ភាពយន្តនិយាយពីរបបខ្មែរក្រហមរបស់ចូលី គ្រោងបញ្ជាំងដំបូងនៅកម្ពុជាខែក្រោយ

Photographed by Pax Thien Jolie Pitt/Netflix

ខ្សែភាពយន្តហូលីវូដ «មុនពេលដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father» ដែលដឹកនាំសម្តែងដោយលោក​​​ស្រី ​អ៊ែនជេលីណា ចូលី គ្រោងនឹងដាក់បញ្ជាំងដំបូងបង្អស់នៅកម្ពុជាខែក្រោយ។ នេះបើតាមការសរសេរនៅលើទំព័រហ្វេសប៊ុកឈ្មោះ Agelina Jolie/Angie ។

បើតាមទំព័រហ្វេសប៊ុកដដែល ខ្សែភាពយន្ត «មុនពេលដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ» នឹងត្រូវដាក់បញ្ជាំងនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៧ ក្នុងទឹកដីខេត្តសៀមរាប ដែលជាទីកន្លែងមួយនៃការថតរឿងនេះ ហើយទស្សនិកជន ក៏នឹងអាចទស្សនារឿងនេះបានតាមរយៈការបង្ហោះនៅលើអនឡាយរបស់ក្រុមហ៊ុន Netflix នៅខែកញ្ញាឆ្នាំ២០១៧ខាងមុខ។

ការចុះផ្សាយរបស់សារព័ត៌អង់គ្លេសដឹហ្គាឌ៊ានកាលពីម្សិលមិញ សរសេរថា ខ្សែភាពយន្ត «មុនពេលដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ» នេះក៏នឹងត្រូវចាក់បញ្ជាំងជុំវិញប្រទេសកម្ពុជា គឺរយៈពេល៧ខែ មុនពេលចេញផ្សាយនៅសហរដ្ឋអាមេរិក។

ភាពយន្ត «មុនពេលដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father» ដែលនិពន្ធដោយលោកស្រី លឿង អ៊ឹង និយាយ​ពីប្រវត្តិពិតនៃ​ការ​ចង​ចាំ​របស់​កុមារី​ម្នាក់​នៅក្នុងសម័យខ្មែរក្រហម ​ហើយរឿង​នេះដែរ ត្រូវ​បាន​លោក​​​ស្រី ​អ៊ែនជេលីណា ចូលី ជ្រើសរើសនិងប្រកាស​សហផលិតជាមួយផលិតកម្មក្នុងស្រុកមួយតាំងពីដើម​ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ