អ្នករៀបចំពិព័ណ៌សៀវភៅ បានអះអាងថា រយៈពេលមួយឆ្នាំកន្លងមកនេះ យុវជនកម្ពុជាត្រូវបានគេសង្កេតឃើញថា មានការចាប់អារម្មណ៍ក្នុងការអានសៀវភៅមានការកើនឡើងរហូតដល់ជាង ៥០ភាគរយ ខណៈអ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្ត និងនយោបាយត្អូញត្អែថា មិនសូវមានការចាប់អារម្មណ៍។
ក្នុងកម្មវិធីពិពណ៌សៀវភៅថ្នាក់ជាតិលើកទី០៦ រយៈពេល ៣ថ្ងៃ ដែលថ្ងៃអាទិត្យនេះជាថ្ងៃចុងក្រោយ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា លោក ហុក សុទ្ធិ ដែលជាអ្នករៀបចំកម្មវិធីផងនោះ បានលើកឡើងថា យុវជនចូលចិត្តអានសៀវភៅបានមកចូលរួមក្នុងពិព័ណ៌សៀវភៅនេះ មានការកើនឡើងរហូតដល់ទៅ ៥០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦។
លោក ហុក សុទ្ធិ បានលើកឡើងថា យុវជនដែលចូលរួមក្នុងការទិញ និងអានសៀវភៅអាចនឹងមានរហូតដល់ ៥ម៉ឺននាក់ដែលចំនួននេះ បានកើនឡើងពាក់កណ្ដាល ខណៈដែលឆ្នាំមុនមានប្រមាណតែ ២៥០០០នាក់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្ត និងនយោបាយ លោក ឆាយ សុផល មើលឃើញថា យុវជនកម្ពុជាមានចំនួនតិចតួចបំផុតដែលចាប់អារម្មណ៍ក្នុងការទិញ និងអានសៀវប្រវត្តិសាស្រ្ត និងនយោបាយ ជាងការទិញសៀវភៅប្រលោមលោកបែបស្នេហា។
ករណីនេះត្រូវបានលោក ឆាយ សុផល មើលឃើញថា ដោយសារតែកង្វះខាតនៃការតែងនិពន្ធ និងការបោះពុម្ភសៀវភៅថ្មីៗ និងយុវជនភាគច្រើនមិនសូវចាប់អារម្មណ៍ ឬសម្របសម្រួលខ្លួនទៅនឹងរឿងនយោបាយ។
ជាមួយគ្នានោះដែរ លោក ឆាយ សុផល បានជំរុញឲ្យយុវជនទាំងអស់ ឲ្យបង្កើនការស្វែងរក និងអានសៀវភៅបែបប្រវត្តិសាស្រ្ត និងនយោបាយឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង និងការគិតបែបទូលាយ ដែលលោក សុផល ថា អាចឲ្យពួកគេធ្វើសេចក្ដីសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំឲ្យបានត្រឹមត្រូវ។
បើទោះជាអ្នកចូលរួមទិញ និងអានសៀវភៅ មានការកើនឡើងច្រើនក៏ដោយ ក៏លោក ហុក សុទ្ធិ លើកឡើងថា ចំនួននេះ នៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង។
លោកបានជំរុញទៅយុវជន ឬឪពុកម្ដាយគ្រប់រូប ឲ្យយកចិត្តទុកដាក់ចំពោះការអាន ដើម្បីបង្កើនចំណេះដឹង និងអាចអភិវឌ្ឍខ្លួន៕