ក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានឡើងវិញ ដែលការអំពាវនាវនេះ ត្រូវបានធ្វើឡើងចំថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។
ក្រុមអង្គការសង្គមស៊ីវិល ១០៣ស្ថាប័ន ដែលក្នុងនោះមានអង្គការការពារសិទ្ធិមនុស្ស ក្រុមសហជីព និងបណ្ដាញសហគមន៍មានជម្លោះដីធ្លីផងដែរ បានអំពាវនាវបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅក្នុងថ្ងៃនេះ។
ក្រៅពីលើកឡើងថា ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន គឺជាតម្រូវការចាំបាច់សម្រាប់ដំណើរការនៃសង្គមស៊ីវិល ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិនោះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានអះអាងក្នុងសេចក្ដីថ្លែងការណ៍៦ទំព័រនោះថា ក្រុមអង្គការសង្គមស៊ីវិលបានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសន្តិភាព ការលើកកម្ពស់សិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា។
ប៉ុន្តែ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ អះអាងថា លំហសម្រាប់អង្គការសង្គមស៊ីវិល ត្រូវបានរឹតត្បិតយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងបែបនេះ បន្ទាប់ពីសកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកសារព័ត៌មាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរងបណ្ដឹងនៅតុលាការ ហើយស្ថាប័នរបស់ពួកគេត្រូវបានបិទដំណើរការ ឬរងការគំរាមឲ្យបិទទ្វារ។
ជាមួយនឹងស្ថានភាពបែបនេះ ក្រុមអង្គការសង្គមស៊ីវិលបានទទូចទៅអាជ្ញាធរកម្ពុជា ឲ្យបញ្ឈប់នូវសកម្មភាពទាំងនោះ ដែលក្រុមសង្គមស៊ីវិលហៅថា ជាការធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតសេរីភាពជាមូលដ្ឋានដោយមិនសមហេតុផល៕