលធ្វើបុណ្យ​នោះក៏ដោយ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ