អ្នកសារព័ត៌មានបរទេសពីរនាក់ប្រឈមជាប់ពន្ធនាគាររយៈពេល២ខែ ដោយសារតែពួកគេបង្ហោះយន្តហោះគ្មានមនុស្សបើកដើម្បីយកព័ត៌មាន(Drone) នៅក្បែរវិមានរដ្ឋសភារបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់មកត្រូវសមត្ថកិច្ចចាប់ខ្លួន។
អ្នកសារព័ត៌មានបរទេសទាំងពីរនាក់នោះគឺម្នាក់ឈ្មោះ Lu Hon ជាអ្នកថតរូបជនជាតិសិង្ហបុរី និង ម្នាក់ទៀតឈ្មោះ Mok Choy Lin ជាអ្នកសរសេរអត្តបទព័ត៌មានមកពីប្រទេសម៉ាឡេស៊ី ត្រូវបានសមត្ថកិច្ចឃុំខ្លួន ពេលថតរូបធ្វើភាពយន្តឯកសារមួយសម្រាប់ទូរទស្សន៍ តួកគី។នេះ បើតាមសារព័ត៌មានBBC។
ទន្ទឹមនឹងការចាប់ខ្លួនអ្នកសារព័ត៌មានបរទេសនេះ ជនជាតិមីយ៉ាន់ម៉ាពីរនាក់គឺម្នាក់ជាអ្នកបើកបរ និង ម្នាក់ទៀតជា អ្នកបកប្រែភាសាក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនដូចគ្នានេះដែរ។
បច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសមីយ៉ាន់ម៉ា និង ប្រទេសតួកគីមានភាពតានតឹងដោយសារតែកន្លងទៅនេះ ប្រធានាធិបតីតួកគីធ្លាប់រិះគន់ប្រទេសមីយ៉ាន់ម៉ាករណីវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ធ្លាប់ចោទ អាជ្ញាធរមីយ៉ាន់ម៉ាថា កំពុងតែធ្វើបទឧក្រិដ្ឋប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
បុរសអ្នកព័ត៌មានទាំងនេះដំបូងឡើយការស៊ើបអង្កេតផ្តោតលើការយកទំនិញឆ្លងប្រទេសដែលមិនមានច្បាប់អនុញ្ញាតដែលអាចប្រឈមមុខជាប់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែក្រោយមកទើបមានការស៊ើបផ្តោតលើបទល្មើសប្រឆាំងសន្តិសុខលំហអាកាស ដែលអាចប្រឈមមុខជាប់ពន្ធនគារចំនួន៣ខែ។