វិភាគ៖ កំណើន​ឥទ្ធិពល​មហា​យក្ស​ចិន​លើ​សេដ្ឋកិច្ចសង្គម​​កម្ពុជា (ភាគ ២)

លោក ហ៊ុន សែន និង លោក ហ្ស៊ី ជិនពីង ក្នុងជំនួបដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ (រូបថត៖ ពេជ្រ ចំរ៉ុង)

នៅ​ក្នុង​ផ្នែក១ នៃ​អត្ថបទ​ «កម្ពុជា​នៅ​ចំពោះ​មុខ​កំណើន​ឥទ្ធិពល​មហាយក្ស​ចិន»​ នោះ កំណើន​នៃ​ជនជាតិ​ចិន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា បាន​ជួយ​ជំរុញ​ដល់​ការ​រីក​លូត​លាស់​បន្ថែមទៀត​នៃ​វិស័យ​ទេសចរណ៍ និង​ចូល​រួម​ចំណែក​ក្នុង​វិស័យ​សេដ្ឋកិច្ច​ប្រទេស​នេះ។ នៅ​ក្នុង​ផ្នែក​ ២ នេះ យើង​នឹង​ពិនិត្យ​មើល​ទៅ​លើ​ចំណុច​អវិជ្ជមាន​នៃ​លំហូរ​ជន​ជាតិ​ចិន​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។

បើ​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍ ជន​ជាតិ​ចិន​បាន​នាំ​មុខ​គេ​នៅ​លើ​តារាង​នៃ​​តួលេខ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កាន់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧​មក​នេះ ដោយ​មាន​ចំនួ​ន​ដល់ទៅ ១​លាន ២​សែន​នាក់។ តួលេខ​នេះ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ចិន បាន​វ៉ា​ដាច់​ភ្ញៀវ​ទេសចរ​វៀតណាម ដែល​ធ្លាប់​តែ​ឈរ​នៅ​លើ​កំពូល​តារាង​អស់​រយៈ​ជាច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ឆ្នាំ​កន្លង​មក​នេះ ភ្ញៀវ​ទេសចរ​វៀតណាម​ចូល​មក​កម្ពុជា មាន​ចំនួន​ត្រឹម​តែ​ជាង ៨៣​ម៉ឺន​នាក់​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​តួលេខ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ជាង ៥​លាន ៦​សែន​នាក់។

បើ​មើល​ពី​​ជ្រុង​ម្ខាង ​កំណើន​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ចូល​មក​កម្ពុជា បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​មួយ​ផ្នែក​ដល់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​កម្ពុជា​ក្ដី ប៉ុន្តែ នៅ​ឯ​ជ្រុង​ម្ខាង​ទៀត ការ​មក​ដល់​នៃ​ជន​ជាតិ​ចិន បាន​បង្ហាញ​នូវ​សញ្ញា​អវិជ្ជមាន​ដល់​សន្តិសុខ ​សណ្ដាប់​ធ្នាប់​ និង​ក្ដី​បារម្ភ​ផង​ដែរ។

ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគមនាគមន៍ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជន​ជាតិ​ចិន ក្រោយ​ពី​ពួកគេ​ចូល​មក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ជាអ្វី​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​រឿយ​ដោយ​ប្រព័ន្ធ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ។ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ​មុន ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ជន​ជាតិ​ចិន និង​តៃវ៉ាន់​សរុប​ទៅ​ជិត ៤០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ថា បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​នៅ​លើ​ទឹក​ដី​កម្ពុជា ដើម្បី​បោក​ប្រាស់ និង​ចាប់​ជំរិត​មនុស្ស​នៅ​ឯ​ប្រទេស​ចិន ដែល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​បង្ក្រាប​ដ៏​ធំ​បំផុត​ទៅ​លើ​បទ​ល្មើស​បែប​នេះ។

បើ​សរុប​មក ជន​ជាតិ​ចិន​មិន​តិច​ជាង ៦០០​នាក់​ទេ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​សមត្ថកិច្ច​កម្ពុជា​ហៅ​ថា ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍។ មន្ត្រី​នគរបាល​កម្ពុជា  ទទួល​បន្ទុក​ផ្នែក​អន្តោ​ប្រវេសន៍ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មួយ​នេះ ដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុម​ជន​ជាតិ​ចិន​ទាំង​នោះ ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅរាជ​ធានី​ភ្នំពេញ ខ្លះ​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប និង​ជា​ពិសេស​បណ្ដា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ។

ក្រៅ​ពី​ក្រុម​ជន​ជាតិ​ចិន​ចូល​មក​ប្រទេស​កម្ពុជា ហើយ​ប្រព្រឹត្ត​បទ​ល្មើស​នោះ ក៏​មាន​ក្រុម​ជន​ជាតិ​មួយ​ក្រុម​ផ្សេង​ទៀត ដែល​ចូល​មក​ក្នុង​ប្រទេស​មួយ​នេះ ក្នុង​ឋានៈ​ជា​កម្មករ វិស្វករ និង​អ្នក​បច្ចេកទេស​ផ្នែក​សាង​សង់​ផង​ដែរ។ ក្រុម​ទី​ពីរ​នេះ បាន​ហូរ​​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​កំណើន​នៃ​ការ​វិនិយោគ​ចិន​នៅ​ក្នុង​ឧស្សាហកម្ម​​សំណង់ និង​អចលន​ទ្រព្យ​កម្ពុជា។ ក្រោយ​ពី​ត្រូវ​បាន​ឃាត់​ខ្លួន ក្រុម​ជន​ជាតិ​ចិន​ប្រភេទ​នេះ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​​រក​ឃើញ​ថា ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់ ខណៈ​ដែល​ខាង​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ក្រុម​ជន​ជាតិ​ចិន​ទាំង​នេះ បាន​ដណ្ដើម​ទីផ្សារ​ការងារ​របស់​ពលរដ្ឋ​ម្ចាស់​ស្រុក និង​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។

​ទំនាក់​ទំនង​​ដ៏​ល្អូក​ល្អិន​កម្ពុជា-ចិន និង​​គោល​នយោបាយ​ «ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ» ដែល​ជា​យុទ្ធសាស្ត្រ​​សេដ្ឋកិច្ច​​ប្រកប​ដោយ​មហិច្ឆតា​​របស់​ចិននោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កត្តា​ជួយ​ជំរុញ​កំណើន​ដ៏​គំហុក​នៃ​ការ​វិនិយោគ​​របស់​ចិន ទៅ​លើ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​នៅ​​កម្ពុជា ។ របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី បាន​ឲ្យ​ដឹង​ថា តម្លៃ​នៃ​គម្រោង​​សាង​សង់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ជាង ២២​ភាគរយ រហូត​មាន​តម្លៃ​ដល់​ទៅ ៦​ពាន់ ៤​០០​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នេះ។ បើ​តាម​អង្គការ​ទិន្នន័យ​កម្ពុជា ទំហំ​នៃការ​វិនិយោគ​ពីប្រទេស​ចិន បាន​កាន់​កាប់​ចំណែក​ធំ​បំផុត​រហូត​ដល់​ទៅ ៧០​ភាគរយ​នៃ​តម្លៃ​គម្រោង​សាង​សង់​ទាំង​មូល។

​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ជាប់​នឹង​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​នោះ វិស័យ​សំណង់ និង​អចលន​ទ្រព្យ ក៏​ត្រូវ​បាន​មើល​ឃើញ​ហក់​ឡើង​ស្អេក​ស្កះផ​ងដែរ ចំ​ពេល​ដែល​ជន​ជាតិ​ចិន​បាន​ហូរ​ចូល​យ៉ាង​គំហុក​ទៅ​កាន់​ខេត្ត​មួយ​នេះ។ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហនុ បាន​កើន​ឡើង​ទ្វេ​ដង​ដល់​ទៅ ១២​ម៉ឺន​នាក់ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នេះ ខណៈ​ដែល​ខេត្ត​នេះ​មាន​ប្រជាជន​សរុប​ត្រឹម​តែ ៩​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ជាមួយ​លំហូរ​នៃ​ជន​ជាតិ​ចិន​ដ៏​គំហុក​បែប​នេះ សារព័ត៌មាន Reuters ចុះ​ផ្សាយ​ថា ក្រុង​ព្រះសីហនុ ត្រូវ​បាន​ប្រៀប​ប្រដូច​ទៅ​នឹង​​ទីក្រុង​ម៉ាកាវ​ទី​២​របស់​ចិន ដែល​ជា​មជ្ឈ​មណ្ឌល​ល្បែង​កម្សាន្ត​ពិភព​លោក ខណៈ​ដែល​សំណង់​​សណ្ឋាគារ កាស៊ីណូ និង​អគារ​ស្នាក់នៅ​ជាច្រើន កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់​យ៉ាង​ព្រោង​ព្រាត​នៅ​ទីក្រុង​ព្រះសីហនុ។

ថ្វី​បើ​មើល​ពី​ម្ខាង វ​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​អចលន​ទ្រព្យ ប៉ុន្តែ មើល​ជ្រុង​ម្ខាង​ទៀត វត្តមាន​ជន​ជាតិ​ចិន​ដ៏​ច្រើន​នេះ បាន​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​សម្រាប់​ពលរដ្ឋអ្នក​ស្រុក​ទៅ​វិញ។ អ្វី​ដែល​ពលរដ្ឋ​ម្ចាស់​ស្រុក​ព្រួយ​បារម្ភ​នោះ វា​បាន​កើត​ឡើង​រួច​ទៅ​ហើយ បន្ទាប់​ពី​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ទៅ​លើ​ជន​ជាតិ​ចិន​គ្នា​ឯង ឬ​​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​នោះ ត្រូវ​បាន​ចុះផ្សាយ​ជា​រឿយៗ។

បញ្ហា​នេះ សូម្បី​តែ​​​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​លោក ផ្ញើ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​កាល​ពី​ខែ​មករា​កន្លង​មក​នេះ​ផង​ដែរ។ លោក​បានរាយការណ៍​ពី​ផល​ប៉ះពាល់​ជាច្រើន​កើត​ចេញពី​កំណើន​ភ្ញៀវ​ទេសចរ​ចិន និង​បរទេស​នៅ​ក្នុង​ខេត្ត​នេះ ដូចជា ក្រុម​ម៉ាហ្វីយ៉ា​ចិន​សម្ងំ​លាក់​ខ្លួន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ការ​បង្ក​សំឡេង​រំខាន​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក និង​អំពើ​ហិង្សា​តាម​ទីសាធារណៈ​ជា​ដើម៕

(សូម​រង់ចាំ​តាម​ដាន​ភាគ​បន្ត)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ