រាជ​វាំង​ថៃ​ប្រកាស​ថា សុខភាព​ក្សត្រ ​ភូមិបុល ​​មិន​នឹង​នរ​ក្រោយ​លាង​ឈាម

ព្រះរាជវាំងថៃបានប្រកាសនៅល្ងាចថ្ងៃម្សិលមិញថា ព្រះរាជសុខភាពព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ ដែលជាក្សត្រសោយរាជ្យយូរជាងគេបំផុតនៅលើពិភពលោកនោះ កំពុងស្ថិតក្នុងស្ថានភាពមិននឹងនរ បន្ទាប់ពីទទួលបានការព្យាបាលលាងឈាម។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters ព័ត៌មានទាក់ទងនឹងសុខភាពព្រះមហាក្សត្រថៃ ត្រូវបានគេតាមដានយ៉ាងជិតដិតនៅក្នុងប្រទេសថៃ ជាទីដែលក្សត្រអង្គនេះ ត្រូវបានគេគោរពយ៉ាងជ្រាលជ្រៅ។

ព្រះមហាក្សត្រ ភូមិបុល បានចូលសម្រាកព្យាបាលជំងឺផ្សេងៗកាលពីឆ្នាំមុន នៅឯមន្ទីរពេទ្យសិរីរាជ ជាទីដែលទ្រង់បានគង់នៅទីនោះអស់រយៈពេលជាច្រើនខែកាលពីឆ្នាំមុន ហើយទ្រង់បានបង្ហាញព្រះភ័ក្ត្រជាសាធារណៈកាលពីថ្ងៃទី១១ ខែមករាកន្លងមក នៅពេលទ្រង់ចំណាយពេលជាច្រើនម៉ោងទស្សនាព្រះរាជវាំងរបស់ទ្រង់ នៅរាជធានីបាងកក។

ភាពមិនច្បាស់លាស់ជុំវិញសុខភាពព្រះមហាក្សត្រថៃ និងអនាគតនៃរាជសម្បត្តិ បានបង្កើតឲ្យមានមន្ទិលសង្ស័យចំពោះការបែកបាក់ផ្នែកនយោបាយនៅក្នុងប្រទេសថៃនៅក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះមានរដ្ឋប្រហារយោធាចំនួន ២លើក និងបាតុកម្មហិង្សានៅតាមដងផ្លូវជាច្រើនលើក។

បើតាម Reuters សេចក្ដីប្រកាសព័ត៌មានរបស់រាជវាំងថៃកាលពីល្ងាចថ្ងៃម្សិលមិញនេះ គឺជាព័ត៌មានលើកទី២ ស្ដីពីស្ថានភាពសុខភាពព្រះមហាក្សត្រថៃ បន្ទាប់ពីរាជវាំងថៃ បានប្រកាសកាលពីថ្ងៃទី០១ ខែតុលាថា ទ្រង់បានជាសះស្បើយហើយ បន្ទាប់ពីឆ្លងជំងឺតាមផ្លូវដង្ហើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ