លោក សម រង្ស៊ី៖ ខ្ញុំមានកិត្តិយសណាស់ ដែលលោក ហ៊ុន សែន គិតគូរដល់ខ្ញុំឥតឈប់ឈរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានផ្ញើសារបែបឌឺដងថា​​ជា «កិត្តិយ​ស​ណា​ស់​ ដែ​ល​លោក  ហ៊ុន សែន គិតគូរឥតឈប់ឈរ» បើទោះជាលោកថា មានការព្យាយាមសម្លាប់លោ​កទាំងផ្នែ​ករាងកា​យនិងជីវិតនយោបាយ តាម​រយៈ​​​​​​ប្រព័ន្ធតុលាការនិងស្ថាប័នរដ្ឋសភា រយៈពេល២០ឆ្នាំមកនេះក៏ដោយ។

កាលពីថ្ងៃចន្ទម្សិលមិញ តំណាងរាស្ត្ររបស់គណបក្សប្រជាជន​ ដែលមានសំឡេងភាគច្រើនក្នុងសភា បាន​​អនុម័ត ច្បាប់គណបក្សនយោបាយ ដែលលោក ហ៊ុន សែន ស្នើឲ្យធ្វើវិសោធនកម្មជាលើកទី២ ដែ​លច្បា​ប់នេះ អ្នកតាមដានថា នឹងផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ។

លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុក របស់លោកនាថ្ងៃទី១០ ខែកក្កដា លើកឡើងថា «២០ឆ្នាំកន្លង​​ទៅនេះ លោកថាលោក ហ៊ុន សែន បានប៉ុនប៉ងតាមសម្លាប់លោកឥតឈប់ឈរ ទាំងរាងកាយ ទាំងជីវិ​​នយោ​​​បាយ»។

លោក សម រង្ស៊ី លើកឡើងទៀតថា ការប៉ុនប៉ងសម្លាប់លោក ផ្នែករាងកាយ ដោយលោកលើកយកករណី វាយ​ប្រហារដោយគ្រាប់បែកដៃមុខអតីតមន្ទីររដ្ឋសភាឆ្នាំ១៩៩៧ និងថាការប៉ុនប៉ងសម្លាប់​ជិវិ​ត​ន​យោបាយ តាមផ្លូវតុលាការរាប់សិបបណ្តឹង និងប្រើប្រាស់ស្ថាប័នរដ្ឋសភា តាមរយៈស្នើឲ្យកែច្បាប់ គណប​ក្ស​ន​​​​យោបា​យជាលើកទី២នេះជាដើម។

លោក សម រង្ស៊ី​​ សរសេរបែបឌឺដងដូចនេះថា «ខ្ញុំមានកិត្តិយសណាស់ ដែលលោក ហ៊ុន សែន គិតគូរដល់ខ្ញុំឥតឈប់ឈរ»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពជា លោក សុខ ឥសាន បានច្រានចោលការចោទប្រកាន់នេះ ដោយ​លោ​កថាលោក សម រង្ស៊ី ទៅវិញទេ ដែលជាអ្នកបញ្ចប់ជីវិតនយោបាយដោយខ្លួនឯង តាមរយៈធ្វើ​លិខិ​ត​សុំលាលែងពីប្រធានបក្សកាលពីខែកុម្ភៈឆ្នាំ២០១៧៖ «ខ្លួនឯងអ្នកធ្វើពាក្យសុំលាលែង ដោយបញ្ហាផ្ទាល់ខ្លួន មាននរណាផ្ញង់កាំភ្លើងឲ្យគាត់ស៊ីញ៉េ គឺគាត់ធ្វើខ្លួនឯង គ្មាននរណាបង្ខិតបង្ខំ គ្មាននរណាស៊ីញ៉េជំនួសគាត់ គឺគាត់ស៊ីញ៉េខ្លួនឯង។អញ្ចឹងគាត់ហ្នឹងហើយ ដែលជាអ្នកបញ្ចប់ជីវិតខ្លួនគាត់ហ្នឹង»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ល្បែងនយោបាយ ដែល​មេដឹកនាំទាំងពីរកំពុងលេង លោកថាមិនបានផ្តល់ប្រយោជន៍ដល់ប្រទេសជាតិទេ ដោយថា សារ​ឆ្លើ​យ​​ឆ្លងរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ភាគច្រើនផ្តោត​លើតែប​​ញ្ហាបុគ្គ​ល ដោយលោកប្រៀ​បធៀ​បថា មិនខុសពីគ្រូចាប់ពស់ និងពស់វែក ដែលអាងពិស។

លោកបន្ថែមថា៖ «ពស់វែកហ្នឹង ចាំឲ្យឮសំឡេងស្អីបន្តិច ពីគ្រូចាប់ពស់ គឺងើបឡើង បើកវែកដើម្បីការពារខ្លួនរហូតអញ្ចឹងទៅ ជួនកាលស្ទុះទៅចឹកអីអញ្ចឹងទៅ ពេលខ្លះក៏ចំមនុស្សខ្លះ ពេលខ្លះក៏ចំគ្រូពស់ខ្លះអីអញ្ចឹងទៅ ពេលខ្លះក៏ចំដុំថ្មី ហើយគ្រូពស់ ហ្នឹងក៏រុញដុំថ្ម មកពស់ក៏ចឹកចំដុំថ្ម អីអញ្ចឹងទៅ។ វាគ្រោតគ្រាត និយាយឲ្យចំទៅវាគ្រោតគ្រាត ហើយគ្រូចាប់ពស់ ហ្នឹងក៏នៅអត់ស្ងៀមទេ»។

ទោះជាយ៉ាងណា លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួនបានរំឭកឲ្យមេ​ដឹក​​នាំបក្សកាន់អំណាច គួ​រតែ​ប្រើ​ប្រាស់ពេលវេលា និងថាមពលរបស់ខ្លួន ជំរុញ​ឲ្យរដ្ឋសភាធ្វើច្បាប់ ការពារប្រយោជន៍ជាតិ និង កែតម្រូ​វអ្វីដែលខុសឆ្គង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ