កម្មករប្រមូលផ្តុំក្បែរផ្ទះលោក ​ហ៊ុន សែន ​រកដំណោះស្រាយករណីបើកលុយមិនគ្រប់​

កម្មករជិត​១០០០នាក់ប្រមូលផ្តុំនៅក្បែរផ្ទះលោក ​ហ៊ុន សែន

កម្មករជិត​១០០០នាក់ធ្វើការនៅរោងចក្រមួយក្នុងខេត្តកណ្តាលបានផ្ទុះការតវ៉ាមុខរោងចក្រមួយក្រុម និងមួយក្រុមទៀតទៅ​ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន ស្ថិតនៅក្នុងក្រុងតាខ្មៅ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេ ដោយចោទថា ថៅកែបើកប្រាក់ឈ្នួលឲ្យមិនគ្រប់។

កម្មករផ្នែកដេរម្នាក់ប្រាប់វីអូឌីពេលកំពុងប្រមូលផ្តុំគ្នាក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី អ្នកស្រី គីម ស្រីអូន ឲ្យដឹងថា ថៅកែរោងចក្រ ហ្គាវ័ន្ត អីភេរឹល បើកប្រាក់ឈ្នួលឲ្យពួកគេមិនទៀងទាត់ ហើយថា ថែមទាំងបើកឲ្យខ្វះម្នាក់ៗចន្លោះពី១៥០ទៅ១៦០ដុល្លារជារៀងរាល់ខែ គឺមានរយៈពេលមួយឆ្នាំមកហើយ។

អ្នកស្រីបន្តថា កន្លងមកក្រុមកម្មករធ្លាប់រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយដែរ ប៉ុន្តែមិនមានដំណោះស្រាយទេ បានត្រឹមតែសន្យា ទើបនៅថ្ងៃទី១១ខែឆ្នាំ២០១៧នេះ ពួកគេឡើងផ្ទះលោក ហ៊ុន សែនតែម្តង។

អ្នកស្រីបន្ថែមថា«ច្បាប់ក្រុមហ៊ុនបើកលុយគឺថ្ងៃ១០តែថៅកែមិនបើកឲ្យថ្ងៃ១០ទេ គាត់ទាញឲ្យដល់១៤ ជួនកាលបើបើកថ្ងៃដប់៣០ឬក៍៥០ដុល្លារអញ្ចឹងទៅដល់ថ្ងៃ២០ជាងទើបគាត់បើកឲ្យយើង ហើយពួកយើងក៏បាននាំគ្នាធ្វើកូដកម្មកមួយសារហើយ គាត់ក៏បានធ្វើកិច្ចសន្យាថា អត់ឲ្យហួសពីថ្ងៃ១០ទេ បើហួសពីថ្ងៃ១០ឲ្យពួកខ្ញុំធ្វើតាមច្បាប់ទៅវិញចុះ ពីរខែក្រោយមកក៏គាត់ធ្វើទៀត ហើយពួកខ្ញុំក៏បានអនុគ្រោះឲ្យទៀត តែនេះពួកខ្ញុំលេងអនុគ្រោះឲ្យហើយព្រោះឡើងខែទី៣ ហើយ។ ឥលូវជំពាក់កម្មករ១០០ជាងក្នុងកម្មករម្នាក់ៗព្រោះអីម្សិលម៉ិញនេះគាត់បើកឲ្យបានតែ៥០ដុល្លារទេហើយគាត់ជំពាក់កម្មករ១០០ជាងឯណោះ»។

កម្មករផ្នែកដេរម្នាក់ទៀតកំពុងមានផ្ទៃពោះអ្នកស្រី សែម សុភូ និយាយទាំងហូរទឹកភ្នែកថា ករណីថៅកែបើកលុយឲ្យមិនគ្រប់ និងមិនទៀងទាត់បែបនេះបានធ្វើឲ្យគ្រួសារគាត់ជួបផលលំបាក់ ខ្វះលុយបង់ផ្ទះ ទឹកភ្លើង ចាយវាយប្រចាំថ្ងៃ និងគ្មានលុយបង់បំណុលធនាគារជាដើម។

អ្នកស្រីអំពាវនាវសុំឲ្យលោកនាយករដ្ឋ ហ៊ុន សែន និងអ្នកពាក់ព័ន្ធជួយដោះស្រាយដោយធ្វើយ៉ាងណាងជំរុញទៅថៅកែរោងចក្របើកប្រាក់ឈ្នួលឲ្យពួកគាត់គ្រប់ចំនួន និងទាន់ពេលវេលាស្របតាមច្បាប់កំណត់។

អ្នកស្រីបន្ថែមថា«ផលលំបាកដូចថា ខ្ញុំត្រូវបង់ធនាគារថ្ងៃ១៤ថ្ងៃ១៥ហើយដល់ថៅកែធ្វើបាបអញ្ចឹងទាល់តែខ្ញុំទៅខ្ចីលុយ អ្នកផ្សារមកចង់ការគេបន្ត ហើយសុំឲ្យថៅកែហ្នឹងបើកលុយទៀងថ្ងៃ១០ៗអញ្ចឹងមក ហើយគាត់ធ្វើបាបកម្មករច្រើនគ្នាណាស់ព្រោះអីកម្មករភាគច្រើនជំពាក់ធនាគារ ហើយសុំឲ្យគាត់បើលុយឆ្លងទន្លេដល់កម្មករឲ្យអស់ៗមក ព្រោះកន្លងមកគាត់បើកឲ្យតែពាក់កណ្តាលទេទុកពាក់កណ្តាលទៀតបើកពេលចូលមកវិញ»។

វិអូឌីមិនទាន់សុំការឆ្លើយតបពីតំណាងភាគីរោងចក្របានទេចំពោះបញ្ហានេះ។ តែទោះយ៉ាងណា អភិបាលក្រុងតាខ្មៅ លោក ហេង ធៀម ដែលចុះសម្របសម្រួលការប្រមូលផ្តុំរបស់កម្មករនេះមានប្រសាសន៍ថា អាជ្ញាធររួមមានមន្ទីរការខេត្ត និងតំណាងភាគីក្រុមហ៊ុនកំពុងប្រជុំពិភាក្សារដោះស្រាយបញ្ហានេះហើយ។

លោកបន្ថែមថា«ពេលឃើញបងប្អូនកម្មករមានបញ្ហាលំបាក និងរងផលប៉ះពាល់យើងត្រូវមកពិនិត្យដើម្បីដោះស្រាយជូន ហើយឥឡូវនេះខាងសាលាក្រុង រួមជាមួយមន្ទីរការងារកំពុងធ្វើកិច្ចសន្យាដាក់កំហិតឲ្យថៅកែហ្នឹងដោះស្រាយធ្វើម៉េចបើក លុយឲ្យបានទាន់ពេលវេលាព្រោះយើងត្រូវតែជួយគាត់»។

បើតាមកម្មករ រោងចក្រហ្គាវ័ន្ត អីភេរឹល ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករបំពេញការងារចំនួន​១១០០នាក់។គួររំលឹកថា  បច្ចុប្បន្ននេះលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះជួបកម្មករនិងតំណាងកម្មករ​មួយសប្តាហ៍ពីរដើម្បីដឹងសុខទុក្ខ និងលក្ខខណ្ឌការងារមួយចំនួន ដោយក្នុងនោះលោកក៏បានជំរុញឲ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហានានាផងដែរ ដោយថា ដើម្បីធានាផលប្រយោជន៍ជូនកម្មករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ