មន្ត្រី៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អនឡាញជា​ចំណែក​​ក្នុង​ការផ្សាយពត៌មាន​ពី​អំពើ​ហិង្សា​លើ​ស្រ្តី

អនុប្រធាននាយកដ្ឋានពត៌មាននៃ​ក្រសួង​កិច្ចការនារី លោក​ស្រី ប៉ែន គន្ធា មានប្រសាសន៍ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​អនឡាញ ជា​ចំណែក​មួយ ​ក្នុង​ការ​ផ្សព្វផ្សាយ​ពត៌មាន​អំពីអំពើ​ហិង្សា​លើ​ស្ត្រីដោយ​ថា រឿងនេះអាចនាំប្រជាជនកើត​មាន​គំនិត​ហិង្សា​ ក្រោយមើលនិងអានព័ត៌មានទាំង​នោះ ព្រមទាំង​ធ្វើ​ឲ្យប៉ះពាល់​ផ្លូវ​ចិត្ត​ជនរងគ្រោះ និង សាច់ញាតិជនរងគ្រោះ​ផង។

លោក​ស្រី​បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី ការជួប​ជុំសិក្ខា​សាលាមួយ ដែល​ធ្វើ​ការ​ផ្សព្វផ្សាយស្តីពី «ប្រកាសរួម​ស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ដី្រ» ​រៀប​ចំ​ដោយក្លឹប​អ្នក​កាសែត​កម្ពុជា នៅព្រឹក​ថ្ងៃទី​១១សីហា។ កម្មវិធីនេះ​ មាន​ការ​ចូល​រួម​ពី​អ្នក​កាសែត​មក​ពី​ស្ថាប័ន​ផ្សេង​ៗគ្នា មាន​គោល​បំណង​ពិភាក្សា អនុវត្ត​ក្រម​ប្រតិបត្តិ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព និង ស្វែង​រក​វិធានការ​បន្ថែម​លើ​ការអនុវត្ត។

កាលពី​ថ្ងៃទី២០ខែកក្កដា​ កន្លងទៅ ក្រសួង​ចំនូន២ គឺ ក្រសួង​ព័ត៌មាន​ និង ក្រសួង​កិច្ច​ការនារី បានចុះហត្ថលេខារួមគ្នា​លើក្រមប្រតិបត្តិមួយនេះ មាន​គោលបំណងទប់ស្កាត់ការ​ផ្សព្វផ្សាយព័ត៌មានលំអិត​ទាក់​ទង​អំពើ​ហិង្សា​លើស្ត្រី ការយកករណីអំពើហិង្សាលើស្ដ្រី ទៅធ្វើជាការកម្សាន្ដ លុបបំបាត់អំពើហិង្សាលើស្ដ្រី និងអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។

ទាក់ទង​ការ​ផ្សព្វផ្សាយព័ត៌មាន​អំពីការ​ប្រព្រឹត្តអំពើ​ហិង្សា​លើ​ស្រ្តី តាម​ប្រព័ន្ធអនឡាញ លោក​ស្រី ប៉ែន គន្ធា មានប្រសាសន៍ថា រឿងនេះ ​មាន​ឥទ្ធិពល​ណាស់ ដោយ​ថា បើ​ផ្សព្វផ្សាយ​បាន​ត្រឹម​ត្រូវ នឹង​ផ្តល់​ផល​ល្អ ហើយ បើ​ផ្សព្វផ្សាយ​ខុសវិជ្ជាជីវៈ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ប៉ះពាល់​ជនរងគ្រោះ ហើយនិងបង្កើតគំនិត​ហឹង្សាដល់​អ្នក​មើល​ព័ត៌មាន​នោះផង។

លោក​ស្រី​ថា ៖ «​សម័យ​នេះ ជា​សម័យ​ទំនើប អ្នក​ណា​ក៏​អាច​ប្រើ​អ៊ីនធឺណិតបាន…។ អញ្ចឹង​ វា​ធ្វើ​ឲ្យ​ប៉ះពាល់ ប៉ះពាល់​យ៉ាង​ម៉េច​ គឺនៅ​ពេលក្រុម​គ្រួសារគាត់​បាន​ឃើញ ​ឬក៏អ្នក​ផ្សេង​ឃើញ គេ​ថា អ៊ូ! ស្ត្រី​ម្នាក់នេះ​ត្រូវ​បាន​គេ​រំ​លោភ ឬ កូន​អ្នក​នេះ ​ត្រូវ​បាន​គេ​រំលោភ​សំលាប់ អញ្ចឹង ​តើ​វាបាន​ប៉ះពាល់​ដូច​ម្តេច​ខ្លះ​ដល់​អារម្មណ៍​របស់​គាត់…ហើយ​ចុះ អ្នក​បាន​ចូល​មើល​អនឡាញ​នោះ​យ៉ាង​ម៉េច​ដែរ…ហើយការផ្សព្វផ្សាយទាំងនេះដែរ​ក៏ មាន​លក្ខណៈ​បណ្តុះ​គំនិត​ហឹង្សា​ទៀត ចំពោះអ្នក​មើលព័ត៌មានទាំង​នោះ»។ ​

នៅ​ក្នុង​ការ​ពិភាក្សា​នោះ​ អ្នក​ដែល​ធ្វើ​ការ​ក្នុង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយមិន​ថា ទូរទស្សន៍ កាសែត វិទ្យុ ឬ ប្រព័ន្ធ​អនឡាញ មិនត្រូវ​ផ្សព្វ​ផ្សាយ​ព័ត៌មានដែល​ទាក់​ទង​អំពើ​ហិង្សា​លើ​ស្រ្តីណា​ដែលមាន​បញ្ជាក់ អត្តសញ្ញាណ​ជន​រង​គ្រោះ អាស័យដ្ឋានជនរងគ្រោះ សកម្មភាព​ឧក្រិដ្ឋ រូបភាព​លំអិត​របស់​ជន​រង​គ្រោះ ឬ ពត៌មាន​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​ជនរង​គ្រោះ។

ដោយ​សង្គេត​ឃើញពីការ​ផ្សព្វ​ផ្សាយពាក់​ព័ន្ធ​អំពើ​ហិង្សា​លើ​ស្រ្តីនៅ​លើ​បណ្តាញ​សង្គម អនុរដ្ឋលេខាធិកា​ក្រសួង​ពត៌មាន លោក អ៊ុក គឹម​សេង ក៏​បាន​ណែនាំ​ឲ្យ​អ្នក​យក​ពត៌មាន​តាម​អ៊ីនធឺណិត ក៏​ដូចជា អ្នក​បង្ហោះតាម​​បណ្តាញសង្គម ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ និងដោយ​គោរព​ក្រម​ប្រតិបត្តិនេះ ដោយគោរព​សិទ្ធិ​ស្ត្រី។ ក្រៅពី​នេះ លោក​ថា ក្រសួង​ពត៌មាន​នឹង​មាន​វិធានការ​បន្ថែម កោះហៅប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ​មក​ណែនាំ។

លោកថា៖ «​គឺថា បើ​ប្រព័ន្ធ​ផ្សព្វផ្សាយទាំង​នោះ ​មាន​ចុះ​បញ្ជីក្នុង​ក្រសួង​ព័ត៌មាន ក្រសួងមាន​សិទ្ធិកោះ​ហៅធ្វើ​ការ​ណែនាំ បន្ថែម​ពី​ក្រម​ប្រតិបត្តិនេះ ហើយ​ចំពោះ​ការ​ផ្សព្វផ្សាយជា​បុគ្គល គឺ​យើង​ពឹង​ផ្អែក​ទៅលើ​សមត្ថកិច្ច​របស់​ក្រសួង​មហា​ផ្ទៃ ដែល​ក្រសួង​នេះ ​ហើយ​ដែល​ជា​អ្នក​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់​គ្រង​រាល់​សកម្មភាព​ខុស​ឆ្គង​របស់​ពលរដ្ឋ»

បើ​តាម​របាយការណ៍​ ស្តីពីការប្រើប្រាស់ទូរស័ព្ទ និង អ៊ិនធឺណិត ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៦ របស់​ USAID ប្រជាជន​ខ្មែរប្រមាណពាក់​កណ្តាល ​មាន​ប្រើ​ប្រាស់​ទូរស័ព្ទស្មាត​ហ្វូន​ យ៉ា​ង​ហោច​ណាស់​ក៏មាន​ម្នាក់​​មួយ​ដែរ។ ​របាយការណ៍​​ បាន​បន្ត​ទៀត​​ថា​ អ្នក​ទាំង​អស់​នោះ ​អាច​ភ្ជាប់​និង​ប្រើ​ប្រាស់​​អ៊ីនធឺណិត បាន ជាពិសេស​បណ្តាញ​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ