កូនស្រី​លោក​​ កឹម សុខា ជំរុញ​អាមេរិក​ឲ្យ​ចាត់​វិធានការ​ជំហាន​ទី​៣​មក​លើ​រដ្ឋាភិបាល​កម្ពុជា

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង កញ្ញា កឹម​ មនោវិទ្យា និងឧបការី​​​​​ក្រសួងកា​រពា​រជា​​តិ លោក រ៉េន ឌល ស្ត្រាយវើ (FB: កញ្ញា កឹម មនោវិទ្យា)

កូនស្រីមេដឹកនាំ​អតីត​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ បាន​ជំរុញ​ទៅ​សហរដ្ឋ​អាមេរិក ឲ្យចាត់វិធានការបន្ថែម​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដោយ​ថា​ ដើម្បី​ស្តា​​រ​ស្ថានភាព​ប្រ​​ជា​ធិបតេ​យ្យនៅ​កម្ពុ​ជា​ឡើង​វិញ។​

ក្រោ​​យពីរដ្ឋាភិបាលកម្ពុជា​ចាប់ឃុំខ្លួនលោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ និងហាម​ឃាត់​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​មក​នោះ សហរដ្ឋអាមេរិក និង​​​​សហភាពអឺរ៉ុប បា​ននាំ​មុខ​គេ​ក្នុង​ការ​​គំរាមដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ចលើ​​ប្រទេស​កម្ពុជា បើមិន​ធ្វើឲ្យ​ស្ថា​នកា​រណ៍​ន​យោបា​យវិលទៅ​រក​​ស្ថា​​​នភា​ពដើ​មវិញ។

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង កញ្ញា កឹម​ មនោវិទ្យា បាន​ឲ្យVOD​ដឹងថា កញ្ញាបានជួប​ពិ​ភា​ក្សាជាមួយ ឧបការីរង​នៃ​ក្រសួងការ​បរទេ​ស​​​​​​​​​​​អា​​​​​​មេ​រិក លោក ផាទ្រីក​ ម័រហ្វី (Patrick Murphy) និងឧបការី​​​​​ក្រសួងកា​រពា​រជា​​តិ លោក រ៉េន ឌល ស្ត្រាយវើ (Ran dall Sch​ri​v​er)​ កាលពីម្សិលមិញ។

កញ្ញា​បាន​បន្ថែម​ថា ក្នុងជំនួបនោះ កញ្ញាស្នើទៅ​អាមេរិក ឲ្យ​​កំណត់​ឈ្មោះ​ជាក់​លាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ដែលឈានទៅដល់កា​រដា​ក់​​ទណ្ឌ​កម្ម​ជា​​បុគ្គល​ផ្នែកហិរញ្ញវត្ថុ និង​ស្នើ​​ទៅ​អាមេរិក ឲ្យ​​ជំរុញ​ទៅ​ប្រទេស​​​ជប៉ុន ដែលជា​សម្ព័ន្ធ​មិត្តរបស់​ខ្លួន ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលកម្ពុជា។

កញ្ញា កឹម មនោវិទ្យា អះអាងថា ជុំ​វិញស្ថានភាព​​ប្រជាធិបតេយ្យនៅកម្ពុជានេះ អាមេរិកបានចាត់វិធានការ​ជាបន្តបន្ទាប់ ដោយថា វិធានការទី១ គឺដាក់ទណ្ឌកម្មទិដ្ឋាការប្រឆាំង​នឹង​មន្ត្រីជាន់ខ្ពស់ វិធានការទី២ ​អាមេរិកបា​នកាត់ជំ​​នួយ​ពី គ.ជ.ប. និងថា អាមេរិក នឹងមានវិធានការបន្ទាប់ទៀត​ បើ​រដ្ឋាភិបាល​​កម្ពុជា​មិន​ផ្លាស់​ប្ដូរ​ជំហរ ងាក​ទៅ​ស្ដារ​ស្ថា​នភា​ព​​ប្រ​​ជា​ធិប​​តេយ្យ​​នៅកម្ពុជាឡើង​វិញនោះ។

កញ្ញាថា៖ «ខ្ញុំមានជំនឿថា ជំហានទី៣នោះ អាមេរិកនឹងធ្វើ គ្រាន់តែឥឡូវនេះ​ គឺគេកំពុងតែដំណើ​រការរឿងទាំអអស់​នោះ ហើយខ្ញុំជឿថា បើគ្មានការប្រែប្រួលជាវិជ្ជមាន​ទាន់ពេលនៅ​កម្ពុ​ជា​ទេ ការដាក់​ទ​ណ្ឌកម្ម​ផ្នែកហិ​រញ្ញវត្ថុ​ទៅ​លើបុ​គ្គ​ល នឹងកើតមាន»។

ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​ចាត់ទុកកិច្ចខំប្រឹងប្រែង​បែបនេះ​​ថា ជា​រឿ​ងអត់​ប្រ​យោ​ជន៍ ដោយលោកអះអាងថា វិធានការកន្លងទៅគ្មានឥទ្ធិពលអ្វីដល់រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោកថា៖ «កឹម មនោវិទ្យា គាត់មិនមែនជាប្រធានាធិបតី​អាមេរិក ឬជានាយករដ្ឋមន្ត្រីរបស់ជប៉ុនដែរ។ ​អញ្ចឹង គាត់មិ​នអាច​​ធ្វើអ្វី​បានតាមចិត្តគាត់បានទេ?។ នេះវាគ្រាន់តែឆ្លុះបញ្ចាំងថា ជាការរើបម្រះប្រកប​ដោយ​សញ្ញា​​អវិជ្ជមានក្នុ​ង​កា​រដោះ​ស្រាយពិរុទ្ធភាព​របស់ឱពុកគាត់ទេ»។

លោក សេក សុផល អ្នក​ស្រាវ​ជ្រាវ​អំពី​ការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មជ្ឈ​មណ្ឌល​សិក្សា​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​សាកល​វិទ្យាល័យ​រីតស៊ូមិអ៊ិកេន ក្នុង​ប្រទេសជប៉ុន បាន​លើកថា ការ​ប្រកាន់​យក​ឥរិយាបថ​ស្ងៀម​ស្ងាត់​ អាច​ជា​ចេតនា​ខាង​យុទ្ធសាស្ត្រ​របស់​ជប៉ុន ក្នុង​ការ​រក្សា​ចំណង​ការទូត​បើក​ចំហរ នៅ​ពី​ក្រោយ​នៃ​ទ្វារ​បិទ​ជិត។

នៅ​ក្នុង​អត្ថបទ​វិភាគ​របស់​លោក​ចុះ​ផ្សាយ​លើ​កាសែត​បាងកក ប៉ុស្តិ៍ ក្រោម​ចំណង​ជើង​ថា «ការទូត​ជប៉ុន​ត្រូវ​បាន​យល់​ខុស» អ្នកស្រាវ​ជ្រាវ​រូប​នេះ បាន​លើក​បន្ត​ថា ដូច​អាមេរិក​ផង​ដែរ ជប៉ុន​តែង​តែ​គាំ​ទ្រ​ការ​ជំរុញ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ប៉ុន្តែ​ ខុស​ពី​អាមេរិក​ដែល​តែង​ប្រកាន់​យក​ជំហរ​តឹង​តែង​ដោយ​ផ្ទាល់​ជុំ​វិញ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នោះ ជប៉ុន​យល់​ថា ការ​រិះគន់​ដោយ​ពាក្យ​សម្ដី គឺ​ជា​អ្វី​ដែល​មិន​សូវ​សំខាន់​ជាង​ការ​ធ្វើការងារ​ដោយ​ផ្ទាល់​នោះ​ទេ។

ចំណែក​សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា ប្រាប់VOD​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ថា សម្ពាធពីអន្តរជាតិ​នៅតែ​មា​​​​ន​ឥទ្ធិពលលើរដ្ឋាភិបាល ដោយថា ដង្ហើមសេដ្ឋកិច្ច​របស់កម្ពុជាពេលនេះ នៅពឹងប្រទេសលោកសេរីនៅឡើយ ហើ​​យ​ថា ស្ថានការណ៍​នយោ​បាយ នឹង​វិលទៅរកស្ថានភាពដើ​មវិញ​ បើអ្ន​ក​​ន​​​យោ​​​បា​យខ្មែរ គិតប្រយោជន៍ជាតិជា​ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ