មន្ត្រី៖ កម្ពុជា-វៀតណាមគ្រោងបញ្ចប់ការបោះបង្គោលព្រំដែននៅចុងឆ្នាំ២០១៧

រូបភាពពី Fresh News

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទទួលបន្ទុកិច្ចការព្រំដែន អះអាងថា កម្ពុជា-វៀតណាម នឹងបញ្ចប់ការបោះបង្គោលបំពេញបន្ថែម នៃកំណាត់ខ្សែព្រំដែន ដែលបានឯកភាពគ្នាកាលពីពេលកន្លងមក ឲ្យចប់នៅចុងឆ្នាំ២០១៧ ខណៈចំពោះតំបន់ ដែលមានភាពចម្រូងចម្រាស់វិញ លោកថា ភាគីទាំងពីរ នឹងបន្តធ្វើការដោះស្រាយ ដោយមានការចូលរួមពីភាគីបារាំង។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ការបោះបង្គោលព្រំដែន បំពេញបន្ថែម នៅតាមព្រំដែនកម្ពុជា-វៀតណាម រហូតដល់ពេលនេះ បានរួចរាល់ជាង ៨៤ភាគរយនៅក្នុងចំណោមព្រំដែនសរុប។

លោកបន្តថា កម្ពុជា-វៀតណាម បានឯកភាពបញ្ចប់ ការបោះបង្គោលព្រំដែនបំពេញបន្ថែម នៅចុងឆ្នាំ២០១៧ខាងមុខ ចំណែក សម្រាប់តំបន់ដែលភាពចម្រូងសម្រាស់ ភាគីទាំងពីរ នឹងបន្តធ្វើការដោះស្រាយ ដោយមានការស្នើឲ្យប្រទេសបារាំងមកជួយ។

លោកថា «គណៈកម្មាការចម្រុះព្រំដែន នៃប្រទេសទាំងពីរ បញ្ចប់ការបោះបង្គោលបំពេញបន្ថែមនៃកំណាត់​​​ខ្សែព្រំដែន ដែលឯកភាពគ្នា ឲ្យចប់មុនបំណាច់ឆ្នាំ២០១៧។ នេះ ជាអ្វី ដែលយើងប៉ងប្រាថ្នា​របស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ។ ប៉ុន្តែ នៅចំណុចខ្លះ ដែលយើងនៅមិនទាន់ឯកភាពគ្នា យើងពឹងបារាំងទៅ បារាំងមិនទាន់មកផង»។

នៅពេល វីអូឌី សួរបញ្ជាក់បន្ថែម ថាតើ ខេត្តណាខ្លះរបស់កម្ពុជា ដែលជាប់ព្រំដែនវៀតណាម ត្រូវបានបោះបង្គោលព្រំដែនបំពេញបន្ថែមរួចរាល់ លោក វ៉ា គឹមហុង មិនបានបញ្ជាក់បន្ថែមនោះទេ។ ចំណែក វីអូឌី ក៏មិន​អាចទាក់ទង លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកកិច្ចការព្រំដែន ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ផងដែរ។

ប៉ុន្តែ នៅក្នុងការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលដកស្រង់សម្តី លោកស្រី កុយ ពិសី នៅក្នុងសប្តាហ៍នេះ បានឲ្យដឹងថា ខេត្ត ដែលបានការបោះបង្គោលព្រំដែនបំពេញបន្ថែមរួចរាល់ រួមមាន ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ដែលខេត្តនេះ មានព្រំប្រទល់ជាប់ខេត្តតៃនិញ និងប៊ិនភឿក នៃប្រទេសវៀតណាម។

ចំណែក ខេត្តដែលនៅមានភាពចម្រូងចម្រាស់នោះ រួមមានខេត្ត ស្វាយរៀង រតនគិរី មណ្ឌលគិរី កំពត តាកែវ និងខេត្តកណ្ដាល។ នេះ បើតាម លោក វ៉ា គឹមហុង។

ជាញឹកញាប់ មជ្ឈដ្ឋានទូទៅបានអោយដឹងថា មេដឹកនាំវៀតណាម តែងតែជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ឲ្យបានឆាប់​តា​ម​​​ដែ​​​លអាចធ្វើទៅបាន នៅពេលដែលខ្លួនមកទស្សនកិច្ចនៅកម្ពុជា។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការបោះបង្គោលព្រំដែន វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការធ្វើ ប៉ុន្តែលោកអំពាវនាវឲ្យរដ្ឋាភិបាលអាចពន្យាពេលក្នុងការបោះបន្តទៀត ដោយសារ រងចាំឲ្យប្រទេសមានឯកភាពជាតិជាមុនសិន។ លោកបន្តថា ពាក់ព័ន្ធនឹងការបោះបង្កោលនេះ សម្រាប់ប្រទេសវៀតណាមវិញមិនមានបញ្ហាអ្វីនោះទេ ដោយសារ វៀតណាមមានឯកភាពជាតិរួមហើយ។

លោកថា៖ «គេមានឯកភាពជាតិ ហើយគេទុកចិត្តរដ្ឋាភិបាលគេ វាបញ្ហាតែនៅខាងយើងទេ ទី១ ដោយសារ យើងអត់មានឯកភាពជាតិ ហើយហាក់ដូចការបោះបង្គោលព្រំដែននឹងបានព្រឹត្តទៅក្រោមរដ្ឋាភិបាលដែលមានគណបក្សតែមួយទៅមុខនិយាយត្រង់ទៅវាមិនទាន់មានឯកភាពជាតិគ្រប់គ្រាន់។ ចឹងនៅក្នុងស្ថានភាពបែបនេះ ចឹងយើងដឹងហើយនៅក្នុងប្រទេសខ្មែរបញ្ហាព្រំដែនគឺវាជាការប្រទុងប្រទាញគ្នារវាងគណបក្សនយោបាយខ្មែរនៅឡើយ។ ចឹងការបោះបង្កោលព្រំដែនវាជាតួនាទីរដ្ឋាភិបាល ប៉ុន្តែជាការព្រួយបារម្ភយើងខាងក្រែងការបោះបង្គោលព្រំដែននេះវាមិនបានផ្ដល់និរន្ត៍ភាពសម្រាប់រយេលយូរអង្វែង ថ្ងៃក្រោយទៅមានបញ្ហាអីទៅ មានខ្មែរណាមួយមកអះអាងព្រំដែននេះបោះដោយរដ្ឋាភិបាលនេះវាមិនបានត្រឹមត្រូវចឹងទៅក៏ចេះតែមានរឿងតទៅទៀតមិនចេះចប់មិនចេះហើយ»

ពាក់ព័ន្ធរឿងព្រំដែននេះ មន្ត្រី​បក្សប្រឆាំងមួយចំនួន កំពុងជាប់ពន្ធនាគាររហូតមកដល់សព្វថ្ងៃនេះ បន្ទាប់ពីរិះគន់រដ្ឋាភិបាលកម្ពុជាថាប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ