អ្នកឃ្លាំមើលអះអាងថាប៉ុន្មានខែនេះបទល្មើសព្រៃឈើកើនឡើងខុសធម្មតា

អ្នកឃ្លំាមើលព្រៃឈើបានអះអាងប្រហាក់ប្រហែលគ្នាថា នៅប៉ុន្មានខែចុងក្រោយនេះ បទល្មើសព្រៃឈើ​នៅ​​ខេត្តព្រះ​វិហារនិងខេត្ត​កំពង់​ធំហាក់កើនឡើងជាធម្មតា  ខណៈរដ្ឋាភិបាល​កំពុង​ខ្វាយខ្វល់​ពីការរំលាយ​បក្ស​សង្គ្រោះ​ជាតិ​។

ទីប្រឹក្សាសហគមន៍ប្រចំាខេត្តព្រះវិហារ​ អ្នកស្រី នួន ម៉ុន បានរៀបរាប់ថា បទល្មើសព្រៃ​ឈើនៅ​ក្នុង​ខេត្តរបស់គាត់​​នៅតែបន្តកើតមានពីមួយថ្ងៃទៅមួយថ្ងៃ ដោយថាឈ្មួញបានលួចចូលទៅ​កាប់ឈើគគី ឈើ​ផ្តៀក ឈើទាល ធ្នុង ​នៅតំបន់ការពារ និងអភិរក្ស ដោយពុំមានអាជ្ញាធរភូមិ ឃុំ និងមន្ត្រីពាក់ព័ន្ធ​ផ្សេង​ទៀត​ ចុះទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនោះទេ​។

អ្នកស្រីនិយាយថា«មើលឃើញដឹករាល់តែយប់ រាល់តែថ្ងៃ​ អាជ្ញាធរភូមិឃុំអត់មាន[ទប់ស្កាត់]ទេ ដូចខ្ញុំថា បរិស្ថាន​គឺជាតួនាទីរបស់គាត់ហើយ ក្នុង​ព្រៃឈើ ប៉ុន្តែដូចខ្ញុំថា បើគាត់ឲ្យ​បងប្អូន កូនចៅ គាត់ចុះទៅ ដល់ពេលចាប់​ គាត់ប្រលែងវិញ ដែលគេ[ជនល្មើស]បង់លុយ​ ដ៏ប្រលែងវិញ អាលើសដើមទៀត ដើម្បីស្រង់ដើម​​»

ចំណែក ​ប្រជាសហគមន៍ព្រៃឡង់ប្រចំាខេត្តកំពង់ធំ លោក ហឿន សុភាព  ក៏អះអាង​ប្រហាក់​ប្រហែល​និង​អ្នកស្រី នួន ម៉ុន ដែរថានៅខេត្តកំពង់ធំឈ្មួញបានដឹកឈើក្នុងមួយថ្ងៃ៥ទៅ៧គោយន្ត ដោយ​មិនខ្លាច​អាជ្ញាធរនោះទេ។ លោកយល់ថា ការកាប់ឈើនៅតែបន្តកើតកើនឡើង​​ច្រើន​បែបនេះ ដោយសារ​អ្នករក​ស៊ីឃុប​​ខិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន​។

លោក ហឿន សុភាព បញ្ជាក់ថា បើរដ្ឋាភិបាល​មិនទប់ស្កាត់ឲ្យទាន់ពេលទេ លោកថា​យ៉ាងយូរ១០ឆ្នាំទៀត ព្រៃ​ឈើនៅកម្ពុជា​នឹងហិនហោចអស់។

អ្នកស្រីនិយាយថា«ប្រសិនជាអត់មានចំណាត់ការ​ទេ ខ្ញុំហ៊ាននិយាយថា តែ១០ឆ្នាំទៀតនិងត្រូវ​បាត់បង់​ដើមឈើធំៗអស់ហើយ ព្រោះដើមឈើយើងមើលទៅ ចង់និយាយថា វានៅតែបាត់​ស្ទើរជារៀង​រាល់ថ្ងៃ​ បានន័យថា វាអត់ថយចុះ​ ហើយការបង្ក្រាប​យើងអត់ឃើញមានចំណាត់ការខ្លំាងមែនទែនទេ វាគ្រាន់តែថា​ ការចុះបង្ក្រាប​ នៅតែធ្វើធម្មតាដូចមុនៗ​​»

រដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ កាល​ថ្ងៃទី​១៥ មករា ឆ្នាំ​២០១៦​ ដោយ​លោក សៅ សុខា ធ្វើ​ជា​ប្រធាន​គណៈ​កម្មការនោះ។ ទោះជាយ៉ាងណា សហគមន៍អះអាងថា បទល្មើសព្រៃឈើនៅតែបន្តកើតមានច្រើនដដែល ដោយពុំមានការទប់ស្កាត់​ពីអាជ្ញាធរ​និងស្ថាប័នពាក់ព័ន្ធឲ្យមានប្រសិទ្ធិភាពនៅឡើយ។

ឆ្លើយតបនឹងករណីនេះលោក សៅ សុខា បានទទួលស្គាល់ថា បទល្មើសព្រៃឈើនៅកម្ពុជា​ពិតជានៅតែ​បន្តកើតមាន​មែន ប៉ុន្តែលោកថាមិនមានទ្រង់ទ្រាយធំនោះទេ។ ករណីនេះ​លោកថា អាជ្ញាធរមិនអាច​ទប់​ស្កាត់​​បាន​​ទំាង​អស់បានទេ ដរាបណាពលរដ្ឋមិន​ឈប់កាប់ព្រៃឈើ។

លោកនិយាយថា«ការអប់រំឲ្យយល់ពីតម្លៃធនធានធម្មជាតិ​ គឺសំខាន់ណាស់​សម្រាប់ប្រជាជនរបស់យើង​ដែលគាត់ជាម្ចាស់ប្រទេស​ គាត់ជាម្ចាស់ទឹកដី​ផ្ទាល់ បើគាត់នៅតែ​ដើរធ្វើតែចឹង[កាប់ឈើ] ឥឡូវ​បើឲ្យ​ទៅចាប់អ្នកទំាងអស់​ហ្នឹង​ ចាប់អ្នកដឹកឈើកំប៉ិច​កំប៉ុក​ទំាងអស់ហ្នឹង ខ្ញុំថាប្រហែលជារកគុកដាក់គ្មានទេ​មានបាយឯណាឲ្យវាស៊ីទៀត​ហ្នឹង​ វាចង្រៃខុសរបៀប…និយាយឲ្យខ្លីទាល់តែប្រជាជនខ្លួនឯងឈប់​កាប់ខ្លួនឯង​តែម្តងទៅ​ ឥឡូវ​ហ្នឹងបើថាឲ្យយកអនុវត្តច្បាប់​មួយរយ​ភាគរយ គ្មានអ្វីឲ្យស៊ីទេ​ គ្មានគុកដាក់ទេ ព្រោះពូកែដឹកម៉ូតូមួយថ្ងៃៗអត់គិតធ្វើអ្វីសោះចឹង ងាប់ហើយ»

លោក សុខា បានបញ្ជាក់ដែរ ចាប់ពីបង្កើតគណៈ កម្មកា​រ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ រហូត​មក​ដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ ក្រុមការងារបានរឹបអូសឈើខុសច្បាប់ជិតមួយសែនម៉ែត្រគីប និង​បញ្ជូន​​​សំណុំរឿង​ទៅតុលាការជិត១០០ករណីនេះ ដោយថាក្នុងនោះអ្នកប្រព្រឹត្តបទល្មើសក៏​មាន​មន្ត្រីពាក់​សាក់​ផង​ដែរ។

ក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី​២២ខែ​សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឲ្យមន្ត្រីរបស់ខ្លួន ឲ្យពង្រឹងប្រសិទ្ធភាព ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ដោ​យថា ការបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»។

លើសពីនេះទៀត លោក ហ៊ុ​ន សែន ក៏បាន​បញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែល​លោក​​ថា ជួយកសា​ង​បន្តិ​ច​​​បន្តួច តែបែរជាសង្ខំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញ​ព្រៃនៅ​តាមខេត្ត​មួយ​ចំនួន​ទៅវិញ។

លោក​ ហ៊ុន សែន រំឭកថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាកដូចប​ង្ក្រាបឧក្រិដ្ឋជន​ ជួញដូ​រគ្រឿង​ញៀ​ន​នោះទេ។

បើតាមរបាយការណ៍ ធនាគារពិភពលោក ឲ្យដឹងថា គម្របព្រៃឈើបានធ្លាក់ចុះពីជិត ៦០ភាគ​រយនៅក្នុងឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤ និងប្រមាណជា ៤៥ភាគរយ​នៃតំបន់​ដីសើម​ធម្មជាតិកាលពីដើមរបស់កម្ពុជា ត្រូវបានបាត់បង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ