ពលរដ្ឋថាការបឹទវិទ្យុឯករាជធ្វើឲ្យពួកគាត់ងាយរងផលប៉ះពាល់

ពលរដ្ឋនៅខេត្តពោធិ៍សាត់ អំពាវនាវទៅរដ្ឋាភិបាល ឲ្យបើកស្ថានីយវិទ្យុឯករាជមួយចំនួនឡើងវិញ ដោយពួកគាត់អះអាថា ការបឹទវិទ្យុនៅពេលនេះ ធ្វើជួបបញ្ហាប្រឈមជាច្រើន ពិសេស មិនបានដឹងអំពីទីផ្សារសម្រាប់លក់ផលទ្ធផល និងស្ថានភាពនយោបាយដែលកំពុងឡើងកម្តៅនាពេលបច្ចុប្បន្ននេះ។

កសិករម្នាក់អ្នកស្រី ទុយ វឿន អាយុ ៥៥ឆ្នាំ រស់នៅភូមិបត់គគីថ្មី បាននិយាយថា ការស្តាប់វិទ្យុឯករាជអាចធ្វើគាត់បានយល់ដឹងបានច្រើន អំពីបញ្ហានៅក្នុងប្រទេសជាតិ ពិសេស រឿងសេដ្ឋកិច្ចទីផ្សារ អាកាសធាតុ និងស្ថានភាពនយោយបាយដែលកំពុងឡើងកម្តៅនាពេលបច្ចុប្បន្ន។

អ្នកស្រីបានបញ្ជាក់ថា «យើងចង់ដឹងព័ត៌មានពីនេះពីនោះអីចឹងដែរទៅ ចង់ដឹងដែរចង់លឺដែរ ព្រោះមានរ៉ាត់យ៉ូហើយទិ​ញយកហើយយកស្តាប់ទៅ គ្រប់តែប៉ុស្តិ៍ចឹងទៅ ប៉ុស្តិ៍នេះផ្សាយស្តាប់ទៅ ប៉ុស្តិ៍នោះផ្សាយស្តាប់ទៅ»

អ្នកស្រី ទុយ វឿន បានស្នើទៅរដ្ឋាភិបាល ឲ្យបើកស្ថានីយវិទ្យុទាំងនោះឡើងវិញ បន្ទាប់ក្រសួងព័ត៌មានបានបឹទកាលពីពេលថ្មីនេះ។

ពលរដ្ឋម្នាក់ទៀតលោក សុខ សេម អាយុ ៣១ឆ្នាំ រស់នៅឃុំអូរតាប៉ោង បាននិយាយសម្តីរដឺនថា ការបឹទវិទ្យុឯករាជនៅពេលនេះ ធ្វើឲ្យគាត់ជួបបញ្ហាមួយចំនួន ដូចជា​ ប្រឈមការឆបោកពីជនខិលខូច ឈ្មួញទម្លាក់តម្លៃស្រូវតាមចិត្ត មិនដឹងអំពីអាកាសធាតុ និងបញ្ហាផ្សេងៗទៀត បន្ទាប់ពីមិនបានស្តាប់វិទ្យុ។

លោកបានបញ្ជាក់ថា «សូមណូមពរឲ្យខាងវិទ្យុ​​បើកវិទ្យុវិញមក ប្រជាពលរដ្ឋគាត់ចង់ស្តាប់ច្រើន ទាំងអស់និងចង់ស្តាប់ព័ត៌មានក្នុងប្រទេសជាតិយើង ប្រទេសក្រៅជំវិញទាំងអស់និងកុំឲ្យវាស្ងាត់ដល់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋខាងឃុំមិនហៅទៅប្រជុំនោះទេ ខាងស្រុកក៏គេមិនហៅទៅដែរ»

លោក​ សុខ សេម បានបន្ថែមទៀតថា គាត់បានចំណាយថវិកាដែលសល់ពីការទិញម្ហូបប្រចាំថ្ងៃបន្តិចបន្តួច យកទៅទិញកាតបញ្ចូលក្នុងទូរស័ព្ទដៃ សម្រាប់ប្រើប្រាស់អិនធើណែត ដើម្បីស្តាប់ព័ត៌មានតាមបណ្តាញសង្គម ប៉ុន្តែលោកថា មិនងាយស្រួលដូចស្តាប់វិទ្យុនោះទេ។

អ្នកស្រី ថាប់ តុលា អាយុ ៣៣ឆ្នាំ​​ រស់ក្នុងស្រុកបាកាន បានឲ្យដឹងថា ការស្តាប់ព័ត៌មានតាមវិទ្យុឯករាជ គឺមានសារៈសំខាន់ណាស់សម្រាប់គាត់ ព្រោះអាចដឹងអំពីព្រិត្តិការណ៍ផ្សេងៗដែលបានកើតឡើង ពិសេស បញ្ហាគ្រោះរាំងស្ងួត ឬក៏គ្រោះទឹកជំនន់ នាពេលខាងមុខ ដើម្បីបង្ការផលប៉ះពាល់ ដែលធ្វើឲ្យខាតបង់ដល់ប្រាក់ចំណូលប្រចាំថ្ងៃ។

អ្នកស្រីបានបញ្ជាក់ថា «បើគេមានតាមរ៉ាត់យ៉ូយើងស្តាប់ទៅ យើងដឹងពីនេះពីនោះច្រើនដែរ យើង​មិនបានស្តាប់ទៅ យើងវា​ម៉េចដឹង​​ពីហេតុការណ៍ចេះចុះអីខ្លះ យើងបានស្តាប់វាដឹងខ្លះដែរទៅ បើយើងដឹងអានេះមួយមុខនេះថាល្អទៅ គេរិះគន់ទៅល្អ គេរិះគន់ទៅអត់ល្អ យើងបានស្តាប់ទៅយើងដឹងដែរ»

អ្នកស្រី ថាប់ តុលា បានបន្ថែមទៀតថា ការស្តាប់ព័ត៌មានតាមវិទ្យុឯករាជ ធ្វើឲ្យអ្នកស្រីទទួលបានចំណេះដឹងយ៉ាងច្រើន ពិសេស តម្លៃនៅលើទីផ្សារ សម្រាប់លក់កសិផលដែលគាត់ផលិតបាន។​

អាជីវករដែលរស់នៅក្នុងក្រុងពោធិ៍សាត់ លោក ជូ ចិត្រា អាយុ​ ៣១ឆ្នាំ ព័ត៌មានដែលផ្សព្វផ្សាយវិទ្យុឯករាជ ដូចជា អាស៊ីសេរី VOA VOD និងវិទ្យុមួយចំនួនទៀត គឺជាព័ត៌មានពិត មិនលម្អៀងនោះទេ។

លោកបញ្ជាក់ថា «ខ្ញុំគិតថាព័ត៌មានឯករាជ គីជាព័ត៌មានសកលមួយដែលយើងទទួលស្គាល់ទូទាំងប្រទេស ​​ហើយចឹងព័ត៌មាននិងគឺជាព័ត៌មានដែលពិតប្រាកដមិនមានព័ត៌មានក្លែងក្លាយមកទេ ចឹងខ្ញុំចូលចិត្តស្តាប់ព័ត៌មានដែលឯករាជ ខ្ញុំអត់ចូលចិត្តស្តាប់ព័ត៌មានដែលមិនឯករាជទេ​ ចឹងបានខ្ញុំទទួលស្គាល់ថាព័ត៌មានវិទ្យុមួយចំនួនដែលមកពីក្រៅ ​ឬជាព័ត៌មានវិទ្យុឯករាជគឺភាគច្រើនគឺជាព័ត៌មានពិតមិនមានការក្លែងបន្លំព័ត៌មានទេ»​

លោក ជូ ចិត្រា បានបន្ថែមទៀតថា ទោះបីជាក្រសួងព័ត៌មាន បឹទប្រព័ន្ធផ្សព្វផ្សាយឯករាជទាំងនោះ ក៏លោកនៅតែបន្តតាមដានស្តាប់ និងតាមរយះបណ្តាញសង្គម ដូចជា ហ្វេសប៊ុក គេហទំព័រ ឬតាមវេបសាយជាដើម ទោះជាត្រូវចំណាយថវិកាខ្លះសម្រាប់ប្រើប្រាស់លើអិនធើណែតក៏ដោយ ព្រោះលោកចង់ដឹងអំពីសេដ្ឋកិច្ចទីផ្សារ និងបញ្ហាសង្គមមួយចំនួន សម្រាប់មុខជំនួញរបស់លោក។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក​ ម៉ាប់ ស៊ុយ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។