លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ាបានបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសបង់ក្លាដេសកាលពីថ្ងៃពុធម្សិលមិញ ដើម្បីពិភាក្សាបញ្ហាកំពុងប្រឈមរវាងប្រទេសទាំងពី ខណៈអង្គការសហប្រជាជាតិចេញសេចក្តីរាយការណ៍ ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៦៥០០០ នាក់បានរត់គេចចេញពីមីយ៉ាន់ម៉ា ទៅបង់ក្លាដេសកាលពី៣ខែមុន។
Kyaw Tin ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស បំពេញទស្សនកិច្ច៣ថ្ងៃ នៅរដ្ឋធានីដាការបស់បង់ក្លាដេស គឺជាបេសកកម្មកម្រដែល ដែលមិនធ្លាប់មានចាប់តាំងពីលោកអ៊ុង សានស៊ូជីឡើងកាន់តំណែងជាង ៩ខែមកនេះ។នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ដំណើរទស្សនកិច្ចនេះ គឺជា ដំណើរផ្លាស់ប្តូរមួយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បង្ហាញពីការសហការជាមួយ ប្រទេសជិតខាងក្នុងការដោះស្រាយបញ្ហា ដែលអ្នកវិភាគមើលឃើញថា នេះជាសញ្ញាល្អ។
មានការចោទថា ពួករ៉ូហ៊ីងយ៉ា វាយប្រហារប៉ុស្តិ៍យាមរបស់នគរបាលមីយ៉ាន់ម៉ានៅភាគខាងជើង ចំនួន៣ប៉ុស្តិ៍ កាលពីខែតុលាហើយបណ្តាលឲ្យនគរបាលចំនួន៩នាក់ស្លាប់ ពេលនោះពួកយោធាផ្តោតការវាយប្រហារលើជនជាតិរ៉ូហ៊ីងយ៉ា បណ្តាលឲ្យហិង្សាជាទ្រង់ទ្រាយធំកើតឡើង គឺជាជនជាតិភាគតិចនេះប្រមាណ១០០នាក់ស្លាប់ រាប់ម៉ឺននាក់គេចចេញពីលំនៅឋាន៕