អ្នក​វិភាគ​ថា​សង្គ្រាម​នឹង​មិន​កើត​ឡើង​ទេ ​បើគណបក្សនយោបាយ​គោរព​​លទ្ធផល​ឆ្នោត

អ្នក​វិភាគមួយចំនួនបង្ហាញការយល់ឃើញថា សង្គ្រាមស៊ីវិលនៅកម្ពុជា​ នឹង​មិន​កើត​ឡើង​ទេ ប្រសិន​បើ​ការ​បោះឆ្នោត​ខាង​មុខ ជា​ការ​បោះ​ឆ្នោត​ដែ​ល​មាន​ភាព​ត្រឹម​ត្រូវ យុត្តិ​ធម៌​ តាមយន្តការប្រជាធិបតេយ្យ បើ​ទោះ​បីពេលនេះ អ្នកនយោបាយខ្លះ គំរាមពីការកើតសង្គ្រាមបើខ្លួចចាញ់ឆ្នោតក៏ដោយ។

នៅប៉ុន្មាន​ថ្ងៃចុង​ក្រោយនេះ​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​​បានព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ពី​លទ្ធភាព​នៃ​​សង្គ្រាមដែល​អាច​កើត​មាន​នៅ​កម្ពុជា ថាបើគណបក្សរបស់​លោកគ្មានសំឡេងគ្រប់គ្រាប់ បានបន្តកាន់​អំ​ណា​ច​ប​ន្តទៀតនោះ។

ការ​ថ្លែង​របស់​លោកថ្លែងសារដដែលៗ ពីលទ្ធភាពអាចផ្ទុះសង្គ្រាមស៊ីវិល​ឡើងវិញ នៅកម្ពុជា របស់​មេដឹក​នាំកំពុងគ្រប់គ្រងអំណាចនេះ គឺមាន​តែ​រយៈពេល​មិន​ដល់​មួយ​ខែ​ទៀត​ទេ ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​​នឹង​ត្រូវចាប់ផ្តើមឡើង។

កាលពី​ថ្ងៃ​ទី១០ ម្សិល​មិញ​លោក​ ហ៊ុន សែន បាន​ព្រមាន​ខ្លាំង​ៗ​ដល់ដោយ​មិន​ចំ​ឈ្មោះ តែ​ទំនង​សំដៅ​ទៅ​លើ​​គណបក្សសង្គ្រោះ​ជាតិ និងថា​ប្រសិន​​ជា​បក្ស​នេះ​ឈ្នះ​ឆ្នោត​នោះ​សង្គ្រាម​នឹង​អាច​កើត​មាន​ឡើង​នៅ​កម្ពុជា​។

អ្នក​វិភាគ​ឯក​រាជ្យលោក​បណ្ឌិត ឡៅ ម៉ុង​ហៃ យល់​ឃើញ​ថា ក្រោយការបោះឆ្នោតខាងមុខនេះ លោកថា នឹងគ្មានសង្គ្រាម ឬបាតុកម្មទ្រង់ទ្រាយធំណាមួយប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែរ ដោយលោកវិភាគថា ប្រព័ន្ធរៀបចំការបោះឆ្នោតពេលនេះ អាចទុកចិត្តបាន ដែលលោកថា ខុសពីការរៀបចំ​ការ​បោះឆ្នោត​នាពេល​កន្លងទៅ។

លោក​ថា​៖ «ការ​បោះឆ្នោត​លើក​ក្រោយ​នេះ​អាច​លទ្ធផល​នោះ​គឺ​អាច​ច្បាស់​លាស់​ជាងគឺ​អាច​សំដែង​នូវឆន្ទៈប្រជា​ពល​រដ្ឋ​បាន​ច្រើន​ជាង … ហើយ​នេះ​គឺ​ការ​ដែល​អាច​ជៀស​វាងនូវការ​តវ៉ា​បែប​ផែន​ទ្រង់​ទ្រាយ​ធំដូច​កាលពី​ឆ្នាំ​២០១៣ ដូច្នេះ​ខ្ញុំ​ថា​មាន​បាតុកម្ម​មាន​អីលើក​លែង​តែ​គណបក្ស​ណា​មួយមិន​ទទួល​ស្គាល់​អាហ្នឹង​គឺ​អាច​មាន​បាតុកម្ម​មាន​អី​អញ្ចឹង​ទៅ»។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា បានលើកឡើងថា លទ្ធ​​ភាព​នៃ​សង្គ្រាមក្នុង​ស្រុក​ គឺ​មិន​អាចកើ​តមាន​នោះ​ទេ ដោយលោកវិភាគថា កម្ពុជា​ពេលនេះ ​គ្មាន​​ក្រុម​ឧទ្ទាម ឬ​កង​កម្លាំង​ប្រឆាំង​ប្រដាប់​អាវុធ​ណា​មួយ​នោះ​ទេ។

តែ​លោ​ក​បាន​ប្រមើល​ថា ប្រសិនជា​កើត​មាន​សង្គ្រាមនៅពេល​ដែល​បក្ស​ប្រជា​ជន​ចាញ់​ឆ្នោត ​​ដូច​អ្វី​ដែល​លោក ​ហ៊ុន សែន ​​ថ្លែង​​នោះ លោកថា គឺ​ជា​សង្គ្រាម​ដែល​មាន​ការ​អុជអាល​ឡើ​ង​​​ដោ​យ​បរទេស​ទៅ​វិញ​ទេ​។

លោក​ថា៖ «ដោយ​សារ​តែ​កម្លាំង​ម្ខាង​ទៀត​អត់​មាន​កម្លាំង​អី​ទេ ​ឬ​ក៏​តតាំង​ទេ កាល​ណា​ផ្ទុះ​ទាល់​តែ​មាន​ចលនា​ផ្សេង​គាំ​ទ្រ ​ឬ​ក៏មាន​តែ​របត់នៅ​ខាង​ក្រៅ​ប្រទេស ​ដែល​មាន​ឧបត្ថម្ភ​ខាងសេដ្ឋកិច្ចជំនួ​យ​ហ្នឹង​ខ្លាំង​ហើយ​​គាត់​គាំទ្រ​ម្ខាង​ៗ គាត់​ជម្រុញ​អាវុធ​អី​មក​អាហ្នឹង ​ទើប​ជម្រុញ​ទៅ​ជា​សង្គ្រាម។ ឥឡូវ​នេះ​ កង​កម្លាំង​មាន​តែ​ម្ខាង​ អត់​អាច​ធ្វើ​សង្គ្រាម​ជាមួយ​ខាង​ណា! គឺ​អត់​មាន​ទេ […]»។

ដូចគ្នា​ដែរអ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម ​លោកបណ្ឌិត មាស នី លើកឡើងថា​ លទ្ធភាព​នៃសង្គ្រាម​ដែល​អាច​កើត​មាន​នៅ​កម្ពុជា​នេះ ​លោកវិភាគថា ​មិន​អាច​កើត​មាន​នោះ​ទេ ដោយ​លោក​ថាតាម​សមត្ថភាព​របស់​បក្ស​ប្រឆាំង​ គឺ​មិន​អាច​នាំ​​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម​នោះ​ឡើយ។

តែ​លោក​វិភាគថា​ អ្វីដែលលោក ហ៊ុន សែន ព្រមានពីសង្គ្រាមញឹកញាប់នោះ លោកថា អាចមកពី លោក​ ហ៊ុន សែន ​​បារម្ភពីផ្ទៃក្នុងរបស់ខ្លួនទៅវិញទេ។

លោក​ថា៖ «​ប្រហែល​ជា​សម្តេច​នាយ​ក​រដ្ឋ​អាច​ដឹង​តាម​ប្រព័ន្ធចារកម្ម​របស់​លោកថា នឹង​មាន​កង​ទ័ព​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​ប្រហែល​ជា​មិន​នៅ​ស្មោះ​ត្រង់​ជា​មួយ​ហ្នឹង​គាត់​ទៀត​ទេ អញ្ចឹង​បាន​ជា​គាត់​ប្រកាសពី​សង្គ្រាម​ម្តងហើយ​ម្តង​ទៀត​។ ព្រោះ​អី​សង្គ្រាម​ទាល់​តែ​មាន​កម្លាំង​ប្រដាប់​អាវុធពី​រតទល់​គ្នា ហើយ​បើ​សិន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ហ្នឹង​នៅ​ស្មោះត្រង់​នឹង​គាត់​រហូត អា​ហ្នឹង​ឥត​មាន​សង្គ្រាម​អី​ទៅ​រួច​ទេ​មាន​តែ​ការ​ដណ្តើម​អំណាច​តែ​ម្តង​បើ​សិន​ជា​ចាញ់​ឆ្នោត។ តែ​មើល​មក​ហាក់​បី​ដូច​ជា​គាត់​មើល​ឃើញ​ថា​មាន​តម្រុយ​អី​តវ៉ា​បះបោរ​ប្រឆាំងអីអញ្ចឹង។ តែ​សម្រាប់ខ្ញុំ​ៗ​មើល​ទៅ​ថា​មិន​មាន​អី​ហាក់​កើត​ទៅ​ជាសង្គ្រាម​កើត​ទេ​»។

លោក ​មាស នី​ បង្ហាញការខកចិត្តថា ក្នុងនាម​ជាប្រមុខ​រដ្ឋាភិបាល គួរ​តែ ​ជម្រុញ​ដល់ លើក​ទឹក​ចិត្ត​ពលរដ្ឋ ឲ្យ​ទៅបោះ​​ឆ្នោតដោយគ្មានការភ័យខ្លាច ​ ​ជាជាងផ្ញើសារគំរាមពីសង្គ្រាម បើពលរដ្ឋលែង​គាំទ្រ​គណ​បក្សខ្លួននោះ ​។

គួររំលឹកថា ព្រះ​មហា​ក្សត្រ​កម្ពុជា ​តាម​រយៈសារលិខិត​មួយ​ច្បាប់​របស់​ព្រះ​អង្គចុះ​ថ្ងៃ​ទី២០កុម្ភះ ព្រះ​អង្គ​បា​ន​ជម្រុញ​ទៅ​កាន់​ពល​រដ្ឋ​គ្រប់​រូប​ឲ្យ​ទៅ​បោះ​ឆ្នោតនាពេល​ខាង​មុខ ដោយប្រើសិទ្ធិ​សេរីភាព​របស់​ខ្លួន និង​ទៅ​តាម​សតិ​សម្បជញ្ញៈ និង​សុំ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភពី​ការ​គាបសង្កត់ ការ​គម្រាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្សណា​មួយ​ឲ្យ​សោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ