មន្ត្រី UN មិនអាចចូលទៅស៊ើបអង្កេតកន្លែងបាញ់ប្រហារនៅខេត្តក្រចេះ

មន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (OHCHR) អះអាងថា ពួកគេមិនអាច ចូលទៅកាន់ទីតាំងដែលមានការបាញ់ប្រហារពីសមត្ថកិច្ចលើពលរដ្ឋតវ៉ារឿងដីធ្លី នៅស្រុក ស្នួលខេត្តក្រចេះបានទេ។

នៅលើបណ្តាញសង្គម Twitter របស់ឧត្តមស្នងការអង្គការសហប្រជាជាតិកាលពីម្សិលមិញ បានសេរសេរថា ក្រុមការងាររបស់ពួកគេបានព្យាយាមចូលទៅកាន់ទីតាំងកើតហេតុនៅស្រុកស្នួល ដើម្បីស្រាវជ្រាវបន្ថែមប៉ុន្តែថា មិនអាចចូលទៅបាន។​

OHCHR លើកឡើងថា៖ «យើងកំពុងនិយាយជាមួយប្រជាសហគមន៍ដែលផ្តល់ការគាំទ្រ និង និយាយជាមួយអាជ្ញាធរព្យាយាមទៅកន្លែងកើតហេតុ។ រហូតដល់ពេលនេះយើងមិនអាច ចូលទៅ កាន់កន្លែងកើតហេតុបានទេ​»។

កាលពីថ្ងៃទី៨ខែមីនា មានហេតុការណ៍សមត្ថកិច្ចបាញ់ប្រហារលើប្រជាពលរដ្ឋដែលតវ៉ាករណីដីធ្លី។​ ក្រោយកើតហេតុប្រជាពលរដ្ឋ និង សមត្ថកិច្ចបកស្រាយខុសគ្នា។​

ពលរដ្ឋថា សមត្ថកិច្ចចូលទៅដុតផ្ទះរបស់អ្នកភូមិ ដើម្បីយកដីឲ្យក្រុមហ៊ុនដាំកៅស៊ូរបស់វៀតណាម ក្រោយមកពលរដ្ឋផ្ទុះការតវ៉ា ទើបសមត្ថកិច្ចបាញ់បង្ក្រាបបណ្តាលឲ្យស្លាប់៨នាក់ និង របួសជាង៤០នាក់។

ប៉ុន្តែ នៅក្នុងថ្ងៃកើតហេតុនោះ អាជ្ញាធរខេត្តក្រចេះបានប្រកាសថា ពលរដ្ឋតវ៉ាបិទផ្លូវ ហើយប្រើប្រាស់កាំបិត ពូថៅ និងដំបងជាដើម វាយប្រហារលើសមត្ថកិច្ចទើបមានការបាញ់ បង្ក្រាបកើតឡើង។ អាជ្ញាធរអះអាង​ថា ក្នុងហេតុការណ៍ផ្ទុះអាវុធនេះមិនមានអ្នកស្លាប់ទេគឺ មានអ្នករងរបួសចំនួន​៩នាក់ ហើយក្នុងនោះមានពលរដ្ឋ២នាក់ និង សមត្ថកិច្ច៧នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ